ភ្នំពេញៈ គូ​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ក្នុង​ចន្លោះ​ការប្រកួត​ខ្សែក្រវ៉ាត់ Wurkz ពី​ល្ងាច​ថ្ងៃ​អាទិត្យ កីឡាករ មាស សុជាតិ នៅ​ក្លិប​ឃ្លាំងមឿង​កីឡា​បាន​ប្រកួត​ឈ្នះ​កីឡាករ​ថៃ Phic Nam- Ek ដោយ​ពិន្ទុ​ក្នុង​ជំនួប​ស្វិតស្វាញ​ ៥ ​ទឹក​ពេញ ខណៈ​អ្នក​លេង​កែង​រូស ឆៃ សារ៉ា មកពី​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ​បាន​វ៉ៃ​កីឡាករ​ថៃ​ចំណូល​ថ្មី​ឲ្យ​ចុះចាញ់​ត្រឹម​ ៣ ​ទឹក​តែប៉ុណ្ណោះ​។

ជ័យជម្នះ​របស់​អ្នក​ប្រដាល់​ខ្មែរ​ទាំង​ ២ ​រូប​នេះ​ត្រូវ​បាន​គេ​កត់សម្គាល់​ថា​គឺ​ឈ្នះ​កីឡាករ​ថៃ​ដែល​មាន​សមត្ថភាព​អន់ៗ​តែ​ប៉ុណ្ណោះ​ដើម្បី​សន្សំ​ស្ថិតិ​ប្រកួត​ល្អ​ឈាន​ទៅ​ប៉ះ​កីឡាករ​បរទេស​ដែល​មាន​សមត្ថភាព​ខ្លាំងៗ​ជាង​នេះ ។

ក្នុង​ជំនួប​ប្រកួត​ ៥ ​ទឹក​ពេញ​នេះ​កីឡាករ សុជាតិ ហាក់​ដូចជា​មាន​ប្រៀប​ឈ្នះ​មិន​ដាច់​នោះ​ទេ​ព្រោះ​នៅក្នុង​ទឹក​ទី​ ១ ​និង​ទឹក​ទី ២ ការប្រកួត​នេះ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​នៅ​ ៣ ​ទឹក​ចុង​ក្រោយ​គឺ សុជាតិ មាន​ប្រៀប​ឈ្នះ Phic Nam- Ek តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។

ទោះ​ជា​យ៉ាងណា Phic Nam Ek ដែល​មាន​ប្រវត្តិ​ប្រកួត​ជាមួយ សុជាតិ ឈ្នះ​ម្តង​ និង​ស្មើ​ម្តង​នោះ​បាន​និយាយ​ក្រោយពី​ប្រកួត​ចាញ់​ថា មូលហេតុ​ចាញ់​ដោយសារ​តែ​ខ្សោយ​​ផ្នែក​កម្លាំង​លំបាក​ប្រកួត ពីព្រោះ​កីឡាករ សុជាតិ មាន​ទម្ងន់​ ៦៥ ​គីឡូក្រាម​គឺ​លើស​គាត់​ ១ ​គីឡូ​ដែល​ភាសា​ប្រដាល់​គេ​ហៅថា តគីឡូ​នោះ​គឺ​លំបាក​ទប់ទល់​មែនទែន ។

ចំណែក ឆៃ សារ៉ា ដែល​ជំនាញ​ប្រើ​កែង​បុក​កាណូត​នោះ​បាន​ប្រើ​ស្នៀត​ដដែល​នេះ​វាយ​លើ​កីឡាករ​ចំណូល​ថ្មី​របស់​ថៃ Phat prakthum ធ្វើឲ្យ​ជា​គូប្រកួត​ខ្លួន​ចុះចាញ់​នៅ​ចុង​ទឹក​ទី​ ៣ ។

មុន​នឹង​ផ្តួល​បាន​នោះ សារ៉ា ក៍​មាន​ប្រៀប​ និង​មាន​ពិន្ទុ​នាំមុខ​ហើយ​ដែរ​ ប៉ុន្តែ​នៅ​សល់​ ១០ ​វិនាទី​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​ ៣ ​នោះ សារ៉ា បាន​បុក​កែង​ចូល​មុខ​កីឡាករ​ថៃ​ឲ្យ​ដួលសន្លប់​សុំ​ចុះចាញ់​តែម្តង​។

អ្នក​ទស្សនា​ភាគច្រើន​បាន​សង្កេត​ឃើញ​ថា​៖ «​កីឡាករ​ មាស សុជាតិ និង ឆៃ សារ៉ា បាន​ឈ្នះ​កីឡាករ​ខ្សោយៗ​ ប៉ុន្តែ​ជ័យជម្នះ​នេះ​គឺជា​ស្ពាន​មួយ​ជួយ​ចម្លង​ពួកគេ​សន្សំ​បាន​ស្ថិតិ​ប្រកួត​ល្អ​ឈាន​ទៅ​ប៉ះ​កីឡាករ​បរទេស​មាន​សមត្ថភាព​ល្អ​ជាង​នេះ​»​។

មាន​គូ​មិត្តភាព​ថ្នាក់ជាតិ​ដ៏ជក់ចិត្ត​បំផុត​ ១ ​គូ​ទៀត​ផង​ដែរ​គឺ​កីឡាករ មុត ខ្លឹមខ្មៅ មកពី​ក្លិប​មកុដ​រាជសីហ៍​ដែល​បាន​ឈ្នះ​កីឡាករ គង់ សំបូរ នៃ​ក្លិប​អាណាចក្រ​ប្រយុទ្ធ​ខេត្ត​សៀមរាប​ក្នុង​ទម្ងន់​ ៦៥ ​គីឡូក្រាម​ក្នុង​ជំនួប​ប្រកួត​ ៥ ​ទឹក​ពេញ​ដែល​មាន​ការជក់​ចិត្ត​ និង​ល្អ​មើល​ជាង​គូ​អន្តរជាតិ​នេះ​ទៀត​៕