ក្រុងឡុងដ៍៖ លោក Unai Emery គ្រូបង្វឹកក្លិប Arsenal ជឿថា លទ្ធផលរបស់ក្លិប Arsenal ក្នុងការប្រកួតជាមួយក្រុម Watford ពីថ្ងៃអាទិត្យនោះ អាចជាមេរៀនខ្លះសម្រាប់ក្រុមយុវជនរបស់គាត់ក្នុងរយៈពេលយូរទៅខាងមុខទៀត។
ក្រុមកាំភ្លើងធំ Arsenal ទំនងជាចង់រកឲ្យបាន ៣ គ្រាប់ នៅកីឡដ្ឋាន Vicarage Road ក្រោយពីកីឡាករ Pierre Emerick-Aubameyang បានជួយឲ្យក្រុមកាំភ្លើងធំនាំមុខ ២ គ្រាប់ ទៅលើគូប្រជែងខ្លួននៅក្នុងតង់ទី ១ រួចហើយ។
ប៉ុន្តែនៅក្នុងតង់ទី ២ កីឡាករ Tom Cleverley និង Roberto Pereyra បានជួយឲ្យក្រុម Watford តាមស្មើនឹងក្រុមកាំភ្លើងធំវិញ ធ្វើឲ្យលទ្ធផលប្រកួតស្មើគ្នា ២-២ នៅក្នុងទឹកដីរបស់ក្លិប Watford។
កីឡាករ Aubameyang បានខកចិត្តយ៉ាងខ្លាំងនៅពេលមិនអាចរកបានគ្រាប់ទី ៣ ធ្វើឲ្យលោក Emery សង្ឃឹមថា បទពិសោធតាមរកគ្រាប់បាល់បន្ថែមទៀតនេះ នឹងមានសារប្រយោជន៍សម្រាប់ក្រុមយុវជនរបស់ក្រុមគាត់។
លោក Emery បានប្រាប់សន្និសីទព័ត៌មានថា៖ «យើងមានយុវកីឡាករមួយចំនួន ហើយពួកគេត្រូវតែមានបទពិសោធដូចថ្ងៃនេះ»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «Matteo (Guendouzi) គឺជាកីឡាករក្មេងពោរពេញដោយកម្លាំងចិត្ត ហើយជួនកាលគាត់បានបង្កើតកំហុសមួយចំនួន ដើម្បីរៀនពីកំហុសនោះដូចនៅក្នុងតង់ទី ១ អ៊ីចឹង គឺ គាត់បានបង្កើតកំហុសមួយ ហើយពួកគេមិនរកបាន ១ គ្រាប់ទៀតនោះទេ»។
លោក Emery បានបន្ថែមទៀតថា៖ «នៅពេលយើងកំពុងវិភាគកំហុស គឺយើងចង់និយាយពីបញ្ហានោះជារួមព្រោះខ្ញុំជាអ្នកទទួលខុសត្រូវ»។
គ្រូបង្វឹករូបនេះបានបន្តទៀតថា៖ «ខ្ញុំមិនចង់និយាយថា វាជាកំហុសរបស់កីឡាករណាមួយតែម្នាក់ឯងនោះទេ ព្រោះខ្ញុំជាអ្នកទទួលខុសត្រូវក្នុងការផ្ដល់ទំនុកចិត្តដល់ពួកគេ ដើម្បីអនុវត្តផែនការប្រកួត»។
គ្រូបង្វឹកក្រុមកាំភ្លើងធំមានការខកចិត្តចំពោះកូនក្រុមរបស់គាត់ដែលមិនអាចជួយឲ្យក្រុមកាំភ្លើងធំឈ្នះក្រុម Watford ដោយនិយាយថា ចាំបាច់ត្រូវតែពង្រឹងសមត្ថភាពថែមទៀតជាបន្ទាន់។
លោក Emery ដែលក្រុមរបស់គាត់ប្រកួតស្មើនឹងក្រុម Tottenham ២-២ នោះមុនពេលសម្រាកសម្រាប់ការប្រកួតអន្តរជាតិនោះបានបន្ថែមថា៖ «តង់ទី ២ មានការពិបាកច្រើនដោយសារពួកគេប្ដូរផែនការលេងល្អជាងយើង»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ប្រសិនបើយើងអាចបំបែកសម្ពាធនោះបាន យើងអាចភ្ជាប់ ១ គ្រាប់ទៀត ជាមួយខ្សែបម្រើរបស់យើង និងមានពេលដាក់ផែនការប្រកួតរបស់យើងបន្តទៀត ប៉ុន្តែយើងមិនអាចធ្វើបានទេព្រោះពួកគេជាក្រុមល្អមួយ ដែលក្នុងតង់ទី ២ ពួកគេធ្វើបានសម្រេចតាមទាន់ស្មើយើង»។
លោក Emery បានបន្តទៀតថា៖ «យើងក៏បាននិយាយឲ្យកូនក្រុមខ្ញុំមានភាពអត់ធ្មត់ ដើម្បីទទួលបានអ្វីដែលយើងចង់បាន ប៉ុន្តែយើងធ្វើមិនបានសម្រេចទេដូច្នេះត្រូវបង្កើនសមត្ថភាព»។
លទ្ធផលនេះបានធ្វើឲ្យក្រុម Arsenal ឈរនៅលេខ ៧ មាន ៨ ពិន្ទុ ក្នុង ៥ ប្រកួត ចំណែកក្រុម Watford ដែលមិនធ្លាប់ឈ្នះនោះ នៅតែបន្តស្ថិតនៅបាតតារាងនៃក្របខ័ណ្ឌ Premier League៕ AFP/SN