ភ្នំពេញ៖ ​ក្រុម​កីឡាករ កីឡាការិនី​របស់​ក្រសួង​មហាផ្ទៃ​នៅ​តែ​អាច​រក្សា​បាន​នូវ​​ភាព​ខ្លាំង គឺ​ការ​ដណ្តើម​បាន​មេដាយ​មាស​ច្រើន​ជាង​គេ នៅ​ក្នុង​ការ​ប្រកួត​កីឡា​កាយ​សម្ព័ន្ធ​ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ និង​ពាន​រង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន លើកទី ​៣ ឆ្នាំ ២០១៩ ខណៈ​​ការ​ប្រកួត​ឆ្នាំ​នេះ ត្រូវ​បាន​មន្រ្តី​ជំនាញ​របស់​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​អះអាង​ថា មាន​ភាព​ស្វិតស្វាញ​ខ្លាំង​ដែល​ធ្វើ​ឲ្យ​មន្ត្រី​បច្ចេកទេស​មាន​ការ​ឈឺ​ក្បាល​ក្នុង​ការ​ដាក់​ពិន្ទុ​រក​អ្នក​ឈ្នះ​មេដាយ​ផង​ដែរ។

តាមរយៈ​ការ​ប្រកួត ​៤ ​ថ្ងៃ​ពេញ នៅ​សាល​ដំបូល​ទូក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​បាន​បញ្ចប់​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​កន្លង​មក​នេះ អត្តពលិក​ចំនួន ​៦៤ ​នាក់ ដែល​លេង​តំណាង​ឲ្យ​ក្លិប​ចំនួន ​៤ សុទ្ធ​តែ​ដណ្តើម​បាន​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ​ដូច​គ្នា ​​​ទាំង​លើ​ការ​ប្រកួត​​កាយ​សម្ព័ន្ធ​អេរ៉ូប៊ិក និង​អាទិស្ទីក នៅ​លើ​វិញ្ញាសា​សរុប​ចំនួន ​១៣។

យ៉ាង​ណា​ក៏​ដោយ កីឡាករ ​​កីឡាការិនី​​ក្លិប​ក្រសួង​មហាផ្ទៃ នៅ​តែ​រក្សា​បាន​ភាព​ខ្លាំង គឺ​ការ​ដណ្តើម​បាន​មេដាយ​មាស ​៤ និង​ប្រាក់​ ​៥ ដើម្បី​បន្ត​​ទទួល​បាន​​លេខ​ ​១ ក្នុង​នាម​ជា​អ្នក​ដណ្តើម​បាន​មេដាយ​មាស​ច្រើន​ជាង​គេ​ដដែល ខណៈ​​​ក្រុម​អត្តពលិក​ខេត្ត​ក្រចេះ​បាន​ឈរ​នៅ​លេខ ​២ ជាមួយ​ការ​ឈ្នះ​មេដាយ​មាស ​៤ ប្រាក់ ​៤ និង​សំរឹទ្ធ ​៤ គឺ​មាន​ន័យ​ថា ​ខេត្ត​ក្រចេះ ​បាន​​ចាញ់​ប្រៀប​​ក្លិប​ក្រសួង​មហាផ្ទៃ ត្រឹម​មេដាយ​ប្រាក់ ​១ ​ប៉ុណ្ណោះ។

ចំណែក​ក្រុ​មក​ពី​ខេត្ត​កំពង់ឆ្នាំង​បាន​ឈ្នះ​មេដាយ​មាស​ ​៣ ប្រាក់ ​៣ សំរឹទ្ធ ​៧ ហើយ​ក្រុម​​ខេត្ត​តាកែវ បាន​ឈ្នះ​មេដាយ​មាស ​២ ប្រាក់ ​១ និង​សំរឹទ្ធ ​២ ខណៈ​ពិធី​បិទ​ការ​ប្រកួត​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង ក្រោម​អធិបតីភាព​របស់​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC តំណាង​ឲ្យ​លោក​រដ្ឋមន្រ្តី ថោង ខុន ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា និង​ជា​ប្រធាន NOCC។

យ៉ាង​ណា​មិញ​សម្រាប់​ការ​ប្រកួត​ប្រជែង​របស់​អត្តពលិក​តំណាង​ឲ្យ​ក្លិប​ទាំង ​៤​ រយៈពេល ​៤ ​ថ្ងៃ​នេះ ត្រូវ​បាន​លោក ណយ ផាណា មន្រ្តី​ជំនាញ​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​អះអាង​ថា ​មាន​ភាព​ស្វិតស្វាញ​ខ្លាំង ពិសេស​ការ​ប្រកួត​រវាង​ក្រុម​យុវជន​មាន​អាយុ​ចន្លោះ​ពី ​១៤ ​ឆ្នាំ ទៅ​ ​១៥ ​ឆ្នាំ ខណៈ​អ្នក​ទាំង​នេះ ក៏​ស្ថិត​នៅ​ក្នុង​​ជម្រើស​សម្រាប់​ត្រៀម​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ឆ្នាំ ​២០២៣ នៅ​កម្ពុជា​ផង​ដែរ។

លោក ណយ ផាណា អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​បាន​ថ្លែង​ក្រោយ​ការ​ប្រកួត​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​នោះ​ថា៖​ «​យើង​មើល​ឃើញ​ថា អត្តពលិក​របស់​យើង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្លាំង ហើយ​ការ​​ប្រជែង​គ្នា​ខ្លាំង​នេះ ទី១ ដោយសារ​សហព័ន្ធ​​យើង​បាន​បញ្ជ្រាប​កីឡាករ​វ័យ​ក្មេង​ឆ្ពោះ​ទៅ​កាន់​ស៊ីហ្គេម ឆ្នាំ ​២០២៣ ទី​២ ​ប្រាក់​រង្វាន់ ដោយ​ឯកឧត្តម ថោង ខុន បាន​ដាក់​ឲ្យ​លេខ ​១ ​បាន ​៥០ ​ម៉ឺន លេខ ​២ ​បាន ​៤០ ម៉ឺន និង​លេខ ​៣ ​បាន ​៣០ ​ម៉ឺន​រៀល ហើយ​ខ្ញុំ​គិត​ថា ​លុយ​នេះ​ច្រើន​មែន​ទែន គឺ​គ្រាន់​តែ​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ការ​ប្រកួត​នេះ ចំណាយ​អស់ ​៣០ លាន​រៀល»។

បើ​តាម​លោក ណយ ផាណា បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​កាយ​សម្ព័ន្ធ​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ និង​ពាន​រង្វាន់​ឯកឧត្តម​បណ្ឌិត ថោង ខុន​ ឆ្នាំ ​២០១៩ បាន​ចំណាយ​អស់ ​២១ ០០០ ​ដុល្លារ ដោយ​ក្នុង​មាន​ថវិកា​ជាតិ តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ចំនួន ​៩ ០០០ ដុល្លារ ហើយ​លោក​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ ថោង ខុន បាន​បន្ថែម​ថវិកា​ផ្ទាល់​ខ្លួន​បង្រ្គប់​អស់​ចំនួន ​១២ ០០០ ដុល្លារ ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ បាន​បញ្ចប់​ដោយ​រលូន។

លោក ផាណា បន្ថែម​ថា៖ ​«​តាមរយៈ​ការ​ប្រកួត​នេះ គឺ​ក្រុម​អត្តពលិក​ស្ថិត​ក្នុង​អាយុ ​១៤ ទៅ ​១៥ ​ឆ្នាំ មាន​ភាព​លេច​ធ្លោ​ខ្លាំង​ជាង​គេ ដោយ​ពួក​គាត់​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​មែន​ទែន គឺ​សូម្បី​តែ​គណៈកម្មការ​ចៅ​ក្រម​អន្តរជាតិ​របស់​យើង ដែល​ទើប​បញ្ចប់​ការ​សិក្សា​មក​ពី​ខាង​ក្រៅ​នោះ ក៏​មាន​ការ​ឈឺ​ក្បាល​តិច​តួច ក្នុង​ការ​វែក​ញែក ការ​ផ្តល់​ពិន្ទុ​ឲ្យ​បាន​សុក្រឹត និង​យុត្តិធម៌ ​ផង​ដែរ ខណៈ​ក្រុម​យុវជន​ទាំង​នេះ សុទ្ធ​តែ​ជា​ថ្នាល​សម្រាប់​ឆ្ពោះ​ទៅ​ស៊ីហ្គេម ​ឆ្នាំ ​២០២៣ ​របស់​យើង»៕