ភ្នំពេញៈ ការ​បញ្ចេញ​នូវ​​អារម្មណ៍ និងទស្សនៈ​ផ្ទាល់ខ្លួន របស់​អ្នក​ចាត់ការ​ក្រុម លោក Keisuke Honda និង​គ្រូ​បង្វឹក លោក​ Felix Dalmas នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ធ្វើ​ឲ្យ​​កីឡាករ​ឆ្នើម​របស់​កម្ពុជា​ ២​ នាក់ មាន​​​ប្រតិកម្ម​តប​មក​វិញបែប​ឌឺដង​ ដែល​បង្ក​ឲ្យមាន​ភាព​ល្អក់​កករមួយ នៅ​មុន​​ពេល​ក្រុម​កម្ពុជា ត្រូវ​ប្រកួត​ជម្រុះ World Cup 2022 និង​ Asian Cup 2023 ជុំ​ទី​១​ ក្នុង​​តំបន់​អាស៊ី ជាមួយ​ក្រុម​ជម្រើសជាតិប៉ាគីស្ថាន នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​ព្រហស្បតិ៍នេះ។

«ខ្ញុំ​នឹង​ផ្តល់​ប្រាក់​ចំនួន​ ៥ ​ដុល្លា​ម្នាក់ ​តើ​មាន​អ្នក​ណា​ចង់​ឲ្យ​​ខ្ញុំ ​បង្រៀន​បាល់ទាត់​ដែរ​ឬ​ទេ?​ ប្រសិន​បើ​មាន​ សូម​ផ្ញើសារ​មក​ខ្ញុំ​ផង។ ប៉ុន្តែ​មាន​លក្ខខ័ណ្ឌ​មួយ​ គឺ​សុំ​ចំពោះ​អ្នក ​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ចង់​លេង​ជា​តំណាង​ប្រទេស ​ដើម្បី​ចូល​រួមការ​​ប្រកួត​ World Cup តែ​ប៉ុណ្ណោះ។ ​ខ្ញុំ​នឹង​ធ្វើការ​ជ្រើសរើស​តាម​ការ​សម្រេច​របស់​ខ្ញុំ។​ ខ្ញុំ​នឹង​ធ្វើ​ការ​បង្រៀន​ដោយ​ផ្តល់​ជា​ថវិការ​ជូន»។

​ពាក្យ​សម្តី​ទាំង​នេះ គឺ​ជា​ការ​លើកឡើង​របស់​ខ្សែ​ប្រយុទ្ធ​លំដាប់​ពិភព​លោក​របស់​ជប៉ុន Keisuke Honda ​ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ​ក្រុមជម្រើសជាតិ​កម្ពុជា បាន​សរសេរ​បង្ហោះ​នៅ​លើ​ផេចហ្វេសប៊ុក​របស់​ខ្លួន កាល​ពី​ថ្ងៃអង្គារ ហើយ​ការ​លើក​ឡើង​បែ​បនេះ ​បាន​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​បាល់​ទាត់​នៅ​កម្ពុជា​​ ភាគច្រើន មានការ​ភ្ញាក់​ផ្អើល និងបាន​សរសេរ​ទៅ​ដល់​ទឹក​ចិត្ត​របស់ Honda ក្នុងការ​ចង់​ជួយ​ដល់​ក្រុមជម្រើសជាតិ​កម្ពុជា។

ប៉ុន្តែ​​នៅ​ក្នុង​ថ្ងៃជាមួយ​គ្នា​នោះ ស្រាប់​តែ​ខ្សែ​បម្រើ​ ស៊ិន កក្កដា បាន​បង្ហោះ​សារ​តប​វិញ ដោយ​បាន​បញ្ជាក់​ថា សូមកុំយកប្រាក់ ៥ ដុល្លារ មក​ប្រមាថដល់ទឹកចិត្តកីឡាករ។ កក្កដា ដែល​ទើប​ត្រូវបាន​ហោះ​ហៅ​​ឲ្យ​ចូល​រួម​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់ ក្រោយ​គេ​​​នោះ បាន​សរសេរ​បង្ហោះ​នៅ​លើ​ផេចហ្វេសប៊ុក​របស់​ខ្លួន​​ថា៖​ «ហេតុ​អ្វី​មាន​ខ្ញុំ​មក​ហាត់​ជាមួយ​ជម្រើស​ជាតិ? ព្រោះ​ជាតិ​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​បម្រើ​ជាតិ​ម្ដង​ទៀត សូម​កុំ​យក​ប្រាក់​៥​ដុល្លារ ប្រមាថ​ដល់​ទឹក​ចិត្ត​កីឡាករ និង​ប្រៀប​ប្រដូច​តម្លៃ​ជាតិ​ជាមួយ​ប្រាក់​ ៥ ​ដុល្លារ»។

ខ្សែ​បម្រើ​ ស៊ិន កក្កដា។សហការី

​​ការ​បង្ហោះ​សារ បែប​ឌឺដង​វិញ​ភ្លាមៗ​បែបនេះ គេ​នៅមិនទាន់​ដឹង​ថា ស៊ិន កក្កដា មានការ​បញ្ហា​អ្វី​ជាមួយ Honda ដែល​កំពុង​ដឹកនាំ​រូប​គេ នៅ​ក្នុងក្រុម​ជម្រើសជាតិ​កម្ពុជា ឲ្យប្រាកដ​នោះ​ទេ ប៉ុន្តែ ស៊ិន កក្កដា បាន​បង្ហើបនៅ​ចុង​ឃ្លា​នៃ​សារ​នោះ​​ថា៖​ «សម្រាប់​ព័ត៌មាន​លម្អិត​ ខ្ញុំ​និង​សរសេរ​ម្ដង​ទៀត នៅ​ថ្ងៃ​ទី​​ ៨ ខែ​ មិថុនា​ ឆ្នាំ​ ២០១៩ វេលា​ម៉ោង​ ១០​ ព្រឹក»។

ដោយ​ឡែក​ខ្សែ​ប្រយុទ្ធ​ឆ្នើម ដែល​គ្មាន​ឈ្មោះ​នៅ​ក្នុងការ​ប្រមូល​ផ្តុំ​នៃ​ក្រុមជម្រើជាតិ​កម្ពុជា លើក​នេះ ចាន់ វឌ្ឍនាកា ក៏​បានប៉ះ​ទង្គិច​ផ្នែក​អារម្មជាមួយការ​លើក​ឡើង​របស់​លោក Felix Dalmas ផង​ដែរ ខណៈ​លោក​​បាន​ព្យាយាម​បកស្រាយទៅនឹង​សំនួរ​របស់​អ្នកកាសែត ជុំ​វិញ​​ការ​មិន​កោះ​ហៅ ចាន់ វឌ្ឍនាកា និង​កីឡាករ​ជើងចាស់​មួយ​ទៀត ឲ្យ​ចូល​រួមជាមួយ​ក្រុម​ជម្រើសជាតិនោះ។

ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា។សហការី

លោក Felix បាន​​និយាយ នៅ​ក្នុងសន្និសីទកាសែត កាលពីថ្ងៃ​ពុធ​​ថា៖ ​«រឿង​សំខាន់​របស់​យើង គឺ​ការងារ​ជា​​​ក្រុម អ៊ីចឹង​យើង​ត្រូវការ​កីឡាករ ដែល​មាន​ឆន្ទៈខ្ពស់ ក្នុងការ​​លេង​សម្រាប់​​ជម្រើសជាតិ ហើយ​​​កីឡាករ​ទាំង​អស់ ដែល​យើងបាន​ប្រមូល​ផ្តុំ​លើកនេះ គឺ​ពួក​គាត់​ សុទ្ធ​តែ​មាន​ទឹក​ចិត្ត និង​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​លេង​ឲ្យ​ក្រុមជម្រើសជាតិ អស់​ពី​ចិត្ត ព្រោះ​បាល់​ទាត់ ជា​កីឡា​លេងជា​ក្រុម អ៊ីចឹង​យើង​ត្រូវការ​មនុស្ស ដែល​ធ្វើការងារជា​ក្រុម​បាន គឺ​ធ្វើ​ការ​ងារ​ដើម្បី​ក្រុម»។

ការ​​លើក​ឡើង​របស់​លោក Felix ត្រូវបាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ យក​ទៅ​ចុះ​ផ្សាយ​ព្រោង​ព្រាត កាល​ពី​ថ្ងៃ​ពុធ​នោះ ហើយ​សកម្ម​ភាព​នេះ​បាន​ធ្វើ​ឲ្យ​ ចាន់ វឌ្ឍនាកា ​មាន​អារម្មណ៍​កើត​ទុក​មិន​សុខ​ចិត្ត ហើយបាន​សរសេរ​សា​មួយ​ឃ្លា​បង្ហោះ​នៅ​លើ​ផេចហ្វេសប៊ុក​របស់​ខ្លួន តប​ត​ទៅ​លើ Felix ភ្លាមៗ​វិញ​​ថា៖ ​«សូម​ទោស​ដែល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ​អ្នក​លេង​ដោយ​គ្មាន​ឆន្ទៈ​លេង​ទេ​ អ្នក​គឺ​លេង​ដោយ​ការ​សប្បាយ​របស់​អ្នក»។

​ការ​ឌឺដង​ដាក់​គ្នា​រវាង​អ្នក​ចាត់​ការ​ទូទៅ​ក្រុម លោក Keisuke Honda និង​គ្រូ​បង្វឹក លោក​ Felix Dalmas​ ជាមួយ​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា និង​ខ្សែ​បម្រើ ស៊ិន កក្កដា នេះ បាន​ក្លាយជា​ប្រធាន​បទ ដែល​មានការ​ចាប់​អារម្មណ៍​ខ្លាំង ហើយ​បញ្ហា​នេះ​ក៏​បាន​ធ្វើ​អ្នកគាំ​​ទ្រ ផ្តោត​យក​ចិត្តទុក​ដាក់​កាន់តែ​ខ្លាំង​ទៅ​លើ​ការ​ប្រកួតរបស់​ក្រុម​កម្ពុជា និងប៉ាគីស្ថាន នៅ​ល្ងាច​ថ្ងៃ​នេះ​ផងដែរ ព្រោះ​ពួកគេ​ចង់​ដឹង​ថា Keisuke Honda និង Felix Dalmas អាច​ដឹក​នាំ​ក្រុម​កម្ពុជា ឲ្យ​ទទួល​បាន​ជ័យ​ជម្នះ ដូច​ទៅ​នឹង​អ្វី​ដែល​អ្នក​ទាំង ​២ បាន​យក​​ចិត្ត​ទុកដាក់ ឬ​ក៏​យ៉ាង​ណា?៕