ភ្នំពេញៈ កីឡាករកម្ពុជា តាញ់ មករា បានក្លាយជាបេក្ខភាពដែលត្រូវឡើងទៅប្រកួតយកខ្សែក្រវាត់ប្រាក់ទី ២ នៅសង្វៀន PNN បន្ទាប់ពីរូបគេបានយកឈ្នះលើអ្នកប្រដាល់ថៃ រិទ្ធអៃរ៉ា ក្នុងការប្រកួតជម្រុះកាលពីថ្ងៃអាទិត្យ ប៉ុន្តែ មឿន សុខហ៊ុច បានបន្តចាញ់ Rong Napha កាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត ក្នុងជំនួបមិត្តភាពកាលពីថ្ងៃអាទិត្យនោះដែរ។
នៅក្នុងការប្រកួតជម្រុះនេះ តាញ់ មករា របស់សមាគមកីឡាក្រសួងការពារជាតិបានជួបការលំបាកច្រើន ព្រោះ រិទ្ធអៃរ៉ា ពិតជាមានភាពរឹងមាំ ហើយការវាយចេញរបស់គេក៏មានទម្ងន់ធ្ងន់ៗផងដែរ ប៉ុន្តែការវាយចេញប្រកបដោយភាពវៃឆ្លាតរបស់ មករា ទាំងលើការម៉ាត់ វាយកែង ពិសេសការបុកជង្គង់នៅតែជួយឲ្យរូបគេមានប្រៀបស្ទើរគ្រប់ទឹក និងឈ្នះលើ រិទ្ធអៃរ៉ា ជាឯកច្ឆន្ទ ៥-០ តែម្តង។
ជាមួយជ័យជម្នះនេះ តាញ់ មករា ត្រូវឡើងទៅប្រកួតដណ្តើមយកខ្សែក្រវាត់ប្រាក់ជាមួយជនរួមជាតិរបស់គេ ឡុង ជិន ព្រោះឡុង ជិន បានផ្តួលកីឡាករថៃ Phanrith ឲ្យសន្លប់ត្រឹមទឹកទី ៣ សម្រាប់ការប្រកួតជម្រុះដូចគ្នានេះដែរកាលពីសប្តាហ៍មុន ហើយការឡើងទៅជួបគ្នារបស់អ្នកទាំង ២ នេះអាចបញ្ជាក់បានថា អ្នកដែលនឹងឈ្នះបានខ្សែក្រវាត់ប្រាក់ទី ២ នេះគឺនៅតែជាកីឡាករកម្ពុជា។
តាញ់ មករា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ក្រោយការប្រកួតថា៖ «ការប្រកួតនេះមានការលំបាក ព្រោះគេល្អទៅលើផ្នែកទាត់ និងមានភាពរឹងមាំទៀតផង ហេតុនេះយើងខ្ញុំមិនអាចសម្រុកទៅលើគេខ្លាំងបាននោះទេ គឺវ៉ៃបែបសន្សំពិន្ទុយកប្រៀបលើគេ ចំណែកការឡើងទៅជួប ឡុង ជិន វានៅតែជាការពិបាកព្រោះគាត់ជារៀមច្បងដែលយើងមិនអាចមើលរំលងបានទេ»។
គួរបញ្ជាក់ថាព្រឹត្តិការណ៍នេះគឺគេកំណត់យកអ្នកឈ្នះបានខ្សែក្រវាត់ប្រាក់ចេញពីការប្រកួតជម្រុះប្រចាំខែនីមួយៗសរុប ៤ នាក់ ដើម្បីឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រដណ្តើមយកខ្សែក្រវាត់មាស និងប្រាក់រង្វាន់ ១ ម៉ឺនដុល្លារ ខណៈខ្សែក្រវាត់ប្រាក់ទី ១ គឺបានទៅលើ ឡៅ ចិត្ត្រា បន្ទាប់ពីរូបគេបានឈ្នះទាំង ២ ប្រកួតដោយការផ្តួលឲ្យកីឡាករថៃឲ្យសន្លប់យ៉ាងងាយៗដូចគ្នានោះ។
ផ្ទុយពីនេះកីឡាករកម្ពុជា មឿន សុខហ៊ុច ដែលបានអះអាងមុនការប្រកួតថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីសម្រេចការសងសឹកទៅលើការចាញ់ថៃ Rong Napha ចំនួន ៣ ដងកន្លងមកនោះ គឺបានបន្តចាញ់កាន់តែគ្រាំគ្រា ព្រោះកាលពីថ្ងៃអាទិត្យនោះ Rong Napha បានទាត់ឲ្យរូបគេមានរបួសជើងក្រោម និងត្រូវបានអាជ្ញាកណ្តាលរាប់ចំនួន ២ លើកនៅទឹកទី ២ និងរាប់ ១ លើកទៀតនៅដើមទឹកទី ៣ មុនពេលឈានដល់ការបញ្ឈប់ ខណៈ សុខហ៊ុច ទប់ទល់ថៃលែងបាន៕