សាល់វ៉ាដ័រៈ លទ្ធផល​ប្រកួត​រវាង​ប្រទេស​ ប្រេស៊ីល​ និង​ប្រទេស ​វ៉េណេស៊ុយអេឡា ​ស្មើ​គ្នា ០-០ នៅ​ព្រឹត្តិការណ៍ Copa America កាលពី​ថ្ងៃ​អង្គារ​ក្រោយពី​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល (VAR) មិន​បាន​ផ្ដល់​គ្រាប់​បាល់​ចុងក្រោយ​ដែល​ស៊ុត​ដោយ​កីឡាករ Philippe Coutinho នៅ​ប៉ុន្មាន​នាទី​ចុងក្រោយ​នៃ​ការប្រកួត​នេះ​។

ក្នុង​ការប្រកួត​នេះ​ប្រេស៊ីល​ស៊ុត​បញ្ចូល​ទី​ ៣ ​លើក​ដែល​លើក​ទី​១ ​នៅ​ចុង​តង់​ទី​១ ហើយ​ ១ ​លើក​ទៀត​នៅ​ដើម​តង់​ទី​២ និង​លើក​ចុងក្រោយ​គឺ​នៅ​ចុង​តង់​ទី​២ ​ដែល​ស៊ុត​ដោយ​កីឡាករ Coutinho ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាកណ្ដាល​មិន​ផ្ដល់​គ្រាប់​បាល់​ឲ្យ​ទាំងអស់ ធ្វើឲ្យ​ការប្រកួត​មួយ​នេះ​បញ្ចប់​ទៅក្នុង​លទ្ធផល ០-០​។

គ្រាប់​បាល់​ចូល​ទី​ចុងក្រោយ​នៅ​នាទី​ទី​៨៧ ​នោះ​បាន​ធ្វើឲ្យ​កីឡាករ Coutinho គិតថា​គាត់​បាន​ជួយ​ឲ្យ​ប្រេស៊ីល​ឡើង​ទៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ នៅពេល​គាត់​បាន​ស៊ុត​បាល់​ចូល​ទី​ក្រោយពី​ទទួល​បាល់​ពី​កីឡាករ Everton Soares នៅ​ទីលាន​ប្រកួត Arena Fonte Nova នៅ​ទីក្រុង​សាល់វ៉ាដ័រ​ប្រទេស​ប្រេស៊ីល​។

ប៉ុន្តែ​អាជ្ញាកណ្ដាល​សញ្ជាតិ​ស៊ីលី​លោក Julio Bascunan មិន​បាន​ផ្ដល់​គ្រាប់​បាល់​ឲ្យ​ប្រេស៊ីល​ទេ​ក្រោយពី​ទទួល​បាន​ការជំនួយ​ពី​វីដេអូ VAR ដោយសារ​មាន​ការប៉ះពាល់​ពី​ខ្សែប្រយុទ្ធ Roberto Firmino ទោះ​ជា​គេ​មិន​ទាន់​ច្បាស់​ថា តើ Firmino ស្ថិត​នៅ​តំបន់ offside ឬ​យ៉ាងណា​ទេ ខណៈ​បាល់​បាន​ហោះ​កាត់មុខ​គាត់​ហើយ​ចូល​ទី​។

ទោះ​ជា​ស្មើគ្នា​ក៏ដោយ ប៉ុន្តែ​ប្រេស៊ីល​នៅតែ​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង​នៅ​ពូល A ដដែល​ដោយ​មាន​ ៤ ​ពិន្ទុ និង​ ២ ​ប្រកួត​គឺ​នៅ​សល់​ ១ ​ប្រកួត​ទៀត​។

ចំណែក​វ៉េណេស៊ុយអេឡា​វិញ​គឺ​មាន​ ២ ​ពិន្ទុ និង​ ២ ​ប្រកួត ហើយ​ប្រទេស​នេះ​នឹង​ប៉ះ​បូលីវី ដែល​ចាញ់​ទាំង​ ២ ​លើក ខណៈ​ការប្រកួត​ចុងក្រោយ​របស់​បូលីវី​គឺ​ចាញ់​ប៉េរូ ៣-១ ពី​ថ្ងៃ​អង្គារ​។

ជុំវិញ​លទ្ធផល​នេះ​គ្រូបង្វឹក​ជម្រើស​ប្រេស៊ីល​លោក Tite មិន​មាន​ចម្ងល់​ទេ​ចំពោះ​ការសម្រេច​របស់​អាជ្ញាកណ្ដាល​ក្រោម​ជំនួយ​វីដេអូ VAR ទាំង​ ២ ​លើក​នេះ​។

គ្រូបង្វឹក​រូបនេះ​បាន​និយាយ​ថា​៖ «​ពួកគេ​បាន​វិនិច្ឆ័យ​ត្រឹមត្រូវ​ចំពោះ​គ្រាប់​បាល់​ទាំង​ ២ ​គ្រាប់​ចុងក្រោយ​នេះ​ ព្រោះ​វីដេអូ VAR គឺ​ត្រឹមត្រូវ​ហើយ ហើយ​ខ្ញុំ​ពិតជា​គ្មាន​អ្វី​ត្រូវ​តវ៉ា​ទេ​ព្រោះ​យើង​ទទួល​បាន​យុត្តិធម៌​ហើយ​»​។

ចំណែក​គ្រូបង្វឹក​ជម្រើស​ជាតិ​វ៉េណេស៊ុយអេឡា​លោក Rafael Dudamel វិញ​បាន​សរសើរ​ទម្រង់​លេង​សឹង​តែ​ល្អ​បំផុត​របស់​ក្រុម​គាត់​។

លោក Dudamel និយាយ​ថា​៖ «​ថ្ងៃ​នេះ​គឺ​សំខាន់​ណាស់ ប៉ុន្តែ​លទ្ធផល​នេះ​នឹង​គ្មាន​ន័យ​ទេ ប្រសិន​បើ​យើង​មិន​ទទួល​បាន​ពិន្ទុ​បន្ថែម​ទៀត​នៅក្នុង​ពូល​នេះ​»​។

ប្រទេស​ ប្រេស៊ីល ​ដែល​បាន​ខិតខំ​យក​ឈ្នះ​ប្រទេស​បូលីវី​នៅពេល​ប្រកួត​បើកឆាក​របស់​ពួកគេ​នោះ​ជាថ្មី​ម្ដង​ទៀត​ពួកគេ​ចង់​ទទួល​បាន​លទ្ធផល​បែប​នោះ​នៅពេល​ប៉ះ​ជាមួយ​គូប្រកួត​ដែល​បាន​រៀបចំ​ជើង​ប្រួល​បាន​ល្អ​នេះ​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ថា​៖ «​យើង​មិន​បាន​អ្វីដែល​យើង​កំពុងតែ​ស្វះ​ស្វែងរក​នោះទេ​។ ក្រុម​នេះ​ដូចជា​អន្ទះសា​បន្តិច​នៅក្នុង​ចំណុច​នោះ​។ យើង​ត្រូវតែ​ពង្រឹង​សមត្ថភាព​របស់​យើង​គឺ​យើង​ត្រូវ​រូតរះ​ថែម​ទៀត​គឺ​មិន​ត្រូវ​ពឹង​តែ​ទៅលើ​អ្នក​ចាំទី​តែ​ម្នាក់ឯង​នោះ​ទេ​»​។

ក្នុង​ការប្រកួត​លើក​ក្រោយ​គឺ​ប្រេស៊ីល​នឹង​ប៉ះ​ជាមួយ​ប៉េរូ ខណៈ​វ៉េណេស៊ុយអេឡា​នឹង​ប៉ះ​ជាមួយ​បូលីវី​នៅ​ថ្ងៃទី​ ២៣ ខែ​មិថុនា​នៅ​សប្ដាហ៍​ក្រោយ​៕ SN