ក្រុង​ម៉ូ​ស្គូ: ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​ម៉ិក​ស៊ិក បាន​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើង​​ឯក​ពិភព​លោក អាល្លឺ​ម៉ង់ ស្រឡាំង​កាំង​កាល​ពី​ថ្ងៃ​​អាទិត្យ តាម​រយៈ​ការ​យកឈ្នះ​ក្នុង​លទ្ធ​ផល ១-០ ដែល​ធ្វើ​ឲ្យ​​ការ​ការ​ពារ​​ពាន​របស់​អាល្លឺ​ម៉ង់ ស្ថិត​ក្នុង​ភាព​មិន​ច្បាស់ ខណៈ​ដែល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល របស់ Neymar បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ១-១ ជា​មួយ​នឹងក្រុម​ជម្រើស​ជាតិ​ស្វ៊ីស​។

ខ្សែ​ប្រយុទ្ធ Hirving Lozano បាន​រក​គ្រាប់​បាល់​ឈ្នះ​សម្រាប់​ក្រុម​​ម៉ិក​ស៊ិក នៅនាទី ទី​៣៥ នា​កីឡដ្ឋាន Luzhniki ក្នុង​ទីក្រុង​ម៉ូ​ស្គូ ក្រោយពី​ធ្វើ​ឲ្យ​អ្នក​ចាំ​ទី Manuel Neuer មិន​អាច​សង្គ្រោះ​បាល់​បាន​ឡើយ ក្រោយ​​ពី​ការ​អវត្ត​មាន​អស់​រយៈ​ពេល​៩​ខែ​ ដោយ​សារ​តែ​រ​បួស​។

ខ្សែ​បម្រើ Toni Kroos បាន​ស៊ុត​បាល់​ប៉ះ​ទៅ​នឹង​របារ​ទី​ សម្រាប់​អាល្លឺ​ម៉ង់ ប៉ុន្តែ ពួក​គេ​មិន​​​អាច​វាយ​បក​ដើម្បី​វិល​ទៅកាន់​ការប្រកួត​នេះ​វិញ​ឡើយ ខណៈ​ដែល​ពួក​គេ​បាន​រង​​បរា​ជ័យ​ជាលើក​ទី​១​ក្នុង​ការប្រកួត​បើកឆាក​របស់​ពួក​គេ​នៃ​យុទ្ធ​នាការ World Cup បើ​គិត​ចាប់​តាំង​ពីឆ្នាំ​១៩៨២​។

Lozano វ័យ ២២​ ឆ្នាំ បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​មិន​ដឹង​ថា វា​ជា​ជ័យ​ជម្នះ​ដ៏​ធំបំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​​ម៉ិក​ស៊ិក ឬ​យ៉ាង​ណា​ឡើយ ប៉ុន្តែ ពិត​ណាស់ វា​ជា​ជ័យ​ជម្នះមួយ​​ក្នុង​ចំណោម​ជ័យជម្នះ​ដ៏​ធំបំផុត​»​។

គ្រាប់​បាល់​ឈ្នះ​របស់ Lozano បាន​បង្កើត​ឲ្យ​មាន​រំ​ញ័រ​ផែន​ដី​ក្នុង​ទីក្រុង Mexico City ដោយ​ក្រុម​អ្នក​ជំនាញ​បាន​រក​ឃើញ​ពី​សញ្ញា​រញ្ជួយ​តូច​មួយ​​ដែល​អាច​ត្រូវ​បាន​បង្កើត​ឡើង​ដោយ «ការ​លោត​អប​អរ​យ៉ាង​ខ្លាំង​ក្លា ​ក្នុង​ពេល​គ្រាប់​បាល់​ចូល​ទី​»​​៕ IS

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​ប្រេស៊ីល Neymar (ឆ្វេង) ដណ្តើម​បាល់​ជា​មួយនឹង​កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស។ AFP