ភ្នំពេញ៖ កីឡាករ​កម្ពុជា ផាន់​ គ្រាន់​ មក​ពី​ក្លិប​មិត្ត​ប៉ូលិស​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ ​ដែល​ត្រៀម​ខ្លួន​ហ្វឹកហាត់​បាន​ល្អ ​ប៉ុន្តែ​នៅ​តែ​មិន​អាច​គេច​ផុត​ពី​ការ​ចាញ់​ដោយ​សន្លប់​​បាន ខណៈ​រូប​គេ​បាន​ទទួល​រង​ការ​បុក​ជង្គង់​ចូល​ធ្ងន់ៗ​របស់​អ្នក​ប្រដាល់​ថៃ ​Kieth Phit ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ​នៅ​​សង្វៀន​អាស៊ី​អាគ្នេយ៍​កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

ជាមួយ​គ្នា​នេះ កីឡាករ​មក​ពី​ជាយ​ដែន ឃីម​ បូរ៉ា​ ​របស់​​ក្លិប​រស្មី​ភូមិ​គាប​ខេត្ដ​បន្ទាយមានជ័យ​ បាន​តស៊ូ​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ​ Phat Pha Ngarm ​ចំនួន ​៥ ទឹក​ពេញ ​ទទួល​បាន​លទ្ធផល​ត្រឹម​ស្មើ​គ្នា​ ខណៈ​​ដែល​កីឡាករ​ថៃ​ល្អ​ជើង​ ឯ បូរ៉ា​ វ៉ៃ​កណ្តាប់​ដៃ​បក​បាន​ល្អ​វិញ​ផង​ដែរ​។​

នៅ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្តើម គឺ​ទាំង​កីឡាករ ​ផាន់ ​គ្រាន់​ និង ​ឃីម​ បូរ៉ា​ ត្រូវ​បាន​អ្នក​និយម​ទស្សនា​ភាគ​ច្រើន​លើស​លប់​​ហ៊ាន​ព្យាករ​ថា​ កីឡាករ​កម្ពុជា​ទាំង ​២ ​នេះ ​ពិត​ជា​លំបាក​ស្វែងរក​ជ័យជម្នះ​ណាស់​ ​ព្រោះ​បេក្ខភាព​របស់​កីឡាករ​ថៃ​ ​សុទ្ធ​តែ​ជា​កីឡាករ​លំដាប់​ជើង​ខ្លាំង​មាន​បទពិសោធ​​ល្អ​គួរ​ឲ្យ​កត់​សម្គាល់​ ហើយ​ជាក់​ស្តែង ផាន់ គ្រាន់ ​ត្រូវ​បាន​​ Kieth Phit បុក​ជង្គង់​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ​២។

ផាន់ ​គ្រាន់ ​និយាយ​ក្រោយ​ពី​ចាញ់​ដោយ​សន្លប់​ថា​៖ ​«វាពិត​ជា​មាន​ការ​លំបាក​ទប់ទល់​ណាស់​ ​ព្រោះ​ខ្ញុំ​លំបាក​​ចូល​កៀក ​ដោយសារ​ក្បាច់​ប្រកួត​របស់​កីឡាករ​ថៃ ​​Kieth Phit ​នេះ​មាន​ស្នៀត​ការពារ​ល្អ ​បោះ​ជង្គង់​ចូល​គោល​ដៅ​ល្អ​ គឺ​ទ្រូង​ និង​ពោះ​ បណ្តាល​​ឲ្យ​ខ្ញុំ​ថមថយ​កម្លាំង​ភ្លាមៗ​ហើយ​មូលហេតុ​ដែល​ខ្ញុំ​ចាញ់​ គឺ​ដោយសារ​មិន​អាច​ចូល​ជិត ​ដើម្បី​ឱប​​ឡើង​ជង្គង់​បាន ​ចំណែក​វ៉ៃ​ឆ្ងាយ​វិញ ​គេ​ខ្ពស់​ជាង​ខ្ញុំ ​គឺ​វ៉ៃ​មិន​ទាន់​គេ​»។​

ទៅ​បីជា​យ៉ាង​ណា ផាន់ គ្រាន់ បាន​បញ្ជាក់​ថា៖ ​​«​ខ្ញុំ​មិន​បោះបង់​ចោល​ការ​ព្យាយាម​ហ្វឹកហាត់​នោះ​ទេ​ ​ព្រោះ​ការ​វិល​មក​ហ្វឹកហាត់​បំប៉ន​ឡើង​វិញ​នេះ​ ខ្ញុំ​មាន​ទីផ្សារ​ប្រកួត​ច្រើន​ ដោយសារ​ខ្ញុំ​វ៉ៃ​អស់​ពី​សមត្ថភាព ​ប៉ុន្តែ​បញ្ហា​ចាញ់ ​ឬ​ឈ្នះ​ ជា​រឿង​ធម្មតា​ ដែល​យើង​គេច​មិន​ផុត​នោះ​ឡើយ​។​ខ្ញុំ​ចង់​ឡើង​ប្រកួត​សងសឹក​ម្តង​ទៀត ​ដើម្បី​ប្តូរ​យុទ្ធសាស្ត្រ​យក​ឈ្នះ​ឲ្យ​បាន​»​។​

ចំណែក​កីឡាករ​ ឃីម​ បូរ៉ា ​ដែល​ប្រកួត​តស៊ូ​បាន​ចំនួន ​៥ ​ទឹក​ពេញ​នោះ ​ក៏​អាច​ចាត់​ទុក​ថា ​ធ្វើ​បាន​ល្អ ​ខណៈ​ក្នុង​ទម្ងន់ ​៥៧ ​ឬ ​៦០ ​គីឡូក្រាម​នេះ ​កីឡាករ​កម្ពុជា​ច្រើន​ណាស់ ​ដែល​បាន​​ចាញ់​ក្រោម​ស្នៀត​ទាត់ ​និង​ជង្គង់​របស់​​ថៃ​ Phat Pha Ngarm ​រូប​នេះ​។​

ក្នុង​ការ​ប្រកួត ​៣ ​ទឹក​ដំបូង​ Phat Pha Ngarm ​វាយ​ប្រហារ​ជើង​ក្រោម ​ចូល​គោលដៅ​ល្អ ​និង​មាន​ប្រៀប​លើ​ ​បូរ៉ា បន្តិច​ ប៉ុន្តែ​ឈាន​ចូល​ដល់​ទឹក​ទី ​៤ ​និង​ទី ​៥​ ​ឃីម​ បូរ៉ា បាន​​ប្តូរ​យុទ្ធសាស្ត្រ​ ពី​ស្នៀត​ទាត់​ ដែល​មិន​សូវ​ទទួល​បាន​ផល​ល្អ​ ទៅ​ជា​វាយ​បក​តាម​ក្បាច់​កណ្តាប់​ដៃ​វិញ​។​

ឃីម​ បូរ៉ា ​វាយ​បក​ផង ​និង​មាន​ក្បាច់​ការពារ​គេច​ចេញ​ពី​ការ​ទាត់​ជើង​ក្រោម​បាន​ល្អ ​ហើយ​វាយ​បក​វិញ​ ដោយ​កណ្តាប់​ដៃ​ចូល​គោលដៅ​បាន​យ៉ាង​ល្អ​ ធ្វើ​ឲ្យ​ពិន្ទុ​របស់​គេ​ ទទួល​បាន​មក​វិញ​។ ​លទ្ធផល​ចប់​ការ​ប្រកួត​ចំនួន ​៥ ​ទឹក​ពេញ​ពិន្ទុ​ពី​សំណាក់​ចៅក្រម​ទាំង ​៥ បាន​​ផ្តល់​ជូន​ប្រផិត​ប្រផើយ ​៣ ​ទល់​នឹង ​២ ​ប៉ុន្តែ​​លទ្ធផល​ផ្លូវ​ការ​ ត្រូវ​ទាញ​ឲ្យ​ស្មើ​គ្នា ​ដោយ​គ្មាន​ការ​តវ៉ា​ពី​ភាគី​ណា​ឡើយ​។​

លោក ​ចាន់ ​សុទ្ធ ​ប្រធាន​វិនិច្ឆ័យ​ប្រចាំ​សង្វៀន ​SEATV​ ​បាន​ប្រាប់​​ថា៖ ​«​យើង​ទាញ​ឲ្យ​ស្មើ​គ្នា​ ដោយសារ​តែ​ពិន្ទុ​​ប្រហាក់​ប្រហែល​គ្នា ចំណែក​​ការ-​​​ប្រកួត​នេះ គ្រាន់​តែ​ជា​​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ប៉ុណ្ណោះ​ ហើយ​ការ​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​កីឡាករ ​ឃីម​ បូរ៉ា ​​គេ​មាន​ទឹក​ចិត្ត​ផង​ដែរ»​៕​​