ភ្នំពេញ៖ ​ព្រឹត្តិការណ៍​ជួបជុំ​ក្រុម​ម៉ូតូ​ធំ​ Motorrad Angkor Festival នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​លើ​ផ្ទៃ​ដី​ជាង​ ​៨ ហិកតា នៅ​តំបន់​អង្គរ​ឃ្យូងយូរ តាម​បណ្តោយ​ផ្លូវ ​៦០ ​ម៉ែត្រ ទល់​មុខ​សណ្ឋាគារ​សុខា ក្រុង​សៀមរាប ខេត្ត​សៀមរាប នា​ថ្ងៃទី ​៦ ដល់​ទី ​៨ ខែ ​ធ្នូ ឆ្នាំ ​២០១៩ ខាង​មុខ​នេះ ហើយ​ក្នុង​នោះ​ក៏​មាន​ការ​ប្រណាំង​ម៉ូតូ​ត្រៃ ម៉ូតូ​ធំ និង​ម៉ូតូ​កែច្នៃ ជាមួយ​ក្រុម​និយម​ជិះ​ម៉ូតូ​មក​ពី​​ថៃ វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី ចិន ស្រីលង្កា អ៊ីរ៉ង់ ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ផង​ដែរ។

ថ្នាក់​ដឹកនាំ​របស់​ក្រសួង​បរិស្ថាន ក្រសួង​ទេសចរណ៍ និង​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា ព្រម​ទាំង​ដៃគូ​សហការ និង​ម្ចាស់​ឧបត្ថម្ភ​ជា​ច្រើន​ទៀត សុទ្ធ​តែ​បាន​គាំទ្រ​ ការ​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ម៉ូតូ​ធំ​នេះ ចំណែក​ប្រធាន​ក្លិប BMW Motorcycle លោក អ៊ុំ សារ៉េត ដែល​ជា​ប្រធាន​គណៈកម្មការ​រៀបចំ មាន​ការ​រំពឹង​ទុក​ថា ព្រឹត្តិការណ៍​ដែល​ចំណាយ​ទុន​អស់​ជាង ​១២ ម៉ឺន​ដុល្លារ​មួយ​នេះ នឹង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង ព្រោះ​អ្នក​ជិះ​ម៉ូតូ​ធំ​ជាង ​១ ពាន់​នាក់ មក​ពី​ប្រទេស​ខុសៗ​គ្នា បាន​ត្រៀម​ខ្លួន​រួច​រាល់​អស់​ហើយ ដើម្បី​បង្ហាញ​សមត្ថភាព​របស់​ពួក​គេ។

លោក អ៊ុំ សារ៉េត បាន​ថ្លែង​ប្រាប់​​ថា៖ ​«ដោយសារ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ជា​លើក​ដំបូង​នៅ​កម្ពុជា រួម​ទាំង​​ការ​​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​យើង ​បាន​​ជ្រួតជ្រាប​គ្រប់​ទីកន្លែង​​ ពិសេស​​ការ​ខិតខំ​​កៀរគរ​ក្រុម​ម៉ូតូ​ធំ ដែល​ធ្លាប់​មាន​សម្ព័ន្ធភាព​ជាមួយ​យើង នៅ​ក្រៅ​ប្រទេស​​ទៀត​នោះ គឺ​ខ្ញុំ​មាន​ការ​ជឿជាក់​ខ្លាំង​​ថា ពួក​គាត់​នឹង​មក​ចូលរួម គឺ​តាម​ការ​ប៉ាន់​ប្រមាណ នឹង​មាន​ការ​ចូលរួម​មិន​តិច​ជាង ​១ ពាន់​ម៉ូតូ​នោះ​ទេ ហើយ​ភ្ញៀវ​ចូលរួម​អាច​មាន​ដល់​ជាង ​៥ ម៉ឺន​នាក់ ព្រោះ​មាន​ការ​តាំង​ពិព័រណ៍​ផង ប្រណាំង​ម៉ូតូ​ផង និង​ការ​ប្រគំ​តន្រ្តី​ផង​ដែរ​»។

បើ​តាម​ការ​រៀបរាប់​របស់​លោក អ៊ុំ សារ៉េត នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ទីស្នាក់ការ NOCC កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​នេះ ​បាន​ឲ្យ​ដឹង​ថា ប្រទេស​មួយ​ចំនួន ដែល​ភាគី​កម្ពុជា បាន​អញ្ជើញ​ឲ្យ​ចូលរួម​នោះ គឺ​បាន​ប្រាប់​ពី​ចំនួន​ម៉ូតូ​ធំ ដែល​ពួក​គេ​នឹង​បញ្ជូន​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ហើយ ក្នុង​នោះ​​​ភាគី​ម៉ាឡេស៊ី មាន ​៣៥០ ​ម៉ូតូ ថៃ​មាន ​​៣០០ ​ម៉ូតូ វៀតណាម មាន ​១០០ ​ម៉ូតូ និង​ឡាវ ជាង ​៦០ ​ម៉ូតូ ហើយ​តួលេខ​នេះ នៅ​មិន​ទាន់​រាប់​បញ្ចូល​ពី​ចំនួន​ម៉ូតូ​ធំ ដែល​នឹង​ចូលរួម ដោយ​ការ​ស្ម័គ្រ​ចិត្ត​ នៅ​ឡើយ​ទេ។

លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ថា៖ ​«​ក្រសួង​បរិស្ថាន ពិត​ជា​មាន​ការ​ចាប់​អារម្មណ៍ និង​គាំទ្រ​​ព្រឹត្តិការណ៍​ម៉ូតូ​ធំ​នេះ ព្រោះ​កីឡា បាន​ទាញ​ការ​ចាប់​អារម្មណ៍​ ព្រម​ទាំង​ការ​អប់រំ​ និង​ផ្សព្វផ្សាយ​មក​លើ​បញ្ហា​បរិស្ថាន អ៊ីចឹង​តាមរយៈ​ព្រឹត្តិការណ៍​នេះ វា​នឹង​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ ទៅ​លើ​បញ្ហា​ការ​ការពារ​ធម្មជាតិ និង​បរិស្ថាន ហើយ​ព្រឹត្តិការណ៍​នេះ ក៏​មាន​ការ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផងដែរ ហេតុ​នេះ​ខ្ញុំ​សូម​ឲ្យ​ទទួល​បាន​ជោគជ័យ»។

តាម​ខ្លឹមសារ ដែល​ត្រូវ​បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត​នោះ គឺ Motorrad Angkor Festival ត្រូវ​បាន​រៀបចំ​ឡើង ក្នុង​គោល​បំណង​លើក​កម្ពស់​វិស័យ​កីឡា​យានយន្ត ពិសេស​ក្រុម​អ្នក​ជិះ​ម៉ូតូ​ធំ ដោយ​ពួក​គេ​នឹង​ចូលរួម​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍ សីលធម៌ ក្នុង​ការ​ប្រើប្រាស់​ផ្លូវ​ថ្នល់​ជាមួយ​គ្នា និង​​ការ​ចែក​រំលែក​បទពិសោធ​បច្ចេកទេស​រវាង​អ្នក​ចូលចិត្ត​ជិះ​ម៉ូតូ​ធំ។

បន្ថែម​លើ​នេះ Motorrad Angkor Festival ក៏​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ផង​ដែរ។ លោក កាទើ មហាំម៉ាត់ណោសស្រ៊ឺ ​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា៖​ «យើង​សូម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង លើ​ការ​​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ ព្រោះ​កីឡា​បាន​រួម​ចំណែក​លើក​កម្ពស់​ និង​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​យ៉ាង​សំខាន់ ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស ដែល​ធ្វើ​ឲ្យ​កំណើន​ភ្ញៀវ​ទេសចរ​ មាន​ការ​​កើន​ឡើង»។

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ព្រឹត្តិការណ៍ Motorrad Angkor Festival ដែល​ធ្វើ​នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប​ចុង​សប្តាហ៍​នេះ នឹង​មាន​រៀបចំ​ឲ្យ​មាន​ការ​ប្រណាំង​ម៉ូតូ​ធំ​រយៈពេល ​៣ ថ្ងៃ និង​ការ​ប្រណាំង​ម៉ូតូ​ត្រៃ ​ម៉ូតូ​ច្នៃ ដែល​មាន​ការ​ចែក​ជា​ពូល។

បន្ថែម​លើ​នេះ ក៏​មាន​ការ​ដង្ហែ​ក្បួន​សប្បុរសធម៌ ពិព័រណ៍​ពាណិជ្ជកម្ម​កម្ពុជា-ថៃ ចំនួន ​៣៥០ ​ស្តង់ ការ​ប្រគំ​តន្រ្តី ការ​សម្តែង​របស់​ក្រុម​ម៉ូតូ​ជំនាញ និង​ការ​ផ្លាស់ប្តូរ​បទពិសោធ​ជាមួយ​​អ្នក​ស្រឡាញ់​ម៉ូតូ​ជាង ១ ពាន់​នាក់ មក​ពី​តំបន់​អាស៊ាន ដែល​នឹង​បង្កើត​បាន​នូវ​ចំណង​មិត្តភាព ហើយ​ក្រុម​ទាំង​នេះ ក៏​នឹង​ចូលរួម​ធ្វើ​ការងារ​សប្បុរស​ជួយ​ដល់​សង្គម​កម្ពុជា​ផង​ដែរ៕