ភ្នំពេញ: សប្តាហ៍​ទី ៧ ជុំ​ទី ៣ នៃ​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ខ្សែក្រវាត់ Barrley Black ទម្ងន់ ៦៣,៥ គីឡូក្រាម នា​ថ្ងៃ​អាទិត្យ ទី ២៥ ខែ​មីនា ឆ្នាំ ២០១៨ នៃ​សង្វៀន​អាស៊ី​អាគ្នេយ៍ ហាក់​ផ្តល់​នូវ​ការ​ងាយ​ស្រួល​ក្នុងការ​ព្យាករ​ទុក​ជា​មុន។

បើ​តាម​លទ្ធផល និង​កម្រិត​វិជ្ជា​គុន ផាន់ គ្រាន់ ដែល​ត្រៀម​ប៉ះ​ជាមួយ​កីឡាករ​ថៃ Den Phichhit ត្រូវ​បាន​គេ​រំពឹង​ថា កីឡាករ​កម្ពុជា​រូបនេះ​អាច​ឈ្នះ​យ៉ាង​ងាយ និង​គ្មាន​ឧបសគ្គ​នោះ​ឡើយ ប៉ុន្តែ​សម្រាប់​កីឡាករ​មាស ច័ន្ទមាន មក​ពី​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ ត្រូវ​បាន​គេ​រំពឹង​ទុក​ថា មាន​ភាគរយ​តិច​បំផុត​ដែល​អាច​មាន​លទ្ធភាព​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ Loom Leng នោះ។

យោង​ប្រវត្តិ​ប្រកួត​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួលបាន​ពី​គណៈកម្មការ​រៀបចំ​ប្រកួត កីឡាករ​ផាន់ គ្រាន់ មាន​បទ​ពិសោធ​ប្រកួត​ច្រើន​ជាង​កីឡាករ​ថៃ Den Phichhit ចំនួន ២៥ លើក​ឯ​ណោះ ប៉ុន្តែ​កម្ពស់​របស់​ផាន់ គ្រាន់ ទាប​ជាង​បន្តិច។ ផាន់ គ្រាន់ មាន​ស្ថិតិ​ប្រកួត​បាន​ចំនួន ១១០ លើក ឈ្នះ ៩១ លើក ចាញ់ ១៦ លើក ស្មើ ៣ លើក និង​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់ និង​ពាន​ផង​ដែរ។ ចំណែក​កីឡាករ​ថៃ Den Phichhit មាន​ស្ថិតិ​ប្រកួត​បាន​ចំនួន ៨៥ លើក ឈ្នះ ៧០ លើក ចាញ់ ១៤ និង​លើក​ស្មើ ១ លើក។

បើ​និយាយ​ពី​ការប្រកួត​ក្នុងអំឡុង​ខ្សែក្រវាត់ Barrley Black នេះ ផាន់ គ្រាន់ ឈ្នះ​ទាំង ២ ប្រកួត​មាន ៦ ពិន្ទុ ក្រោយ​ពី​ឈ្នះ​ជើង​ខ្លាំង Kolap Dam និង Louk Ton ខណៈ​ដែល Den Phichhit ឈ្នះ ១ និង​ចាញ់ ១ ប្រកួត មាន ៤ ពិន្ទុ តាមរយៈ​ការ​ឈ្នះ​ឌុម កែវដា និង​ចាញ់ វ៉េង សុភ័ក្ត្រ។ បើ​យោង​ទៅ​តាម​លទ្ធផល​ប្រកួត​កន្លង​មក​នេះ ផាន់ គ្រាន់ មាន​ឱកាស​ច្រើន​ឡើង​ទៅ​កក់​កៅអី​ផ្តាច់​ព្រ័ត្រ​ស្រេច​ទៅ​ហើយ ដោយសារ​មិត្ត​រួម​ពូល​ចំនួន ៣ នាក់​ទៀត​សុទ្ធ​តែ​មាន​ពិន្ទុ​តិច​ជាង និង​គ្មាន​ឱកាស​បាន​ឡើង​ឡើយ។

លោក​ណន រិ​ទ្ធ គ្រូបង្វឹក ផាន់ គ្រាន់ បាន​និយាយថា៖ «ផាន់ គ្រាន់ ហ្វឹកហាត់​បានល្អ មិន​អាច​ធ្វេស​ប្រហែស​នាំ​ឲ្យ​ចាញ់​បាន​នោះ​ទេ។ រូបគេ​ត្រូវ​យក​ជ័យជម្នះ និង​ដណ្តើម​យក ៣ ពិន្ទុ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រជែង​យក​ទឹក​ប្រាក់​ចំនួន ៥០០០ ដុល្លារ»។

លោក​បនុ្ត​ថា៖ «កីឡាករ​ថៃ Dem Den Phichhit យើង​មិនអាច​មើល​ស្រាល​បាន​ទេ។ គេ​ពូកែ​គេច និង​លំបាក​ប្រកួត។ យើង​កុំ​ថា ស៊ី​គេ​ផុយ​ឲ្យ​សោះ​វា​ជា​ឧបសគ្គ​មួយ​ផង​ដែរ​មុន​នឹង​យើង​យក​ជ័យ​ជម្នះ​បាន​នោះ»។

លោក​ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​ថៃ បាន​និយាយ​ឲ្យ​ដឹងថា៖ «តាម​យើង​ដឹង​គឺ​ភាគរយ​ឈ្នះ​របស់​ផាន់ គ្រាន់ ខ្ពស់​ជាង ប៉ុន្តែ​ការ​ប្រកួត​គ្នា វា​ជា​រឿង​ជាក់​ស្តែង វា​នឹង​កើត​ឡើង​យ៉ាង​ណា​ដែល​យើង​មិន​អាច​ទាយ​ត្រូវ ១០០ ភាគរយ​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​មាន​សង្ឃឹម​តិច​បំផុត​ដែល Den Phichhit អាច​ទប់ទល់​បាន​ចំនួន ៥ ទឹក ឬ​យក​ឈ្នះ​ផាន់ គ្រាន់ បាន​នោះ»។

គូ​ខ្សែក្រវាត់​មួយគូ​ទៀត Loom Leng ធ្លាប់​ឈ្នះ​មាស ច័ន្ទ​មាន ដោយ​ពិន្ទុ និង​ផ្តួល​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី ៤ ហើយ​កីឡាករ​ថៃ​រូប​នេះ ក៏​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ពី​សង្វៀន​អាស៊ីអាគ្នេយ៍​នេះ ផងដែរ។

បើ​និយាយ​ពី​សមត្ថភាព កម្លាំង ព្រមទាំង​ស្មារតី​ប្រកួត និង​កម្ពស់​វិញ Loom Leng មាន​ប្រៀប​លើ​មាស ច័ន្ទ​មាន ច្រើន​ផ្នែក។ អំឡុង​ខ្សែក្រវាត់​នេះ Loom Leng ឈ្នះ​ទាំង ២ ប្រកួត​មាន ៦ ពិន្ទុ ក្រោយ​ពី​ឈ្នះ​វ៉េង សុភ័ក្ត្រ និង​ឌុម កែវដា។ មាស ច័ន្ទមាន ឈ្នះ ១ និង​ចាញ់ ១ មាន ៤ ពិន្ទុ៕