ក្រុង​តូក្យូ៖ សិស្ស​សាលា​ជប៉ុន​ Misugu Okamoto ​មិន​ទាន់​​មាន​​បំណង​ចូលរួម​ប្រកួត​​យក​មេដាយ​នៅ​ព្រឹត្តិការណ៍​​អូឡាំពិក​ក្រុង​តូក្យូ​ឆ្នាំ ​២០២០ ​​នៅ​ឡើយ​ទេ​ ​ទោះ​ជា​រូប​នាង​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​​​ជិះ​ក្ដារ​ស្គី​​​ក្មេង​បំផុត​ក្នុង​ពិភព​លោក​​​នៅ​​ចុង​សប្ដាហ៍​នេះ​ក៏​ដោយ​។​​

កីឡាការិនី​អាយុ ​១៣ ​ឆ្នាំ​រូប​នេះ ​បាន​ឈ្នះ​ពាន​រង្វាន់​ម្ចាស់​ជើងឯក​ពិភព​លោក​​ជិះ​ក្ដារ​ស្គី​ក្រោយ​ពី​បាន​​ឈ្នះ​កីឡាការិនី​ជប៉ុន​​ Sakura Yosozumi ​ក្នុង​ការ​ប្រកួត​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុង​តូក្យូ​។​​​

កីឡាការិនី​ Okamoto បាន​ប្រកួត​ឈ្នះ ​៥ ​លើក​ចុង​ក្រោយ ​រួម​ទាំង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​ការ​ប្រកួត​ X Games ដ៏​មាន​តម្លៃ​កាល​ពី​ខែ​មុន​ផង​ដែរ​។​

កីឡាការិនី​វ័យ​ក្មេង​រូប​នេះ​បាន​ប្រាប់​ AFP ថា៖ «​ខ្ញុំ​មិន​បាន​គិត​ពី​ការ​​​ឈ្នះ​នេះ​ទេ​ ហើយ​​ក៏​មិន​​គិត​ពី​ការ​​ឈ្នះ​ជា​ម្ចាស់​ជើងឯក​វ័យ​ក្មេង​បំផុត​ក្នុង​​ពិភព​លោក​​នោះ​ដែរ​។ ខ្ញុំ​គ្មាន​អារម្មណ៍​ដូច​ជា​ខ្ញុំ​ជា​កីឡាការិនី​ល្អ​បំផុត​ក្នុង​ពិភព​លោក​នោះ​ទេ​»​។​​​​

កីឡាការិនី​ Okamoto ​ទទួល​បាន​ពិន្ទុ ​៦១,១៧​ ​​ឈ្នះ​កីឡាការិនី Yosozumi ដែល​បាន​ពិន្ទុ​ ៦០,០០​ ហើយ​កីឡាការិនី​អង់គ្លេស​ Sky Brown អាយុ ​១១ ​ឆ្នាំ ​ដែល​មាន​បំណង​ក្លាយ​ជា​កីឡាការិនី​វ័យ​ក្មេង​បំផុត​នៅ​ព្រឹត្តិការណ៍ Summer Olympics ក្នុង​រយៈពេល ​៥០ ​ឆ្នាំ​នេះ​ បាន​ពិន្ទុ ​៥៨,១៣​ និង​បាន​លេខ ​៣​។​​​

កីឡាការិនី​ Okamoto ​បាន​បន្ត​ថា៖ «​ខ្ញុំ​គ្មាន​គំនិត​ចង់​​ចូលរួម​អូឡាំពិក​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ខ្ញុំ​នឹង​ហ្វឹកហាត់​​​បច្ចេកទេស​ថ្មីៗ​ទៀត ​ដើម្បី​ពង្រឹង​សមត្ថភាព​ជួយ​​ឲ្យ​ខ្ញុំ​កាន់​តែ​រឹងមាំ​ជាង​មុន​​»។​

ទោះ​ជា​កីឡាការិនី​រូប​នេះ​មិន​ចង់​ល្បីល្បាញ​ក៏​ដោយ ​ប៉ុន្តែ​រូប​នាង​ចង់​ឲ្យ​មាន​ក្រុម​យុវវ័យ​​ស្របាល​គ្នា​​ទទួល​ស្គាល់​រូប​នាង​​ក្នុង​វិស័យ​កីឡា​ជិះ​ក្ដារ​ស្គី​​នេះ​ និង​មាន​ការ​លើក​ចិត្ត​ពី​ពួក​គេ​ក្នុង​ការ​ចូលរួម​​អូឡាំពិក​ផង​ដែរ​​។

កីឡាការិនី Okamoto បាន​និយាយ​ថា៖ ​«​ការ​ជិះ​ក្ដារ​ស្គី ​គឺ​មិន​ត្រូវ​ពឹង​តែ​លើ​ការ​ប្រកួត​ប្រជែង​នោះ​ទេ​ ហើយ​ខ្ញុំ​ចង់​ក្លាយ​ជា​កីឡាការិនី​ឆ្នើម​ម្នាក់​ដែល​មាន​ការ​ទទួល​ស្គាល់​ក្នុង​សង្គម​ព្រោះ​ខ្ញុំ​នៅ​មាន​ពេល​វែង​ឆ្ងាយ​​ទៅ​មុខ​ទៀត​»។​​​

គ្រូ​បង្វឹក​របស់​កីឡាការិនី Okamoto គឺ​លោក Ray Takahashi បាន​ពន្យល់​ពី​ដំណើរ​ការ​នៃ​ការ​គិត​ដែល​ជំរុញ​​ឲ្យ​កូន​ក្រុម​វ័យ​ក្មេង​របស់​គាត់​មាន​ថាមពល​​បែប​នេះ​។​​​

គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​​ថា៖ «​យើង​មិន​សម្លឹង​មើល​ការ​ជិះ​ក្ដារ​ស្គី​ថា ​ជា​កីឡា​មួយ​ប្រភេទ​នោះ​ទេ​គឺ​វា​មាន​ន័យ​ច្រើន​ជាង​នេះ​ទៅ​​ទៀត​»។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​​ទៀត​ថា​៖ ​«​​មាន​ប្រវត្តិ​ និង​វប្បធម៌​សំខាន់ៗ​ទៀត​ក្នុង​ការ​ជិះ​ក្ដារ​ស្គី​នេះ ​គឺ​មិន​មែន​ឲ្យ​តែ​​ប្រកួត​ឈ្នះ​នៅ​​កន្លែង​ប្រកួត​ គឺ​ជា​អ្នក​ជោគជ័យ​​ក្នុង​ការ​ជិះ​ក្ដារស្គី​នោះ​ទេ​ គឺ​វា​មាន​ន័យ​​​លើស​ពី​អ្វី​ទាំង​​អស់​នេះ​ទៀត​​»៕ AFP/SN