ភ្នំពេញៈ កីឡាករជើងចាស់ ម៉ន ភារម្យ របស់ក្លិបកងទ័ពជើងគោកត្រូវបានគ្រូបង្វឹករបស់ខ្លួនមើលឃើញថាអាចនឹងយកឈ្នះអ្នកប្រដាល់ជើងថ្មី ចាន់ សាន់ ក្នុងការប្រកួតជម្រុះជុំទី ២ ឬវគ្គ ១៦ នាក់ចុងក្រោយនៃពានរង្វាន់ TV5 Boxing Knock Out Serie នៅសង្វៀនប៉ុស្តិ៍លេខ ៥ ថ្ងៃសៅរ៍នេះ រីឯ ឆៃ សារ៉ា ត្រូវបានដាក់ឲ្យជួយជើងខ្លាំង Chhouk Chhai ក្នុងនាមជាគូមិត្តភាពអន្តរជាតិ។
លោក ម៉ាង ម៉ន ជាគ្រូបង្វឹកកីឡាករ ម៉ន ភារម្យ បានប្រាប់ថា៖ «ភារម្យ មានភាគរយច្រើនក្នុងការយកឈ្នះលើ ចាន់ សាន់ ដោយប្រើក្បាច់ជង្គង់ និងកែង ប៉ុន្តែវាមានបញ្ហាផ្នែកកម្លាំង ព្រោះវាខ្សោយជាងមុន និងចាស់ជាង ខណៈ ចាន់ សាន់ នៅវ័យក្មេង កម្លាំងនៅល្អ។ ទោះជាយ៉ាងនេះក្តី ខ្ញុំមានទំនុកចិត្តឈ្នះ ព្រោះប្រកួតនេះមានតែ ៣ ទឹកដែលជាឱកាសល្អសម្រាប់ភារម្យ»។
ការសង្ឃឹមរបស់លោក ម៉ាង ម៉ន បែបនេះក៏ព្រោះតែ ម៉ន ភារម្យ ជាកីឡាករជើងចាស់មានបទពិសោធប្រកួតច្រើនជាងកីឡាករ ចាន់ សាន់ របស់ក្លិបនិរោធមានជ័យ ប៉ុន្តែគេនៅមិនទាន់ប្រាកដថា អ្នកណាដែលទទួលបានជ័យជម្នះ ដើម្បីឡើងទៅប្រកួតនៅវគ្គ ៨ នាក់ចុងក្រោយឲ្យប្រាកដនោះទេ? ព្រោះ ចាន់ សាន់ ក៏មានក្បាច់ប្រកួតល្អផងដែរ។
ចំណែកកីឡាករ ឡុង ណងសៅ ក៏នឹងត្រូវប្រកួតជម្រុះជាមួយអ្នកប្រដាល់ គួន សុវណ្ណ ដើម្បីស្វែងរកឱកាសឡើងទៅប្រកួតនៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រផងដែរ។ ឡុង ណងសៅ ជាអ្នកប្រដាល់ជើងខ្លាំងវ័យក្មេង ហើយរូបគេបានផ្តួលកីឡាករ ប្រាក់ ស៊ីណាត ឲ្យសន្លប់ត្រឹមទឹកទី ១ ក្នុងវគ្គជម្រុះ ៣២ នាក់ដំបូងដែលជាកំណត់ត្រាល្អ ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងពីមហាជន។
ទោះបីជាយ៉ាងណា ណងសៅ មិនមែនជាអ្នកប្រដាល់ដែលមានក្បាច់សម្លាប់ច្បាស់លាស់ តែគេអាចមានរបៀបវាយហ៊ានវ៉ៃប្ដូរ និងមានកលល្បិចវ៉ៃមិនដកថយ ប៉ុន្តែតាមកំណត់សម្គាល់ក្បាច់ជង្គង់របស់ គួន សុវណ្ណ ទំនងមានប្រៀបជាង និងជាកីឡាករមានបទពិសោធលើសង្វៀនល្អជាង។
បើទោះបីជា គួន សុវណ្ណ មានវ័យចំណាស់ជាងបន្តិចមែន ប៉ុន្តែគេមានកលល្បិចអស្ចារ្យណាស់ផ្នែកក្បាច់ជង្គង់ និងមានស្នៀតការពារល្អ។ បន្ថែមលើនេះ សុវណ្ណ មានប្លង់វ៉ៃល្អ គឺក្បាច់ជង្គង់ និងកែងមុតស្រួច ព្រមទាំងចេញកណ្ដាប់ដៃបានរហ័ស ដោយធ្លាប់ឈ្នះចំណាត់ថ្នាក់លេខ ២ ជម្រើសជាតិផងដែរ ហេតុនេះការប្រកួតប្រជែងរបស់អ្នកទាំង ២ នេះអាចនឹងមានភាពតានតឹងខ្លាំងគឺអាចនឹងទ្រមខ្លួនដូចគ្នាមិនខាន។
ក្រៅពីការប្រកួតជម្រុះដណ្តើមពានទម្ងន់ ៥៥ គីឡូក្រាមនេះ កីឡាករកម្ពុជា ឆៃ សារ៉ា ត្រូវដាក់ឲ្យប្រកួតជាមួយជើងខ្លាំងថៃ Chhouk Chhai ហើយសមត្ថភាពរបស់អ្នកទាំង ២ ត្រូវបានគេមើលឃើញថាបើសិន Chhouk Chhai វ៉ៃអស់ពីសមត្ថភាព ដោយប្រើតែក្បាច់ជង្គង់នោះ ឆៃ សារ៉ា គ្មានភាគរយឈ្នះថៃទាល់តែសោះ ប៉ុន្តែករណីភ្លាត់ស្នៀតក៏អាចកើតមានផងដែរ៕