ភ្នំពេញៈ កីឡាករ​កម្ពុជា មា​ជ សុខ​រ៉ា និង ពុទ្ធ ឆាយ​រិទ្ធី នឹងត្រូវ​ប្រកួត​ដណ្តើម ៣ ពិន្ទុ ក្នុង​វគ្គ​ជម្រុះ​លើក​ទី ៤ ជាមួយ​ជើង​ខ្លាំង​របស់​ថៃ ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ Wurkz ទម្ងន់ ៦៧ គីឡូក្រាម នៅ​សង្វៀន SEATV ថ្ងៃ​អាទិត្យ​នេះ ដោយ​ក្នុង​នោះ សុខរ៉ា ត្រូវ​ប៉ះ Pheach Aroun ហើយ ឆាយ​រិទ្ធី ជួប Kao Ah។

នៅក្នុង​ការប្រកួត​នេះ ទាំង មា​ជ សុខ​រ៉ា និង​ពុទ្ធ ឆាយ​រិទ្ធី សុទ្ធតែ​ត្រូវការ​ឈ្នះ​ថៃ ដើម្បី​ប្រជែង​យក​លេខ ១ ក្នុង​ពូល​កម្ពុជា ដែល រឿង សារ័ត្ន កំពុង​គ្រប់គ្រង ប៉ុន្តែ​ឱកាស​ប្រជែង​គ្នា​យក​លេខ ១ ដើម្បី​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ មាន​ការ​លំបាក។

មា​ជ សុខ​រ៉ា ដែល​ធ្លាប់បាន​ផ្តួល​ថៃ Kao Ah ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ១ ក្រោយ​បាន​ចាញ់​ថៃ Kev Kongvan និង Keng Kat នោះ គឺ​នៅ​មាន​សង្ឃឹម​ក្នុងការ​ប្រជែង​យក​លេខ ១ ពី កីឡាករ​មាន ៧ ពិន្ទុ​ជាមួយ​ការ​ឈ្នះ ២ និង​ចាញ់ ១ ដង រឿង សារ័ត្ន បើសិន​ជា​រូបគេ​អាច​យក​ឈ្នះ Pheach Aroun ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នេះ។

ប៉ុន្តែ មា​ជ សុខ​រ៉ា ពិតជា​លំបាក​យកឈ្នះ Pheech Aroun ណាស់ ព្រោះ​ថៃ​ម្នាក់នេះ​ល្អ​ផ្នែក​ទាត់ និង​ក្បាច់​ជង្គង់ ពិសេស​លើក​នេះ Pheach Aroun មិន​វាយ​ផ្សង​ព្រេង​ទេ គឺ​ចេញ​មួយៗ តែ​ច្បាស់ និង​មាន​កម្លាំង​ធានា ៥ ទឹក​ពេញ។ ចំណែក មាជ សុខរ៉ា បាន​តែ​ទាត់ និង​កែង ប៉ុន្តែ​ជា​ក្បាច់​វាយ​ផ្សង​ព្រេង មិន​សូវ​ចំ​គោល​ដៅ​ល្អ​នោះ​ទេ។

លោក ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន SEATV បាន​និយាយថា៖ «តាម​ការ​បូក​សរុប​ពិន្ទុ​បណ្តោះ​អាសន្ន និង​យោង​តាម​សមត្ថភាព​ក្បាច់​គុន គឺ មាជ សុខរ៉ា ដែល​ទើប​មាន ៥ ពិន្ទុ មាន​ភាគរយ​តិច​មែន​ទែន​ក្នុង​ការ​យក​ឈ្នះ Pheach Aroun ដែល​បាន​ឈ្នះ ២ ចាញ់ ១ ដង និង​មាន ៧ ពិន្ទុ»។

ចំណែក ពុទ្ធ ឆាយ​រិទ្ធី និង Kao Ah បានឈ្នះ ១ ចាញ់ ២ ដង និង​មាន ៥ ពិន្ទុ​ស្មើគ្នា។ទោះបី​ជា ពុទ្ធ ឆាយរិទី្ធ មាន​វាសនា​ឈ្នះ​ថៃ​ម្នាក់​នេះ ក៏​រូបគេ​ពុំទាន់​មាន​ឱកាស បាន​ឡើង​ទៅ​កំពូល​តារាង​ដែរ ព្រោះ​នៅ​ចាំ​អ៊ុត​មើល​លទ្ធផល​ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់ រឿង សារ័ត្ន ជាមួយ​ថៃ Keng Kat នៅ​ថ្ងៃ​ទី ១៨ ខែ​វិច្ឆិកា ទើប​អាច​ផ្ទៀង​ផ្ទាត់​លទ្ធផល​បាន។

លោក ណន រិ​ទ្ធ គ្រូបង្វឹក​របស់ ពុទ្ធ ឆាយ​រិទ្ធី ប្រាប់ថា៖ «ឆាយ​រិទ្ធី ហាត់​បានល្អ ដើម្បី​ត្រៀម​យក​ឈ្នះ​ថៃ Kao Ah ឲ្យ​បាន ប៉ុន្តែ​តាម​ការ​បូក​ពិន្ទុ​បណ្តោះ​អាសន្ន គឺ​ទោះបី ឆាយ​រិទ្ធី ឈ្នះ ក៏មាន​ឱកាស​តិច​តួច​ដែរ ក្នុងការ​ប្រៀប​ធៀប​ពិន្ទុ​ជាមួយ រឿង សា​រ័ត្ន ព្រោះ​បើសិន រឿង សារ័ត្ន ចាញ់​ថៃ Keng Kat ក៏​នៅ​តែ​មាន ៨ ពិន្ទុ ស្មើ ឆាយ​រិទ្ធី អ៊ីចឹង​វា​នឹង​ឈាន​ដល់​ការ​ពិនិត្យ​ពី​ការ​ឈរ​ទឹក​ល្អ ឬ​ការ​មាន​ប្រៀប​ដោយ​ផ្តួល​ដៃគូ​សន្លប់​ទៀត»។

បន្ថែម​ពីលើ​គូ​ខ្សែក្រវាត់​នេះ គឺ​នៅ​សង្វៀន SEATV ក្នុង​សប្តាហ៍​នេះ មានការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍ ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ ជំនួស​គូ​ខ្សែក្រវាត់​ខារ៉ាបាវ នា​ល្ងាច​ថ្ងៃ​សៅរ៍ ដែល​ត្រូវ​សម្រាក ដោយ​ក្នុង​នោះ ម្ចាស់​ខ្សែក្រវាត់ ឡុង សំណាង បើក​ឱកាស​ឲ្យ​ជើង​ខ្លាំង​ថៃ Loom Leng សង​សឹក ខណៈ​ជំនួប ៣ លើក​កន្លង​មក ឡុង សំណាង ឈ្នះ ២ និង​ស្មើ ១ លើក។

ចំណែក​ជើង​ខ្លាំង ជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឃីម ឌី​ម៉ា ប៉ះ​ជាមួយ​ថៃ Khoum Pheth ដែល​ធ្លាប់​ស្មើ​ជាមួយ ឡៅ ចន្ទ្រា ចាញ់ មឿន សុខហ៊ុច តែ​ធ្លាប់​ឈ្នះ ចាន់ ប៊ុន​លាភ។ ទោះជា​យ៉ាង​ណា​ការ​រៀបចំ​ផ្គូផ្គង​ការ​ប្រកួត​របស់ ឃីម ឌីម៉ា ត្រូវ​បាន​គេ​ប្រយ័ត្ន​ប្រយែង​បំផុត ដោយ​មាន​ចេតនា​មិន​ឲ្យ​ចាញ់​កីឡាករ​ថៃ​ទេ។

ប្រភព​ច្បាស់​ការណ៍​បាន​បង្ហើប​ថា ឌី​ម៉ា ជា​តារា​ប្រដាល់​ដូច​តួឯក មិនត្រូវ​ឲ្យ​ចាញ់​ថៃ ខ្លាច​អាប់​ឱន​កិត្តិយស ប៉ុន្តែ​លោក ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​បដិសេធ​ថា៖ «រឿង​ចាញ់​ឈ្នះ ខ្ញុំ​មិន​ដឹង​ទេ និង​មិន​មែន​ជា​តួនាទី​ខ្ញុំ។ ភារកិច្ច​ខ្ញុំ គ្រាន់​តែ​នាំ​កីឡាករ​ថៃ​មក​ប្រកួត»៕