ភ្នំពេញ៖ ​កីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង​របស់​កម្ពុជា ម៉ឺន មេឃា និង​ឈុតសេរី វ៉ាន់ថង សុទ្ធ​តែ​បាន​​​​បង្កើត​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ទស្សនា នៅ​លើ​សង្វៀន CNC ខណៈ​អ្នក​ទាំង ​២ បាន​បង្ហាញ​ការ​ប្រកួត​យ៉ាង​ល្អ យក​ឈ្នះ​លើ​គូ​ប្រកួត ដើម្បី​​ឈ្នះ​បាន​​ខ្សែ​ក្រវាត់ និង​ពាន​រង្វាន់​រៀងៗ​ខ្លួន​នោះ។

សម្រាប់​ការ​ប្រកួត ក្នុង​កម្មវិធី​ខុស​គ្នា នៅ​លើ​សង្វៀន​ CNC តែ​មួយ កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​មក​នេះ ម៉ឺន មេឃា ពិត​ជា​ធ្វើ​បាន​យ៉ាង​ល្អ ក្នុង​ការ​យក​ឈ្នះ​លើ​ជើង​ខ្លាំង​របស់​ថៃ Link Loom ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់ ​៦០ ​គីឡូក្រាម នៃ​ព្រឹត្តិការណ៍ «កម្ពុជា​សង្វៀន​គុន​ខ្មែរ» ដើម្បី​ឈ្នះ​បាន ខ្សែ​ក្រវាត់ ជា​លើក​ដំបូង នៅ​ក្នុង​អាជីព​របស់​ខ្លួន អម​ជាមួយ​​ប្រាក់​រង្វាន់ ​៦ ០០០ ដុល្លារ។

នៅ​ក្នុង​ការ​ប្រកួត​នេះ មេឃា បាន​ជម្នះ​ចូល​ម៉ាត់ ទាត់ និង​វាយ​កែង ប្តូរ​ជាមួយ​ការ​ចូល​ចាប់​បុក​ជង្គង់​របស់ Link Loom យ៉ាង​ស្វិតស្វាញ​បំផុត ហើយ​ក្រៅ​ពី​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​កង​រំពង​ពី​អ្នក​ទស្សនា មេឃា ទទួល​បាន​ភាព​កក់ក្តៅ កាន់​តែ​ខ្លាំង​​ពី​ការ​ចូលរួម​លើក​ទឹក​​ចិត្ត​ដោយ​ផ្ទាល់​ពី​ក្រុម​គ្រួសារ សិស្ស​រួម​ក្លិប ពិសេស​ឪពុក​បង្កើត​របស់​គេ​គឺ អេ ភូថង ដែល​បាន​ទៅ​ជួយ​ស្រែក​ប្រាប់ បច្ចេក​ទេស​ប្រកួត​​ដល់​កូន​ទាំង​ខ្លួន​លោក​មាន​ជំងឺ​ជាប់​ខ្លួន។

យ៉ាង​ណា​ក៏​ដោយ ​ការ​រួម​គ្នា​លើក​ទឹក​ចិត្ត​ទាំង​ពូជ​នេះ ពិត​ជា​បាន​ផ្តល់​ភាព​ក្តុកក្តួល​រំជួល​ចិត្ត​ចំពោះ ម៉ឺន មេឃា នៅ​ពេល​ពិធីករ​បាន​ប្រកាស​ថា ម៉ឺន មេឃា ត្រូវ​បាន​ចៅ​ក្រម​ទាំង ​៥ ​នាក់ ផ្តល់​ពិន្ទុ​ឲ្យ​ឈ្នះ​ជា​ឯកច្ឆន្ទ ៥-០ លើ Link Loom ដែល​ធ្លាប់​ផ្តួល វ៉ាន់ វឿន ឲ្យ​សន្លប់​ទឹក​ទី ​៣ និង​ឈ្នះ ពិន្ទុ លន បញ្ញា នោះ។

ជាមួយ​ការ​ឈ្នះ​បាន​ខ្សែ​ក្រវាត់​ជា​លើក​ដំបូង ក្នុង​អាជីព​នេះ ម៉ឺន មេឃា ​បាន​និយាយ​មុន​ពេល​បំពាក់​ខ្សែ​ក្រវាត់ ទាំង​អួល​ដើម​ក​ថា៖ ​«​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ធូរ​ខ្លាំង និង​សប្បាយ​​ចិត្ត​មែន​ទែន ចំពោះ​ការ​ឈ្នះ​បាន​ខ្សែ​ក្រវាត់​នេះ។ ខ្ញុំ​មាន​ការ​លំបាក​ផង​ដែរ នៅ​ពេល​គាត់​ដើរ​ចូល​បោះ​ជង្គង់ ប៉ុន្តែ​ផ្លែ​វាយ​ចេញ​របស់​គាត់ មិន សូវ​ជា​ធ្ងន់​ប៉ុន្មាន​ទេ អ៊ីចឹង​ហើយ​ខ្ញុំ​បាន​ចូល​ប្តូរ​ដៃ​ជាមួយ​គាត់»។

ជុំវិញ​ការ​ប្រើ​យុទ្ធសាស្រ្ត​​រំដោះ​ខ្លួន ​ចេញ​ពី​ការ​ចូល​ចាប់​បុក​ជង្គង់​របស់ Link Loom ដែល​ទទួល​បាន​ពាន​លេខ ​២ អម​ជាមួយ​ប្រាក់​រង្វាន់ ៣ ០០០ ដុល្លារ​នោះ កីឡាករ ម៉ឺន មេឃា បាន​​បញ្ជាក់​​ថា៖ ​«​ខ្ញុំ​​បាន​រៀន​ធ្វើ ​២ ទៅ ​៣ សប្តាហ៍ ដើម្បី​ទប់​ក្បាច់​ជង្គង់​របស់​គាត់​នេះ ហើយ​ខ្ញុំ​ក៏​បាន​សិក្សា​តាមរយៈ ការ​មើល​វីដេអូ​នៃ​ការ​ប្រកួត​របស់​គាត់​ផង​ដែរ»។

ដោយ​ឡែក​កីឡាករ​វ័យ​ក្មេង ឈុតសេរី វ៉ាន់ថង ដែល​ទើប​​តែ​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ប្រឡង​បាក់​ឌុប​នោះ បាន​កែប្រែ​ស្ថានភាព​នៃ​ការ​ប្រកួត​របស់​ខ្លួន បាន​យ៉ាង​ល្អ​បំផុត ក្នុង​ការ​យក​ឈ្នះ​លើ អេលីត សាន់ វិញ ដើម្បី​ឈ្នះ​បាន​ពាន​រង្វាន់​ ម៉ា សេរី អម​ជាមួយ​ប្រាក់​រង្វាន់ ​១ ០០០ ដុល្លារ។

នៅ​ក្នុង​ការ​ប្រកួត កាល​ពី​ព្រលប់​ថ្ងៃ​សៅរ៍​នោះ ឈុតសេរី វ៉ាន់ថង របស់​ក្លិប​រាហូកីឡា ខេត្ត បាត់ដំបង ត្រូវ​បាន​លោក​អាជ្ញា​កណ្តាល ទេស សារិន ចាប់ រាប់​នៅ​ពាក់​កណ្តាល​ទឹក​ទី ​២ បន្ទាប់​ពី​រូប​គេ​ត្រូវ​បាន​អ្នក​លេង កណ្តាប់​ដៃ​ធ្ងន់ អេលីត សាន់ ដែល​ទើប​ផ្តួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​ ក្នុង​កម្មវិធី Max Muay Thai បាន​ម៉ាត់​ស្តាំ​ចូល​ថ្គាម និង​ថែម​ដោយ​កណ្តាប់​ដៃ​ឆ្វេង ឡើង​ចង់​វង្វេង​នោះ។

ទោះ​បីជា​យ៉ាង​ណា ឈុតសេរី វ៉ាន់ថង អាច​ពង្រឹង​ស្មារតី​បាន​ល្អ​ប្រសើរ​វិញ​ភ្លាមៗ និង​បាន​វ៉ៃ​ប្តូរ​ជាមួយ អេលីត សាន់ យ៉ាង​ស្វិតស្វាញ​បំផុត នៅ​ចុង​ទឹក​ទី ​២ ​នោះ។ ចំណែក​ការ​​​ប្រកួត ​៣ ទឹក​ចុង​ក្រោយ ពិសេសទឹក​ទី ​៤ និង​ទឹក​ទី ​៥ វ៉ាន់ថង បាន​ម៉ាត់ និងវ៉ៃ​កែង ធ្វើ​ឲ្យ អេលីត សាន់ ចង់​គាំងៗ ម្តង​ផង​ដែរ ដើម្បី​ដណ្តើម​យក​ប្រៀប​មក​វិញ ហើយ​ការ​ព្យាយាម​វាយ​ស្រង់​ដើម​បាន​យ៉ាង​ល្អ​នេះ ធ្វើ​ឲ្យ​ចៅ​ក្រម​ទាំង ​៥ ​រូប ​សម្រេច​ផ្តល់​ពិន្ទុ​ឲ្យ​រូប​គេ ឈ្នះ អេលីត សាន់ ដោយ​ឯកច្ឆន្ទ ដើម្បី​ឈ្នះ​ពាន​រង្វាន់ ម៉ា សេរី សម្រាប់​​ការ​ប្រកួត​លើកទី ​៣ ប្រចាំ​ឆ្នាំ ​២០១៩ ​នេះ៕