ភ្នំពេញៈ កីឡាករ ពុយ វណ្ណៈ របស់ក្លិបឃ្លាំងមឿងបានបង្កើនការប្តេជ្ញាចិត្ត ក្នុងការស្វែងរកឲ្យឃើញនូវជ័យជម្នះក្នុងការប្រកួតមិត្តភាពអន្តរជាតិពេលរូបគេត្រូវប៉ះថៃ Phat Numchhuok ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាមនៅលើសង្វៀន SEATV នាព្រឹកថ្ងៃអាទិត្យ ហើយ បឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ស្វាយប៉ាកក៏ត្រូវដាក់ឲ្យប្រកួតសងសឹកជាមួយ ធន់ អៀងឡៃ របស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិនៅថ្ងៃនោះផងដែរ។
ពុយ វណ្ណៈ ដែលធ្វើដំណើរមកពីខេត្តសៀមរាបមកហាត់នៅក្លិបឃ្លាំងមឿនកីឡានៅភ្នំពេញនោះ ទើបតែចាប់អាជីពប្រដាល់បានជិត ៣ ឆ្នាំទេ ដោយគេធ្លាប់ឈ្នះបានពានចំណាត់ថ្នាក់លេខ ១ របស់សង្វៀនប៉ុស្តិ៍លេខ ៥ និងចំណាត់ថ្នាក់លេខ ៣ នៅសង្វៀន CNC កន្លងមកហើយកីឡាករវ័យ ២១ ឆ្នាំ កម្ពស់ ១,៦៥ ម៉ែត្រ ពុយ វណ្ណៈ មានបទពិសោធប្រកួតបានចំនួន ៦៥ លើកឈ្នះ ៤៧ ចាញ់ ១៦ និងស្មើ ២ ដង។
ចំណែកការប្រកួតលើកនេះ ពុយ វណ្ណៈ បានអះអាងថាធានា និងប្តេជ្ញាវាយយកឈ្នះឲ្យបាន ទោះបីមិនទាន់ដឹង និងស្គាល់ពីសមត្ថភាពរបស់ Phat Numchhuok ក៏ដោយ។ វណ្ណៈ បាននិយាយថា៖ «ខ្ញុំឡើងវ៉ៃដឹងតែសម្រុកតែម្តងគឺគ្មានចេះបន្ធូរដៃ ឬលាក់កម្លាំងនោះឡើយ។ ខ្ញុំធ្លាប់វ៉ៃជាមួយកីឡាករបរទេសជាង ២០ លើកគឺចាញ់តែ ៣ លើកប៉ុណ្ណោះ ហើយលើកនេះ ខ្ញុំហាត់បានល្អ ត្រៀមកម្លាំងដើម្បីប្រកួតយកឈ្នះឲ្យបាន ដោយសង្ឃឹមឈ្នះ ១០០ ភាគរយ»។
ចំណែកដៃគូប្រកួត ពុយ វណ្ណៈ Phat Numchhuok ជាកីឡាករថៃចំណូលថ្មី ហើយតាមព័ត៌មានពីគណៈកម្មការផ្គូផ្គងប្រចាំសង្វៀន SEATV គឺលោក ញាន សុធី បានឲ្យដឹងថាកីឡាករថៃ Phat Numchhuok មានប្រវត្តិប្រកួតតិចជាង ពុយ វណ្ណៈ គឺកីឡាករមានកម្ពស់ ១,៦៩ ម៉ែត្ររូបនេះធ្លាប់ប្រកួតបាន ៥៥ ដង ឈ្នះ ៤៦ ចាញ់ ៨ និងស្មើ ១ លើក។
លោក ថៃ អ៊ូ អ្នកគ្រប់គ្រងកីឡាករថៃបានប្រាប់ថា៖ «Phat Numchhuok មានប្រៀបជាង ពុយ វណ្ណៈ ផ្នែកកម្ពស់ និងមានស្នៀតជង្គង់ល្អ ប៉ុន្តែទឹកចិត្តប្រកួត និងចូលវាយសម្រុកខ្លាំងវិញ គឺ ពុយ វណ្ណៈ ល្អជាង។ ទោះយ៉ាងណាយើងមិនអាចទស្សន៍ទាយលទ្ធផលមុនទេ ព្រោះសមត្ថភាពដែលយើងផ្គូផ្គងគឺមានប្រៀបល្អម្យ៉ាងម្នាក់ ហើយការចាញ់ឈ្នះគឺអាស្រ័យលើកម្លាំង និងបច្ចេកទេសពេលប្រកួត»។
ចំណែកគូប្រកួតសងសឹករវាង បឺត សង្ឃឹម ជាមួយ ធន់ អៀងឡៃ ទោះបីជាការប្រកួតថ្នាក់ជាតិ ប៉ុន្តែមានការទាញចាប់អារម្មណ៍ខ្លាំងបំផុតពីមជ្ឈដ្ឋានអ្នកនិយមទស្សនាប្រដាល់។ បឺត សង្ឃឹម ចាស់វស្សាជាង ធន់ អៀងឡៃ ប៉ុន្តែក្នុងជំនួបកាលពីប្រហែល ៦ ខែមុនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ប៉ុស្តិ៍លេខ ៥ បឺត សង្ឃឹម ត្រូវបាន អៀងឡៃ វាយឲ្យសន្លប់នៅចុងទឹកទី ១។
សម្រាប់ជំនួបប្រកួតលើកនេះលោក បឺត សំខាន់ ជាគ្រូបង្វឹកបាននិយាយថា៖ «បឺត សង្ឃឹម ហ្វឹកហាត់បានល្អ និងធានាយកឈ្នះឲ្យបាន ដើម្បីស្តារមុខមាត់ឡើងវិញ ព្រោះមួយរយៈនេះ បឺត សង្ឃឹម ប្រកួតធ្លាក់ចុះដោយបញ្ហាការហ្វឹកហាត់មិនសូវបានល្អ ដោយស្ថានភាពគ្រួសារលំបាក ហើយថែមទាំងមានធុរៈឪពុកឈឺស្លាប់ និងប្រពន្ធកូនខ្ចីទៀតគឺស្មុគស្មាញលំបាកមែនទែន តែឥឡូវ បឺត សង្ឃឹម ហាត់បានល្អ និងមានការលើកទឹកចិត្តបន្ថែម»។
ចំណែក បឺត សង្ឃឹម និយាយថា៖ «ខ្ញុំប្រកួតលើកនេះគឺមានទំនុកចិត្តខ្លាំងគឺចង់ឈ្នះខ្លាំងណាស់ ប៉ុន្តែយុទ្ធសាស្ត្រដើម្បីឈ្នះ ធន់ អៀងឡៃ គឺខ្ញុំមិនទាន់អាចប្រាប់បានទេ ចាំពេលប្រកួតតែម្តង»។ ប្រភពពីអ្នកគ្រប់គ្រងកម្មវិធីប្រកួតមួយរូបបានខ្សឹបប្រាប់ថា បើ បឺត សង្ឃឹម ប្រកួតឈ្នះ និងមានកម្រិតល្អដូចលើកមុនៗ រូបគេនឹងទទួលបានឱកាសប្រកួតលក្ខណអន្តរជាតិដណ្តើមទឹកប្រាក់យ៉ាងច្រើន៕