ភ្នំពេញៈ មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​ដែល​តាមដាន​សកម្មភាព​ប្រដាល់ នៅពេល​គណៈកម្មកា​របស់​សង្វៀន SEATV បាន​ផ្គូផ្គង យ៉េន ឌីណា (​ប៉ោ ភារិទ្ធ​) របស់​សមាគម​ប្រដាល់​ក្រសួង​កសិកម្ម ឲ្យ​ជួប​ជើង​ខ្លាំង​ជំនាញ​ជង្គង់​របស់​ថៃ Chhuok Chhai នា​រសៀល​ថ្ងៃ​សៅរ៍​នេះ ហើយ​ជំនួប​នេះ​ក៏​បង្កើត​ឲ្យ​មាន​មន្ទិលសង្ស័យ​ផង​ដែរ ថា​តើ យ៉េន ឌីណា នឹង​ទទួល​បាន​លទ្ធផល​បែប​ណា​?

បើ​ទោះបី​ជា យ៉េន ឌីណា ទើប​បាន​យក​ឈ្នះ​ជើង​ខ្លាំង​ថៃ Loom Leng ដោយ​ពិន្ទុ​កាលពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ Chhuok Chhai ជា​ជើង​ខ្លាំង​មាន​ក្បាច់​ជង្គង់​ល្អ​បំផុត​ដែល​ធ្លាប់​ឈ្នះ ឡុង សុភី​, ផាន់ គ្រាន់​, ឡៅ ចន្ទ្រា​, មឿន សុខហ៊ុច និង​កីឡាករ​ដទៃ​ច្រើន​ទៀត ហើយ​គេ​ក៏​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​មួយ​ពី​ CNC ទៀត​ផង ពោល​គឺ​សឹងតែ​រក​គូប្រកួត​មិន​បាន​។

ប្រភព​អ្នក​តាមដាន​ប្រដាល់​មួយ​ចំនួន​ធំ គេ​ហ៊ាន​ទស្សន៍ទាយ​ជា​មុន​ថា ប្រសិន​បើ​គ្មាន​ការរៀបចំ​យឹតយោង ឬ​ឃុបឃិត​គ្នា​ណា​មួយ​គឺ យ៉េន ឌីណា គ្មាន​លទ្ធភាព​អាច​ឈ្នះ​កីឡាករ Chhuok Chhai បាន​នោះ​ទេ​។

យ៉េន ឌីណា ធ្លាប់​ប្រកួត​បាន​ ៧១ ​ដង ឈ្នះ​ ៦០ និង​ចាញ់​ ១១ ​ដង ហើយ​គេ​ជា​កីឡាករ​វាយ​ក្បាច់​ល្អ ប៉ុន្តែ​មិន​សូវ​មាន​ប្រជាប្រិយភាព ដោយសារ​កាលពី​នៅ​វ៉ៃ​ប្រចាំ​សង្វៀន​អប្សរា​កន្លង​មក​មាន​គេ​ជួយ​លើក​តម្កើង​ហួសហេតុ និង​យឹតយោង​ហួស​សមត្ថភាព ខណៈ​ដែល​វ៉ៃ​ចាញ់​គេ​ដាច់​នៅ​តែ​យោង​ឲ្យ​ឈ្នះ​។ ចំពោះ Chhuok Chhai វិញ​ធ្លាប់​ប្រកួត​ ៨៨ ​ដង​ឈ្នះ​ ៦៦ ចាញ់​ ១៩ ​ដង​ និង​ស្មើ​ពិន្ទុ​ ៣ ​ដង​។

កីឡាករ យ៉េន ឌីណា និង​គ្រូបង្វឹក អេ ភូថង មិន​អាច​ទាក់ទង​សម្ភាស​បាន​ទេ​ពី​ស្ថានភាព​ត្រៀម​ខ្លួន ប៉ុន្តែ​អ្នកស្រី សុម៉ាលី ជា​ប្រពន្ធ​លោក អេ ភូថង ប្រាប់​ថា​កំពុង​ហ្វឹកហាត់​បាន​ល្អ ប៉ុន្តែ​ឥឡូវ​គេ​មាន​បញ្ហា​សុខភាព​ផ្តាសាយ​ផង​ដែរ​។

ចំណែក​លោក ថៃ អ៊ូ អ្នក​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​ប្រាប់​ថា​៖ «​ទាក់ទង​ទៅ​នឹង​លទ្ធផល​ប្រកួត ខ្ញុំ​មិន​សូវ​ហ៊ាន​និយាយ​ទេ ព្រោះ​វា​ខុស​ពី​គោលការណ៍​។ ខ្ញុំ​មាន​ភារកិច្ច​ត្រឹម​នាំ​កីឡាករ​មក​ប្រកួត​ប៉ុណ្ណោះ ទោះ​ជា​យ៉ាងណា​តាម​ភ្នែក និង​អ្វី​ដែល​ខ្ញុំ​មើល​ពី​សមត្ថភាព​កីឡាករ​វិញ យ៉េន ឌីណា មាន​ភាគរយ​តិច​ណាស់ ដើម្បី​ឈ្នះ Chhuok Chhai ប៉ុន្តែ​រឿង​អ្វីៗ ឬ​ការប្រែប្រួល​ពេល​ប្រកួត​គឺ​យើង​មិន​អាច​ទស្សន៍ទាយ​ត្រូវ​ឡើយ​»​។

ចំពោះ​លោក ផែន យ៉ត ជា​គ្រូបង្វឹក​របស់​ជើង​ខ្លាំង Chhuok Chhai បាន​និយាយ​ថា​៖ «​ខ្ញុំ​មាន​ទំនុកចិត្ត​ថា Chhuok Chhai នឹង​ឈ្នះ​ក្នុង​ក្តីសង្ឃឹម​ ៩០ ​ភាគរយ​»​។

យោង​តាម​ប្រភព​ថា សុខភាព​របស់ យ៉េន ឌីណា មាន​បញ្ហា​ផ្តាសាយ​នោះ លោក ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រចាំ​សង្វៀន SEATV បាន​អះអាង​ថា​៖ «​គិត​មក​ដល់​ម៉ោង​នេះ ខ្ញុំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អ្វី​ទេ ហើយ​គូ​ប្រដាល់​ ១ ​គូ​នេះ គឺ​មិន​ផ្លាស់ប្តូរ​ឡើយ​។ ​តាម​បទពិសោធ​រៀបចំ​របស់​ខ្ញុំ​ប្រដាល់​ប្រហែល​ ២០ ​ឆ្នាំ​នេះ​គឺ​កីឡាករ​កម្ពុជា​ឲ្យ​តែ​ប៉ះ​កីឡាករ​ថៃ​ខ្លាំង ភាគច្រើន​ចង់​គ្រុន និង​មាន​កីឡាករ​ខ្លះ​គេច​ពី​ការប្រកួត​ផង ពេល​កម្មវិធី​មកដល់​»​។

ដោយ​ឡែក​អ្នក​ប្រដាល់​មុខ​ឌឺ យុគ យក្សផ្លែ ក៏​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Niev Phatdam ក្នុង​ប្រភេទ​ទម្ងន់​ ៥៧ ​គីឡូក្រាម​នៅ​ថ្ងៃ​សៅរ៍​នោះ​ដែរ ហើយ យក្សផ្លែ មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​ថៃ​ម្នាក់​នេះ​គឺ​ធ្លាប់​ប្រកួត​ ១៦៧ ​ដង ឈ្នះ​ ១៣៥ ​ចាញ់​ ២៧ និង​ស្មើ​ ៥ ​ដង ខណៈ Niev Phatdam ធ្លាប់​ប្រកួត​ ៦៥ ​ដង ឈ្នះ​ ៦០ ​ដង និង​ចាញ់​ ៥ ​ដង​៕