ក្រុង​សិង្ហ​បុរី: កីឡាករ​យុទ្ធ​គុន​ចម្រុះ​របស់​កម្ពុជា បាន​បន្ត​ជួប​ការ​ខក​ចិត្ត​ក្នុង​ការ​ប្រកួត​សង្វៀន​ដាក់​ទ្រុង​របស់ ONE Championship (ONE) ខណៈ​ដែល​កីឡាករ​ហ្វីលីពីន Kevin Belingon បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​របស់ ONE ក្នុង​ទម្ងន់ ៦៥,៨ គីឡូក្រាម ក្រោយ​ពី​បាន​ផ្តួល​ម្ចាស់​ការពារ​ខ្សែ​ក្រវាត់ Bibiano Fernandes របស់​ប្រេស៊ីល កាល​ពី​ថ្ងៃ​សុក្រ។

ក្នុងការ​ប្រកួត​គូ​បើកឆាក​ដ៏​រំភើប​នៃ​ព្រឹត្តិការណ៍ ONE: HEART OF THE LION នៅ​សង្វៀន Singapore Indoor Stadium កីឡាករ​ហូឡង់ Anthony Engelen បាន​ចំណាយ​ពេល​ត្រឹម​តែ ៣៩ វិនាទី​ក្នុង​ទឹក​ទី ១ ប៉ុណ្ណោះ ដើម្បី​ផ្តួល​កីឡាករ​កម្ពុជា​មាស ម៉ើ ឲ្យ​សន្លប់ ក្នុង​ការ​ប្រកួត​ក្នុង​ទម្ងន់ ៧០,៣ គីឡូក្រាម។

ការរង​បរាជ័យ​នេះ​មានន័យថា មាស ម៉ើ បាន​រង​បរាជ័យ ៣ លើក​ពី​ការប្រកួត​ក្នុង​កម្មវិធី​របស់ ONE នៅ​ក្រៅ​ប្រទេស​ទាំង ៣ លើក​ចុង​ក្រោយ​របស់​ខ្លួន។ ក្នុង​ការ​ប្រកួត​គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍ ជើង​ខ្លាំង​ហ្វីលីពីន Belingon ដណ្តើម​បាន​ជ័យ​ជម្នះ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ ក្នុង​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​រួម​របស់ ONE ដើម្បី​បញ្ចប់​ការ​គ្រប់​គ្រង​ខ្សែក្រវាត់​ក្នុង​ទម្ងន់ ៦៥,៨ គីឡូក្រាម​របស់​កីឡាករ​ហ្វីលីពីន Bibiano Fernandes ត្រឹម​រយៈពេល ៥ ឆ្នាំ។

ក្រោយពី​បានក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ថ្មី​ពី​ស្ថាប័ន ONE ក្នុង​ទម្ងន់ ៦៥,៨ គីឡូក្រាម កីឡាករ Belingon បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា៖ «Bibiano [Fernandes] គឺជា​គូប្រកួត​ដ៏​ខ្លាំង​ម្នាក់ ខ្ញុំ​ពិត​ជា​បាន​ជួប​ការ​លំបាក​ក្នុងការ​ផ្តួល​រូបគេ​នៅ​រាត្រី​នេះ។ ខ្ញុំ​មិន​ហ៊ាន​មើល​ស្រាល​រូបគេ​ឡើយ ហើយ​វា​ជា​កិត្តិយស​ក្នុង​ការ​ប្រកួត​ជាមួយ​គូ​ប្រជែង​ដ៏​ខ្លាំង​បែប​នេះ»។

មាស ម៉ើ (ឆ្វេង) និង Anthony Engelen។ សហការី

កីឡាករ​វ័យ ៣១ ឆ្នាំ​រូបនេះ​បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ដឹងថា Bibiano ជា​កីឡាករ​ដ៏​ខ្លាំង ប៉ុន្តែ ខ្ញុំ​គិត​ថា ខ្ញុំ​ពិត​ជា​​​ស័ក្តិសម​ក្នុង​ការ​ឈ្នះ។ ផែនការ​នៃ​ការ​ប្រកួត​គឺ​ការ​ផ្តួល​ឲ្យ​រូបគេ​សន្លប់។ យើង​បាន​មើល​ឃើញ​ភាព​ទន់​ខ្សោយ​ក្នុង​ការ​ប្រកួត​កាល​ពី​មុន​របស់​គេ។ ខ្ញុំ​បាន​រក្សា​ប្រើ​គ្រប់​ស្នៀត ប៉ុន្តែ គេ​បាន​ការពារ​យ៉ាង​ល្អ»។

ជ័យជម្នះ​នេះ មានន័យថា Belingon ធ្វើ​ឲ្យ​កំណត់ត្រា​ឈ្នះ​របស់គេ​កើន​ដល់ ២០ លើក និង​ចាញ់ ៥ លើក ខណៈ​ដែល Fernandes នៅ​តែ​មាន​កំណត់ត្រា​ឈ្នះ ២២ លើក​ដដែល ប៉ុន្តែ ចាញ់ ៤ លើក។

ក្នុងការ​ប្រកួត​គូ​ឯក​រង អតីត​បេក្ខភាព​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក Christian “The Warrior” Lee បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​សង្វៀន Singapore Indoor Stadium ជួប​ការ​រំភើប​យ៉ាង​ខ្លាំង ក្រោយ​ពី​រូបគេ​បាន​ផ្តួល​កីឡាករ​ជប៉ុន Kazuki Tokudome តាមរយៈ​ការ​វាយ​ឲ្យ​សន្លប់​ដោយ​បច្ចេកទេស​នៅ​ទឹក​ទី ១។

Lee បាន​ប្រើប្រាស់​ស្នៀត​ក្លេភ្លាមៗក្នុងពេល​ចាប់ផ្តើម​ការប្រកួត​នេះ នៅ​មុនពេល​ប្រើប្រាស់​កណ្តាប់​ដៃ​វាយ​យ៉ាង​សន្ធាប់​ទៅ​លើ​គូ​ប្រកួត​របស់​ខ្លួន​ឲ្យ​ដួល​នៅ​លើ​សង្វៀន នៅ​មុន​ពេល​អាជ្ញា​កណ្តាល​បាន​ផ្អាក​ការ​ប្រកួត​នេះ៕IS