ភ្នំពេញៈ កីឡាករ​ជើង​ខ្លាំង ពេជ្រ ម្ទេសខ្មាំង បាន​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ខ្ពស់ ក្នុង​ការ​យក​ឈ្នះ​​ថៃ Khompichhith ក្នុង​ការ​ប្រកួត​សន្សំពិន្ទុ លើក​ទី​ ៣ ដណ្តើម​ខ្សែ​ក្រវាត់ គូបូតា ទម្ងន់​ ៥៧ ​គ.ក្រ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ យប់​ថ្ងៃ​សុក្រ​នេះ ខណៈ​ជើង​ខ្លាំង សុខ ធី ក៏​ត្រូវ​ប្រជែង​យក​ ៣ ​ពិន្ទុ​ជាមួយ​ឡាវ Thannu Petch ផងដែរ។

ការ​ភ្លាត់​ចាញ់​ពិន្ទុ​ឡាវ Thannu Petch ដោយ​បញ្ហា​សុខ​ភាព ក្នុងការ​ប្រកួត​បើក​ឆាក កាល​ពី​ថ្ងៃ​ទី ១២ ខែ​មករា កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ ពេជ្រ ម្ទេសខ្មាំង ​ហាក់​មាន​សម្ពាធ​ខ្លាំង សម្រាប់​ការ​ប្រកួត​លើក​នេះ បើ​ទោះ​បីជា​រូបគេ​បាន​​ម៉ាត់​ថៃ Rouenthai ឲ្យ​សន្លប់ក្នុង​ទឹក​ទី​ ១ ​ក៏​ដោយ ព្រោះ​នៅ​ពេល​នេះ សុខ ធី, ចាន់ ស៊ីណាត និង ឡុង ជិន សុទ្ធ​តែ​ឈ្នះ​​ទាំង​ ២ ​ប្រកួត​ និង​មាន​ប្រៀប​ជាង​រូប​គេ ក្នុងការ​ទទួល​បាន​ឱកាស​ទៅ​វគ្គ​បន្ត។

ជាមួយ​លទ្ធ​ផល​នេះ បាន​ធ្វើ​ឲ្យ ពេជ្រ ម្ទេសខ្មាំង ដែល​កំពុង​ឈរ​នៅ​​លេខ​ ៤ ក្នុង​ចំណោម​​បេក្ខភាព​ទាំង​ ៨ ​នាក់ ត្រូវ​​ការ​យក​ឈ្នះ Khompichhith ដាច់​ខាត សម្រាប់​ការ​ប្រកួត​លើក​នេះ​ ទើបរូប​គេ​នៅ​មាន​ឱកាស​ប្រជែង​ឡើង​ទៅ​​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដែល​គេ​តម្រូវ​យក​កីឡាករ​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន​ ៤ ​នាក់ (មិន​គិត​ពី​បរទេស​ឬ​ខ្មែរ) ដើម្បី​ឲ្យ​ប្រកួត​ខ្វែង រក​​អ្នក​ឈ្នះ​ ២ ​នាក់ ឡើង​ទៅ​​វគ្គ​ផ្តាច់​ព្រ័ត្រ។

ពេជ្រ ម្ទេសខ្មាំង បាន​ប្រាប់​ កាល​ពី​ម្សិល​មិញ ​ថា៖​ «ខ្ញុំ​ត្រូវ​​តែ​ឈ្នះ​ការ​ប្រកួត​លើក​នេះ។ ខ្ញុំ​មិន​ទាន់​ហ៊ាន​កំណត់​ថា ខ្ញុំ​អាច​ផ្តួល Khompichhith ឲ្យ​សន្លប់ ​ឬ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​រឿង​ដែល​សំខាន់ គឺ​ខ្ញុំ​ត្រូវខំ​ប្រឹង​យក​ឈ្នះ ទោះ​ក្នុង​កម្រិត​ណា ក៏​ខ្ញុំ​ពេញ​ចិត្ត​ទទួល​យក​ដែរ»។

សិស្ស​គណ​ក្លិប​អរុណរះ​កីឡា​រូប​នេះ បាន​បន្ថែម​ថា៖​« Khompichhith គេ​ល្អ​ដែរ និង​ខ្ពស់​ជាង​ខ្ញុំ។ ខ្ញុំ​ធ្លាប់​ឈ្នះ​ពិន្ទុ​គេ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ បាន​ម្តង ប៉ុន្តែ​ការ​ជួប​គ្នា​លើក​នេះ ខ្ញុំ​បាន​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ជាង​មុន ដោយសារ​នេះ​ជា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ដែល​ជា​ឱកាស​មិន​ងាយ​រក​បាន។ អ៊ីចឹង​ខ្ញុំ​ត្រូវតែ​ខំ​ប្រឹង ព្រោះ​បើ​សិន​ជា​ខ្ញុំ​ភ្លាត់​ចាញ់​តែ​មួយ​​ប្រកួត​ទៀត ខ្ញុំ​អាច​នឹង​បាត់​ឱកាស សម្រាប់​ការ​ឡើង​ទៅ​វគ្គ​បន្ត»។

សម្រាប់​ការ​ប្រកួត​ ២ ​លើក​កន្លង​មក​នេះ Khompichhith បាន​ចាញ់​ទាំង​ ២ ​ប្រកួត ដោយ​លើក​ទី​១ គេ​បាន​ចាញ់ សុខ ធី នៅ​ទឹក​ទី​ ៤ និង​លើក​ទី​ ២ ​ចាញ់ ចាន់ ស៊ីណាត ទឹក​ទី​២ ដោយ​សារ​បាន​វាយ​ថែម​ពី​ក្រោយ​ខុស​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​បណ្តាល​ឲ្យ​ ស៊ីណាត សន្លប់។

ដោយឡែក ​ការ​ជួប​គ្នា​រវាង សុខ ធី និង​ឡាវ Thannu Petch បាន​ក្លាយ​ជា​ការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ Thannu Petch បាន​ក្លាយ​ជា​កីឡាករ​បរទេស​តែ​ម្នាក់​គត់ ដែល​បាន​ឈ្នះ​ ១ ​ប្រកួត គឺ​ឈ្នះ​ពិន្ទុ ពេជ្រ ម្ទេសខ្មាំង។

ប៉ុន្តែ​ការមក​សន្លប់​ត្រឹម​ទឹក​ទី​ ២ ក្រោម​ស្នាដៃ​ជើង​ថ្មី ឡុង ជិន ក្នុង​ការ​ប្រកួត​ជើង​ទី​ ២ ត្រូវ​បាន​គេ​គិត​ថា Thannu Petch ពិបាក​​យក​ឈ្នះ សុខ ធី ណាស់ ព្រោះ សុខ ធី មាន​ក្បាច់​សម្លាប់​​ច្រើន និង​មាន​ភាព​រឹង​មាំ​ទៀត​ផង ទោះ​រូប​គេ​ទាប​ជាង Thannu Petch ក៏​ដោយ៕