ភ្នំពេញៈ អតីត​អ្នក​ប្រដាល់ អេ ភូថង ជា​គ្រូបង្វឹក​ក្លិប​ឯកជន និង​ជា​គ្រូបង្វឹក​ប្រដាល់​គុន​ខ្មែរ​ជម្រើស​ជាតិ​បានដាក់​ពាក្យ​ប្តឹង​ចៅក្រម​ចំនួន​ ៥​ ​រូប​បន្ទាប់ពី​បាន​ផ្តល់​ពិន្ទុ​ឲ្យ​កូន​របស់​លោក​ឈ្មោះ អាំម៉ារីន ភូថង ចាញ់​កីឡាករ ជី ឆៃលី មកពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​ ២ ​នា​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។

មន្ត្រី​ជាន់ខ្ពស់​ក្នុង​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​ហៅ​ការប្តឹង​របស់​លោក អេ ភូថង ថា​ដូច​វាយ​បំបែក​ឆ្នាំងបាយ​ខ្លួនឯង ខណៈ​ប្រភព​ខ្លះ​ទៀត​ក្នុង​ពិភព​ប្រដាល់​បាន​ហៅ​លោក អេ ភូថង ថា​ជា​មនុស្ស​រមិលគុណ​ និង​ភ្លេច​កំណើត​ខ្លួន ប៉ុន្តែ​លោក អេ ភូថង មិន​អាច​ទាក់ទង​បាន​ទេ​ដោយ​លោក​ចុច​បិទ​ទូរស័ព្ទ​។

ក្នុង​សារ​បង្ហោះ​តាម​ហ្វេសប៊ុក​ពី​ថ្ងៃ​ទី​ ១៨ ខែ​ឧសភា ឆ្នាំ​ ២០១៩ លោក អេ ភូថង បាន​ដាក់​ពាក្យ​ប្តឹង​ចៅក្រម​ចំនួន​ ៥ ​រូប​ដែល​​កាត់ក្តី​ឲ្យ​កូន​របស់​លោក​ចាញ់​កីឡាករ ជី ឆៃលី​។

ក្នុង​ពាក្យបណ្ដឹង​ដែល​ភ្នំពេញ-ប៉ុស្តិ៍​ទទួល​បាន​មាន​ខ្លឹមសារ​ថា​៖ «​សូម​ប្តឹងតវ៉ា​ដាច់ខាត​ត្រូវ​តែ​យក​ឈ្នះ​ឡើងវិញ​» ដោយ​ក្នុង​នោះ​មាន​ថត​ទឹកប្រាក់​ចំនួន​ ១០ ​ម៉ឺន​រៀល​ជា​តម្លៃ​សេវា​ដើម្បី​ប្តឹង​ចៅក្រម​ ៥ ​រូប​រួមមាន​ទី​ ១ លោក រឿង សារុន ទី​ ២ លោក មាស យ៉ាម ទី​ ៣ លោក​ ច័ន្ទ ធារ៉ា ទី​ ៤ លោក គិត សារ៉ុម និង​​ទី​ ៥ លោក​ រ៉េវ រ័ត្ន​។

លោក ឆឹង យ៉ៅយ៉េន អនុប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ទទួល​បន្ទុក​បច្ចេកទេស​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ព្រឹក​ម្សិលមិញ​ថា​៖ «​ឯកឧត្តម​ប្រធាន​សហព័ន្ធ តែម ម៉ឺន បាន​ប្រគល់​កិច្ចការ​នេះ​មក​ឲ្យ​ខ្ញុំ និង​លោក ម៉ិល កាដូ ដើម្បី​ដោះស្រាយ​ ប៉ុន្តែ​អ្វីៗ​ដូចជា​ជ្រុល​ពេក​ហើយ​។ ក្នុង​វិស័យ​កីឡា ខ្ញុំ​គិត​ថា មាន​ការណែនាំ​អប់រំ​ច្រើន​ជាង​ស្វែងរក​ជម្រះ​សេចក្តី ឬ​ចាប់កំហុស​»​។

លោក យ៉ៅយ៉េន បន្ថែម​ថា​៖ «​លោក តែម ម៉ឺន ធ្លាប់​លើក​ស្ទួយ និង​យឹតយោង អេ ភូថង ច្រើន​ណាស់ ហើយ​អ្វី​ដែល​លោក​ទទួល​បាន​មក​វិញ​គឺ​ខកចិត្ត​។ ពេល​នេះ​លោក តែម ម៉ឺន បាន​រុញ​ការងារ​នេះ​មក​ខ្ញុំ​គឺ​អាច​នឹង​ហួសចិត្ត​ចំពោះ អេ ភូថង ដែល​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត មិន​គោរព​គោលការណ៍ ឬ​ច្បាប់​នៃ​សហព័ន្ធ និង​មាន​ភាព​អំនួត​ទៅ​តាម​ការគិត​របស់​ខ្លួន​»​។

លោក​បន្ថែម​ថា​៖ «​អេ ភូថង ​ប្តឹង​ចៅក្រម​ទាំង​ ៥ ​នោះ​ជា​រឿង​មិន​ស្រប​ទៅ​តាម​នីតិវិធី និង​ភ្លេច​ខ្លួន​ថា ខ្លួនឯង​កំពុង​តែ​វ៉ៃ​ឆ្នាំងបាយ​ខ្លួនឯង​»​។

លោក ម៉ិល កាដូ អគ្គនាយករង​កីឡា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រឿង​នេះ​កំពុង​តែ​ពិនិត្យមើល ហើយ​អ្វីៗ​ស្ថិត​ក្នុង​ដំណើរការ ប៉ុន្តែ​លោក​ប្រកាន់​ជំហរ​អហិង្សា​មិន​និយម​ស្តីបន្ទោស​អ្នក​មាន​កំហុស​នោះ​ទេ ភាគច្រើន​គឺ Yes និង OK​។

លោក​ និន ភារម្យ អគ្គលេខាធិការដ្ឋាន​អចិន្រៃ្តយ៍​នៃ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​និយាយ​ថា​៖ «​តាម​ខ្ញុំ​ដឹង​ប្រហែល​ជា​តម្រូវ​ឲ្យ អេ ភូថង ដក​ពាក្យ​បណ្តឹង​ និង​មានការ​​ណែនាំ​ស្តីបន្ទោស​ខ្លះៗ​ពីព្រោះ​​អ្វីៗ​ដែល​កើតឡើង​ណា​មួយ​គឺ​​តែងតែ​ធ្លាក់​ទៅ​លើ​ឯកឧត្តម​ប្រធាន​ជា​អ្នក​ទទួលខុសត្រូវ​រួម ព្រោះ អេ ភូថង បាន​មក​ដល់​ពេល​នេះ​គឺជា​ការជួយ​របស់​ឯកឧត្តម តែម ម៉ឺន ច្រើន​ណាស់​»​។

គួររំឭក​ថា អេ ភូថង មិន​ត្រឹម​តែ​ជា​គ្រូបង្វឹក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​ជា​មន្ត្រី​ក្របខ័ណ្ឌ​របស់​រដ្ឋ​ផង​ដែរ​។

ចៅក្រម​ចំនួន​ ៥ ​នាក់​នេះ​បាន​អះអាង​ថា​៖ «​យើង​ខ្ញុំ​ធ្វើ​តាម​វិជ្ជាជីវៈ ប្រកាន់​យុត្តិធម៌​មិន​លម្អៀង​ និង​គោរព​តាម​បទបញ្ជា​។ ទាក់ទង​ទៅ​នឹង​ការប្តឹង​រឿង​ណាមួយ​គឺ​សម្រេច​លើ​ថ្នាក់ដឹកនាំ និង​មេៗ​ដែល​ជា​អ្នកគ្រប់គ្រង​ជា​អាណាព្យាបាល​ដោះស្រាយ​ចុះ ហើយ​ពួក​ខ្ញុំ​មិន​ដឹង​ទេ​»៕