ភ្នំពេញៈ ប្រធាន​សហព័ន្ធ​កីឡា​តេក្វាន់ដូ​អាធីអែហ្វកម្ពុជា លោក កែវ រ៉េមី បាន​ចាប់ផ្តើម​ធ្វើការ​រិះគន់​ទៅដល់​អ្នក​ដែល​បាន​ចោល​សំរាម​នៅ​ទីសាធារណៈ ពិសេស​នៅ​កន្លែង​តំបន់​ទេសចរណ៍ ហើយ​លោក​បាន​ចាត់ទុក​បញ្ហា​ចោល​សំរាម​នេះ វា​ជា​រឿង​ដ៏​គួរ​ឲ្យ​អាម៉ាស់​សម្រាប់​មុខមាត់​ប្រទេស​កម្ពុជា​ដែល​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​តែ​មាន​ការភ្ញាក់រឭក​ក្នុង​ការចូលរួម​លើ​បញ្ហា​នេះ​ទាំងអស់​គ្នា​។

លោក កែវ រ៉េមី ដែល​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែងថា​៖ «​បញ្ហា​សំរាម​នេះ យើង​បាន​ឆ្លងកាត់​បទពិសោធ ហើយ​ការធ្វើ​ដំណើរ​របស់​ខ្ញុំ ពេល​មាន​បុណ្យទាន​នេះ​គឺ​វា​យូរណាស់​មក​ហើយ គ្រាន់តែ​កន្លង​មក​យើង​មិនទាន់​បាន​ធ្វើ​សកម្មភាព ប៉ុន្តែ​ឃើញ​វា​ជ្រុល និង​កាន់តែ​ហួសហេតុ ព្រោះ​អ្នក​ដែល​ទទួលទាន​អាហារ​ជា​កញ្ចប់​រួច​ហើយ បាន​ចោល​សំរាម​នោះ​ពាសវាល​ពាសកាល អត់​ចេះ​ប្រមែប្រមូល​ដាក់​ចូល​ក្នុង​ធុងសំរាម​ទេ គឺ​ប្រជាពលរដ្ឋ​យើង​ខ្លះ អា​រឿង​ស្មារតី​រៀបចំ​ទុកដាក់​សំរាម​នេះ​គឺ​អត់​មាន​តែ​ម្តង​»​។

លោក​បន្ត​ថា​៖ «​អ្នកខ្លះ​បន្ទោស​ទៅ​លើ​ការប្រមូល​សំរាម ក៏​ប៉ុន្តែ​ជាក់ស្តែង​នៅ​តាម​ផ្លូវ​ដែល​យើង​ធ្វើ​ដំណើរ​ពេល​មាន​បុណ្យទាន​គឺ​ខ្ញុំ​ឃើញ​មាន​ការចោល​សំរាម​ចេញ​ពី​រថយន្ត​តែ​ម្តង ដែល​នេះ​ជា​រឿង​ដ៏អាម៉ាស់​មួយ ហើយ​ក្រៅពី​ហ្នឹង​ទៀត​អ្នកខ្លះ​បោស​សំរាម​ពី​លើ​គោក​យក​ទៅ​ទម្លាក់​ចោល​នៅក្នុង​ទឹកស្ទឹង បឹង ទន្លេ ទឹកសមុទ្រ ដែល​វា​ជា​រឿង​អាម៉ាស់ ជាពិសេស​ការ​ចោល​សំរាម​នៅ​តំបន់​ទេសចរណ៍​»​។

ការរិះគន់​ទៅ​លើ​បញ្ហា​សំរាម​នេះ​ត្រូវ​បាន​លោក កែវ រ៉េមី លើក​ឡើង​នៅពេល​លោក​បាន​ដឹកនាំ​ថ្នាក់ដឹកនាំ គ្រូបង្វឹក ព្រម​ទាំង​កីឡាករ កីឡាការិនី​តេក្វាន់ដូ​ ITF សរុប​ជាង​ ៣០ ​នាក់​នាំគ្នា​ដើរ​រើស​សំរាម​នៅ​ខាង​មុខ​ព្រះបរមរាជវាំង និង​តាម​មាត់ទន្លេ​សងខាង​ព្រះអង្គ​ដងកើ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​។

«​ការដឹកនាំ​ក្រុម​តេក្វាន់ដូ ITF ធ្វើ​សកម្មភាព​ដើរ​ប្រមូល​សំរាម នៅពេល​នេះ​គឺ​ដើម្បី​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​យើង​មាន​ការភ្ញាក់រឭក​ក្នុង​ការចោល​សំរាម ព្រោះ​អ្នក​សម្អាត និង​អ្នកប្រមូល​សំរាម វា​មិន​ឈ្នះ​ការ​ភ្ញាក់រឭក​របស់​បុគ្គល​ម្នាក់ៗ និង​ប្រជាពលរដ្ឋ​គ្រប់រូប​ដែល​មាន​ការសម្អាត​ផ្តើម​ចេញ​ពី​គ្រួសារ​នីមួយៗ នៅក្នុង​សហគមន៍​នោះ​ទេ​គឺ​ក្រ ក៏​ក្រ​ចុះ ឲ្យ​តែ​ស្អាត​»​។

ជាមួយ​គ្នា​នេះ​លោក កែវ រ៉េមី បាន​ធ្វើការ​រិះគន់​ខ្លាំង​ទៅលើ​សាលារៀន​មួយ​ចំនួន​ដែល​មាន​ពាសពេញ​ដោយ​សំរាម​។ លោក​បាន​សង្កត់ធ្ងន់​ថា​៖ «​ខ្ញុំ​មាន​ការខកចិត្ត​ខ្លាំង​ទៅ​លើ​សាលារៀន​មួយ​ចំនួន​ដែល​មាន​សំរាម​ខ្លាំង​ណាស់ គឺ​ខ្ញុំ​បាន​ទៅ​ឃើញ​ដោយផ្ទាល់ អ៊ីចឹង​ខ្ញុំ​មាន​ការ​រន្ធត់ចិត្ត ហេតុនេះ​ឆ្លៀត​ក្នុង​ឱកាស​ធ្វើ​សកម្មភាព​ដោយ​ផ្ទាល់​របស់​យើង​នៅពេល​នេះ​យើង​ក៏​សូម​អំពាវនាវ​តាម​សហគមន៍ សាលារៀន មន្ទីរ​សាធារណៈ និង​មន្ទីរ​ចំណុះ​ឲ្យ​ខេត្ត​ត្រូវ​នាំ​គ្នា​បោសសម្អាត​ឲ្យ​ស្អាត និង​មាន​អនាម័យ​»​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​ភ្ញៀវទេសចរ​ដែល​មក​ទស្សនា​នៅ​ប្រទេស​យើង មើល​ឃើញ​ថា​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ស្អាត មិន​ចាញ់​សិង្ហបុរី ព្រោះ​សិង្ហបុរី​បាន​មក​រៀនសូត្រ​ពី​កម្ពុជា​កាល​ជំនាន់​ព្រះបិតា ព្រះករុណា សីហនុ ហើយ​ក្រោយមក​គេ​មាន​ការវិវឌ្ឍ​ទីក្រុង​របស់​គេ​ក្លាយ​ជា​ទីក្រុង​ស្អាត អ៊ីចឹង​ខ្ញុំ​ចង់ឃើញ​ទីក្រុង​ភ្នំពេញ និង​ទី​រួម​ខេត្ត​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាំ​គ្នា​ចាប់ផ្តើម​ពី​ក្រុម​គ្រួសារ​ ពី​ខ្លួន​យើង​ទាំងអស់​គ្នា​គឺ​នាំ​គ្នា​ចេះ​សម្អាត​។ នេះ​ជា​ចំណុច​សំខាន់​ដែល​យើង​ត្រូវ​ចាប់ផ្តើម​ធ្វើ​ពី​ពេល​នេះ​ទៅ​ហើយ​នៅ​ថ្ងៃ​នេះ សហព័ន្ធ​របស់​យើង​មាន​កូន​សិស្ស និង​ថ្នាក់ដឹកនាំ​ទាំងអស់​បាន​ចូលរួម​ធ្វើ​ជា​គំរូ ហើយ​យើង​នឹង​បន្ត​ធ្វើ​នៅ​តាម​ទីតាំង​ផ្សេងៗ​ទៀត​»៕