ភ្នំពេញ៖ សមាជិកក្រុម Ultras Cambodia និង Angkor Army ដែលជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ក្រុមជម្រើសជាតិកម្ពុជានោះ បានកើតទុក្ខ មិនសុខចិត្តទៅលើទង្វើរបស់កម្លាំងសន្តិសុខ ដែលបានរុះរើនូវបដាគាំទ្ររបស់ពួកគេចំពោះក្រុមកម្ពុជា នៅមុនពេលក្រុមម្ចាស់ផ្ទះមួយនេះ បានចាញ់ក្រុមអ៊ីរ៉ាក់ ៤-០ ក្នុងវគ្គជម្រុះជុំទី ២ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអង្គារ។
ក្រោយហេតុការណ៍នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញសេចក្តីស្រាយបំភ្លឺមួយ ដោយបានលើកឡើងថា៖ «ក្រោមការដឹកនាំពីស្នងការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) មិនអនុញ្ញាតឲ្យមានបដាផ្សេងៗ ចៀសវាងករណីនយោបាយ ដោយក្នុងនោះរាល់បដាទាំងអស់នឹងត្រូវកំណត់រុះរើទំាងអស់ រួមមានបដារបស់ក្រុមដែលប្រើប្រាស់ភាសាចិន ក្រុម Ultras Cambodia និងក្រុម Angkor Army»។
សេចក្តីស្រាយបំភ្លឺដដែលនេះ បានបន្ថែមថា ដោយបានដឹងពីករណីខាងលើនេះ មន្រ្តីរបស់ FFC បានទៅពន្យល់ពីខ្លឹមសារ នៅក្នុងបដារបស់ក្រុមអ្នកគាំទ្រ ទៅកាន់ស្នងការប្រកួត ដែលមកពី FIFA ហើយស្នងការប្រកួតក៏អនុញ្ញាតឲ្យប្រើប្រាស់បដា ដែលមានខ្លឹមសារគាំទ្រក្រុម កម្ពុជាឡើងវិញ។
យ៉ាងណាក៏ដោយ ក្រុមអ្នកគាំទ្រទាំងនេះ ពិសេសសមាជិកក្រុម Ultras Cambodia នៅតែមិនស្កប់ចិត្តទទួលយកការស្រាយបំភ្លឺនេះ និងបានបន្តរិះគន់ដល់ FFC ថា មិនចេះធ្វើការងារ គឺចាំតែសុំទោស និងបកស្រាយតាមក្រោយ។ សមាជិកម្នាក់របស់ក្រុមនេះ បានចូល comment ថា៖ «អរគុណសម្រាប់ការបកស្រាយបែបនេះ! ដល់វេលាដែលត្រូវបែកគ្នាហើយ សហព័ន្ធ។ អរគុណដែលចេះតែរករឿង Ultras Cambodia រាល់ការប្រកួត ហើយតទៅនេះ យើងលែងត្រូវជាអ្វីនឹងគ្នាហើយ។ ការបកស្រាយ និងទិដ្ឋភាពផ្ទាល់ ខុសគ្នាដាច់ ៣៦០ ដឺក្រេ»។
ងាកមកចាប់អារម្មណ៍ការប្រកួតវិញ គឺក្រុមកម្ពុជាបានបង្ហាញពីឆន្ទៈប្រកួតយ៉ាងមោះមុត ប៉ុន្តែពួកគេមិនអាចទប់ស្កាត់មហិច្ឆតារកគ្រាប់បាល់របស់ក្រុមមានប្រៀបទាំងសមត្ថភាព និងកាយសម្បទា អ៊ីរ៉ាក់បាននោះទេ។ ក្រុមអ៊ីរ៉ាក់ បានយកឈ្នះកម្ពុជា ៤-០ ហើយគ្រាប់បាល់ទាំង ៤ នេះ ពួកគេធ្វើបានសម្រេច ដោយការតែតបញ្ចូលទី ៣ គ្រាប់ និង ស៊ុតចូលពីចម្ងាយដោយកីឡាករ Amjah Attwan ១ គ្រាប់ នៅនាទីទី ៥៧។
លោក Srecko Katanec គ្រូបង្វឹកក្រុមអ៊ីរ៉ាក់ ហាក់មិនសូវពេញចិត្តជាមួយការឈ្នះត្រឹម ៤-០ នេះទេ។ លោកបាននិយាយក្រោយការប្រកួតថា៖ «យើងគួរតែទាត់បាល់បញ្ចូលទីបានច្រើនជាងនេះ ព្រោះយើងបានបង្កើតឱកាសច្រើនមែនទែន។ ក្រុមកម្ពុជាមានកាយសម្បទាតូចពិតមែន ប៉ុន្តែពួកគេលេងបានយ៉ាងល្អ ហេតុនេះការលេងបាល់ខ្ពស់ និងការកាត់បាល់ចូលក្នុងតំបន់គ្រោះថ្នាក់របស់កម្ពុជា វាជាយុទ្ធសាស្រ្តលេងរបស់យើង»។
ចំណែកលោក Felix Dalmas គ្រូបង្វឹកជម្រើសជាតិកម្ពុជា បាននិយាយក្រោយការប្រកួតថា៖ «សម្រាប់ការប្រកួតនេះ យើងធ្វើបានល្អទៅតាមអ្វីដែលយើងបានគ្រោងទុក តែយើងក៏នៅមានចំណុចមួយចំនួនត្រូវពង្រឹងបន្ថែមទៀតដែរ។ យើងសូមអរគុណដល់កីឡាករទាំងអស់ ដែលបានព្យាយាមធ្វើតាមទស្សនៈ គោលការណ៍ និង យុទ្ធសាស្រ្តលេងរហូតដល់ ៩០ នាទី ទោះបីជាស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ»៕