ក្រុងគូឡាឡាំពួ: ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី បានវាយបកដេញតាមពីក្រោយដើម្បីដណ្តើមបានលទ្ធផលស្មើ ២-២ ជាមួយនឹងក្រុមជម្រើសជាតិវៀតណាម ក្នុងការប្រកួតជើងទី ១ នៃព្រឹត្តិការណ៍ AFF Suzuki Cup វគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋានជាតិ Bukit Jalil ពីថ្ងៃអង្គារ។ គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Nguyen Huy Hung និង Pham Duc Huy នៅពាក់កណ្តាលតង់ទី ១ បានជួយឲ្យក្រុមភ្ញៀវគ្រប់គ្រងទាំងស្រុង ប៉ុន្តែខ្សែការពារ Shahrul Saad បានកាត់បន្ថយការដេញតាមពីក្រោយ មុនពេលខ្សែប្រយុទ្ធ Safawi Rasid បានស៊ុតបាល់ពិន័យ Freekick យ៉ាងល្អនៅនាទី ទី ៦០ ដើម្បីរកគ្រាប់បាល់តាមស្មើសម្រាប់ក្រុមម្ចាស់ផ្ទះ។
អ្នកចាំទីអន្តរជាតិវៀតណាម Dang Van Lam បានសង្គ្រោះបាល់ ១ គ្រាប់យ៉ាងល្អ នៅជិតបញ្ចប់ការប្រកួតដើម្បីរារាំងគ្រាប់បាល់ពីការស៊ុតរបស់កីឡាករ Syafiq Ahmad និងរក្សាធ្វើឲ្យស្ថិតក្នុងលទ្ធផលស្មើនៅមុនពេលការប្រកួតជើងទី ២ ក្នុងទីក្រុងហាណូយ នៅថ្ងៃសៅរ៍ សប្តាហ៍នេះ។ ក្រុមជម្រើសជាតិម៉ាឡេស៊ី បានដាក់សម្ពាធលើគូប្រកួតយ៉ាងខ្លាំងនៅដើមតង់ទី ១ ពីមុខអ្នកគាំទ្រដ៏ច្រើនកុះករចំនួន ៨៧០០០ នាក់ ប៉ុន្តែ ក្រុមជម្រើសជាតិវៀតណាម បានរកគ្រាប់បាល់នាំមុខមុន នៅនាទីទី ២២ ក្រោយពីបានបើក ការវាយសម្រុករហ័ស។
ខ្សែការពារ Doan Van Hau បានបញ្ជូនបាល់យ៉ាងល្អទៅឲ្យកីឡាករ Phan Van Duc ដែលការបញ្ជូនបាល់ឆ្លងរបស់គេទៅឲ្យ Duc Huy ត្រូវបានកាត់ផ្តាច់ដោយកីឡាករ Nazirul Naim ប៉ុន្តែ បាល់បានធ្លាក់ចំពីមុខកីឡាករ Huy Hung ដែលបានស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងល្អ។
ក្រុមម្ចាស់ផ្ទះបានខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការវាយបកវិញ នៅមុនពេលក្រុមជម្រើសជាតិវៀតណាម បានស៊ុតបាល់បញ្ចូលទីម្តងទៀតក្នុងរយៈពេល ៣ នាទីក្រោយមក។
ខ្សែការពារ Van Duc បានក្លាយជាអ្នកបញ្ជូនបាល់ម្តងទៀត ក្រោយពីបានបញ្ជូនបាល់ទៅឲ្យកីឡាករ Duc Huy ដែលបានរអិលជើង ខណៈដែលរូបគេបានស៊ុតបាល់ដោយជើងឆ្វេងរបស់គេ ប៉ុន្តែ ការស៊ុតបាល់ពីចម្ងាយ ២៥ ម៉ែត្ររបស់គេ បានផុតដៃអ្នកចាំទី Farizal Marlias ចូលទីយ៉ាងល្អ។
ក្រុមជម្រើសជាតិម៉ាឡេស៊ី បានកាត់បន្ថយការដេញតាមពីក្រោយនៅនាទីទី ៣៦ នៅពេលដែលការស៊ុតបាល់ពិន័យ Freekick របស់កីឡាករ Syamer Kutty Abba ពីតំបន់ខាងឆ្វេង បានរត់ចំក្បាលរបស់ Shahrul ដែលបានតែតបាល់ផុតដៃអ្នកចាំទី Van Lam។
បន្ទាប់មកក្រុមម្ចាស់ផ្ទះ បានរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី ៦០ នៅពេលដែលពួកគេបានទទួលបាល់ពិន័យ Freekick នៅតំបន់ខាងស្តាំនៃប្រអប់ទី ហើយកីឡាករ Safawi បានស៊ុតបាល់ចូលជ្រុងម្ខាងនៃទីយ៉ាងល្អ។ ក្រុមម្ចាស់ផ្ទះទទួលបានឱកាសយ៉ាងល្អនៅនាទីចុងក្រោយក្នុងការឈ្នះការប្រកួតនេះ ខណៈការស៊ុតបាល់ពិន័យ Freekick របស់កីឡាករបម្រុង Syafiq បានរត់ទម្លុះជញ្ជាំងការពាររបស់វៀតណាម ប៉ុន្តែ ត្រូវបានដាល់ចេញដោយអ្នកចាំទី Van Lam។
យុទ្ធនាការកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍រយៈពេល ២ ឆ្នាំម្តងនេះបានចាប់ផ្តើមក្នុងវគ្គចែកពូលរបស់ខ្លួនកាលពីថ្ងៃទី ៨ ខែវិច្ឆិកា ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៨ នេះ។ ក្រុមជម្រើសជាតិកម្ពុជា បានស្ថិតក្នុងពូល A ក្នុងចំណោមពូលទាំង ២ ប៉ុន្តែ ក្រុមមានរហស្សនាមថា គោព្រៃមួយនេះ បានធ្លាក់ចេញត្រឹមវគ្គចែកពូល ក្រោយពីបានបញ្ចប់ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ ៤ ដោយមាន ៣ ពិន្ទុ ពីការប្រកួត ៤ លើក។
មុននឹងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ ម៉ាឡេស៊ី បានទម្លាក់ក្រុមម្ចាស់ការពារតំណែងជើងឯកថៃ ខណៈដែលវៀតណាម ទម្លាក់ក្រុមហ្វីលីពីន៕