ភ្នំពេញៈ អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​បាន​ត្រៀម​កីឡាករ កីឡាការិនី សរុប​ចំនួន​ ៩៦ ​នាក់​មកពី​ ១៥ ​ប្រភេទ​កីឡា ដើម្បី​ទៅ​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ក្នុង​ក្របខ័ណ្ឌ​ប៉ូលិស​ពិភពលោក​លើក​ទី​ ១៨ ឆ្នាំ​ ២០១៩ (The 18th World Police and Fire Game 2019) ដែល​គ្រោង​នឹង​ធ្វើ​ពី​ថ្ងៃ​ទី​ ៨ ដល់ទី​ ១៨ ខែ​សីហា​នៅ​ទីក្រុង Chengdu ប្រទេស​ចិន​។

ការប្រកួត The 18th World Police and Fire ជា​ព្រឹត្តិការណ៍​កីឡា​ដ៏ធំ​មាន​ ២ ​ឆ្នាំ​ម្តង ហើយ​សហព័ន្ធ​រដ្ឋ​អាមេរិក​ជា​អ្នករៀបចំ​ឲ្យ​មាន​ការប្រកួត​នេះ​ឡើង ចំណែក​លើក​នេះ​ប្រទេស​ចិន​ដល់​វេន​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​មាន​ប្រទេស​ជា​សមាជិក​ចូលរួម​ជាង​ ៧០ ​ប្រទេស ចំណែក​ព្រះរាជាណាចក្រ​កម្ពុជា​ទើប​តែ​បាន​ចូលរួម​ជា​លើក​ទី​ ១ បន្ទាប់​ក្រសួងមហាផ្ទៃ​មាន​ភាពលេចធ្លោ​ខ្លាំង​ក្នុង​សកម្មភាព​កីឡា​តាមរយៈ​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុជា​ដោយ​មាន​ការយកចិត្ត​ទុកដាក់ និង​បង្ក​លទ្ធភាព​ឲ្យ​ទៅ​ចូលរួម​ពី​សំណាក់​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។

លោក​ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អគ្គលេខាធិការ​ប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ដែល​បាន​លេចធ្លោ​តាមរយៈ​ប្រកួត​ក្នុង​ស្រុក ពិសេស​លទ្ធផល​ពី​ការប្រកួត​កីឡា​ជាតិ​លើ​ទី​ ១ ដោយ​ដណ្តើម​បាន​ចំណាត់​ថា្នក់​លេខ​ ១ ទូទាំង​ប្រទេស​នោះ​បាន​ពង្រឹង​សមត្ថភាព​បន្ថែម ធ្វើឲ្យ​យើង​មាន​លទ្ធភាព​អាច​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏ធំ​កម្រិត​ពិភពលោក​នេះ ខណៈ​ព្រឹត្តិការណ៍​នេះ​បាន​បង្កើត​អស់​រយៈពេល​ ៣២ ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​កីឡា​ប៉ូលិស​កម្ពុជា​មិន​ធ្លាប់​បាន​ចូលរួម​ម្តង​ណា​ឡើយ​»​។

លោក ជា ប៊ុនហេង បន្ថែម​ថា​៖ «​នេះ​ជា​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​ដ៏ធំ ហើយ​ក្រសួង​មហាផ្ទៃ​ដែល​មាន​សម្តេច​ក្រឡាហោម ស ខេង គាំទ្រ និង​លើក​ទឹកចិត្ត បាន​ពិនិត្យ​លទ្ធភាព​សមត្ថភាព​អត្តពលិក​របស់​យើង​មាន​លក្ខណៈ​សមស្រប​អាច​បញ្ជូន​ទៅ​ចូលរួម​ការប្រកួត​នេះ​បាន​ដោយ​មាន​សមត្ថភាព មិន​ដាច់​ឆ្ងាយ​ពី​គេ​នោះ​ឡើយ​ក្នុង​ចំណោម​ជាង​ ៧០ ​ប្រទេស​ដែល​បាន​ចូលរួម​»​។

ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ​លោក ប៊ុនហេង បាន​លម្អិត​បន្ថែម​ថា​៖ «​នេះ​ជា​ការចំណាយ​ធំ​មួយ​ពី​សម្តេច​ក្រឡាហោម ស ខេង ព្រោះ​លើក​នេះ​ក្រុម​អត្តពលិក កីឡា​នគរបាល​ជាតិ​កម្ពុជា​របស់​យើង​ចេញ​ទៅ​ច្រើន មិន​ធ្លាប់​មាន គឺ​ចំនួន​ ៩៦ នាក់​មកពី​ ១៥ ​ប្រភេទ​កីឡា​មាន​ដូចជា​តេក្វាន់ដូ ការ៉ាតេដូ វាយសី វាយ​កូនឃ្លី​លើ​តុ ជឺជិតស៊ូ ទូក​ប្រពៃណី ទ្រីយ៉ាត្លុង អត្តពលកម្ម សូហ្វតិន្នីស ហែលទឹក យូដូ បាល់ឱប និង​ចំបាប់​ជាដើម​»​។

ទោះ​ជា​យ៉ាងណា​លោក ជា ប៊ុនហេង បាន​ចាត់ទុក​ថា​កម្ពុជា​មាន​សំណាង​ដែរ ដោយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កីឡា​ប៉ូលិស​ពិភពលោក​សហរដ្ឋអាមេរិក ធ្វើ​ឲ្យ​គេ​អនុគ្រោះ​ដល់​យើង មិន​ឲ្យ​បង់ប្រាក់​សិទ្ធិ​ចូលរួម​ប្រកួត​ទេ​ក្នុង​នោះ​ម្នាក់​ជិត​ ២០០ ​ដុល្លារ​ឯណោះ ហើយ​ប្រទេស​មហាមិត្ត​ចិន​របស់​យើង​បាន​ជួយ​ការហូបចុក ស្នាក់នៅ​។ ចំណែក​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង បាន​ចេញ​ថ្លៃ​សំបុត្រ​យន្តហោះ និង​ប្រាក់​ឧបត្ថម្ភ​ដល់​ប្រតិភូ និង​អត្តពលិក​។

យ៉ាងណា​ក៏ដោយ​លោក​ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ​រូប​នេះ​មាន​ទំនុកចិត្ត​ថា យើង​នឹង​ទទួល​លទ្ធផល​ល្អ​ណា​មួយ​មិន​ខាន ទោះបី​យើង​ទើប​តែ​ចូល​ជា​លើក​ដំបូង​ក៏ដោយ​។​លោក ជា ប៊ុនហេង បាន​បញ្ជាក់​ថា​៖ «​ព្រឹត្តិការណ៍​កីឡា​នេះ​ធំ​ណាស់​គឺជា​ព្រឹត្តិការណ៍​កីឡា​ក្រៅ​ក្របខ័ណ្ឌ​ពី​ផែនការ​ក្រសួង​អប់រំ យុវជន និង​កីឡា ហេតុនេះ​ទោះបី​ជា​អត្តពលិក​យើង​ទទួល​បាន​មេដាយ​ជយលាភី​ក៏​មិន​ទទួល​បាន​ប្រាក់​រង្វាន់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ឬ​ប្រកាស​តាម​អន្តរក្រសួង​ដែរ ប៉ុន្តែ​ក្នុង​ឆន្ទៈ និង​គោលបំណង​របស់​យើង​គឺ​ត្រូវ​ស្វែងរក​ជយលាភី​ឲ្យ​បាន​ក្នុង​កម្រិត​មួយ ដើម្បី​លើក​មុខមាត់​ជូន​កីឡា​នគរបាលជាតិ​កម្ពុជា​»៕