ក្រុងកាទុម៖ ប្រជាពលរដ្ឋស៊ូដង់បានជួបជុំគ្នាក្រោយពីធ្វើពិធីបួងសួង កាលពីថ្ងៃសុក្រដើម្បីគាំទ្របព្វជិតអ៊ិស្លាមប្រកាន់តឹងមួយរូប ដែលបានរិះគន់ដល់រដ្ឋមន្រ្តីកីឡាថ្មីជាស្រ្តីនៅប្រទេសនេះ ដែលបានគាំទ្រឲ្យមានការប្រកួតលីកបាល់ទាត់នារីជាលើកដំបូងមិនធ្លាប់មានពីមុនមក។
លីកបាល់ទាត់នារីនៅក្នុងប្រទេសនេះ បានធ្វើការប្រកួតជាលើកដំបូងកាលពីថ្ងៃទី ៣០ ខែកញ្ញា ក្រោមវត្តមានរបស់រដ្ឋមន្ត្រីកីឡា គឺអ្នកស្រី Wala Essam និងមន្ត្រីទូតបរទេសមួយចំនួនទៀត។
លោកស្រី Essam បាននិយាយនៅពេលនោះថា៖ «យើងនឹងយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងចំពោះកីឡា និងបាល់ទាត់នារី»។
បព្វជិតអ៊ិស្លាម Abdel Hay Youssef បានអះអាងថា សាសនាអ៊ីស្លាមបានហាមឃាត់ស្ត្រីមិនឲ្យលេងបាល់ទាត់ ហើយបព្វជិតរូបនេះបានរិះគន់យ៉ាងខ្លាំងចំពោះអ្នកស្រី Essam ចំពោះការគាំទ្រឲ្យមានការប្រកួតបាល់ទាត់នេះ។
ទីភ្នាក់ងារ AFP បាននិយាយថា ក្រុមអ្នកគាំទ្របព្វជិត Youssef បានប្រមូលផ្ដុំគ្នានៅក្រៅព្រះវិហារមួយកន្លែងនៅខាងត្បូងទីក្រុងកាទុម ប្រទេស ស៊ូដង់ ជាទីដែលបព្វជិតរូបនេះបានប្រៀនប្រដៅពួកគេ ហើយពួកគេបាននាំគ្នាស្រែកគាំទ្ររូបគាត់។
ទីភ្នាក់ងារនេះបានបន្ថែមថា ក្រុមអ្នកគាំទ្របានស្រែកថា៖ «Abdel Hay Youssef! យើងទាំងអស់គ្នាគាំទ្រអ្នក»។
ប្រព័ន្ធផ្សព្វផ្សាយខ្លះបានរាយការណ៍ថា លោក Youssef មានការពាក់ព័ន្ធនឹងក្រុមអាល់កៃដា និងបានផ្ដល់ហិរញ្ញវត្ថុព្រមទាំងបានបណ្ដុះបណ្ដាលក្រុមយុទ្ធជននៃក្រុមរដ្ឋអ៊ិស្លាមនៅប្រទេស លីប៊ី ផងដែរ ប៉ុន្តែគាត់បានបដិសេធការចោទប្រកាន់ទាំងនេះ។
ការប្រកួតបាល់ទាត់នារីបានប្រឈមនឹងការប្រជែងគ្នាកាន់តែខ្លាំងនៅប្រទេស ស៊ូដង់ ចាប់តាំងពីប្រទេសនេះបានអនុម័តច្បាប់អ៊ិស្លាម Sharia នៅឆ្នាំ ១៩៨៣ គឺ ៦ ឆ្នាំ មុនពេលលោក Bashir បានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារដែលគាំទ្រដោយក្រុមអ៊ិស្លាមនិយមនៅប្រទេសនេះ។
លោក Bashir ត្រូវបានបណ្តេញចេញពីអំណាចដោយកងទ័ពនៅក្នុងរដ្ឋប្រហារមួយនៅថ្ងៃទី ១១ ខែមេសា ដោយមានការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងការគ្រប់គ្រងដោយប្រើកណ្ដាប់ដៃដែករយៈពេល ៣ ទសវត្សរ៍។
ការចាប់ផ្តើមនៃការប្រកួតលីកបាល់ទាត់នារីនេះ បានកើតឡើងចំពេលមានការរំពឹងទុកថា ពេលវេលានៃការផ្លាស់ប្តូរនឹងឃើញគោលនយោបាយបែបសេរីត្រូវបានអនុវត្តនៅក្នុងប្រទេស ស៊ូដង់ រួមទាំងវិធានការដើម្បីលើកកម្ពស់សេរីភាពបញ្ចេញមតិ សិទ្ធិស្ត្រី កីឡា និងសិល្បៈ។
កាលពីឆ្នាំមុន ប្រទេស អារ៉ាប៊ី សាអ៊ូឌីត បានអនុញ្ញាតឲ្យស្ត្រីចូលរួមការប្រកួតបាល់ទាត់ជាលើកដំបូងមិនធ្លាប់មាននៅក្នុងព្រះរាជាណាចក្រគ្រប់គ្រងដោយពលរដ្ឋមូស្លីមអភិរក្សមួយនេះ»។
កាលពីថ្ងៃព្រហស្បតិ៍ ស្ត្រីបានចូលរួមទស្សនាការប្រកួតបាល់ទាត់ជាលើកដំបូងប៉ុណ្ណោះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះនៅសាធារណរដ្ឋអ៊ីរ៉ង់ផងដែរ៕ AFP/SN