ភ្នំពេញៈ ការប្រកួត​ជម្រុះ​កីឡា​អុកចត្រង្គ ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ ដែល​មាន​បេក្ខជន​កីឡា​អុកចត្រង្គ​មក​ពី​ខេត្ត​កែប ខេត្ត​កំពត និង​ខេត្ត​កោះកុង ចូលរួម​នោះ បាន​រក​ឃើញ​អ្នក​ឈ្នះ​ចំណាត់​ថ្នាក់​លេខ ១ ដល់​លេខ ៣ ដើម្បី​ត្រៀម​ឡើង​មក​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ ឆ្នាំ ២០១៨ ជា​ផ្លូវការ​ហើយ ប៉ុន្តែ​មណ្ឌល​ចំនួន ៦ ទៀត នៅ​មិន​ទាន់​បើក​ការ​ប្រកួត និង​រក​ឃើញ​អ្នក​ខ្លាំង​នៅ​ឡើយ​ទេ។

ទាក់ទង​នឹង​ការប្រកួត​ប្រចាំ​មណ្ឌល​ខេត្ត​ព្រះសីហនុ​នេះ លោក គ្រួច ចន្ថារិទ្ធ គណៈកម្ម​ការ​រៀបចំ​ការ​ប្រកួត​អុកចត្រង្គ​របស់​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា ប្រាប់​ថា ឆ្លង​តាមរយៈ​ការ​ប្រកួត​ប្រជែង​តាម​រូបមន្ត​ជម្រុះ​វិល​ជុំ មាន​ចំនួន ៧ ប្រកួត​នោះ យើង​ទទួល​បាន​លទ្ធផល​ជា​ផ្លូវការ គឺ​ចំណាត់​ថ្នាក់​លេខ ១ បាន​ទៅ​កីឡាករ ម៉ម ស៊ីថា មាន​ស្រុក​កំណើត​មក​ពី​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ និង​មាន​មុខ​របរ​ជា​ស្ថាបត្យករ។

លោក​បន្តថា ចំណាត់​ថ្នាក់​លេខ ២ បាន​ទៅ​លើ​កីឡាករ សុខ សំបូរ មាន​លំនៅ​បច្ចុប្បន្ន​នៅ​ក្រុង​កំពត ខេត្ត​កំពត មាន​មុខរបរ​ជា​គ្រូពេទ្យ ហើយ​លេខ ៣ បាន​ទៅ ឃឹម ឃឹម មាន​ទីលំនៅ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​មុខរបរ ជា​អ្នក​រកស៊ី។

សម្រាប់​ការប្រកួត​នៅ​មណ្ឌល​ជា​បន្តទៀត លោក ឈាវ បូរ៉ា ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា បាន​ប្រាប់​កាល​ពី​ថ្ងៃ​ពុធ ថា៖ «ក្រោយ​ពី​ការ​បញ្ចប់​ការ​ប្រកួត​នៅ​មណ្ឌល ខេត្ត​ព្រះសីហនុ​នេះ គឺ​នៅ​ថ្ងៃទី ២៥ ខែ​កុម្ភៈ ខាងមុខ​នេះ គណៈកម្មការ​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា នឹងធ្វើ​ដំណើរ​ទៅ​បើក​ការ​ប្រកួត​នៅ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ដែល​មាន​បេក្ខជន​មក​ពី​ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កំពង់ឆ្នាំង ចូលរួម ដើម្បី​ប្រជែង​កៅអី​ប្រចាំ មណ្ឌល​នេះ»។

បើតាម​មន្ត្រី​រៀបចំ​ការប្រកួត​របស់​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា បាន​ឲ្យ​ដឹងថា មណ្ឌល​ខេត្ត​កំពង់ស្ពឺ​នេះ មាន​បេក្ខជន​បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត ចំនួន ១៣ នាក់​ហើយ ចំណែក​មណ្ឌល​ចំនួន ៥ ទៀត ដែល​ត្រូវ​ប្រកួត​ជម្រុះ​ជា​បន្ត​បន្ទាប់​គ្នា​នោះ មាន​មណ្ឌល​ខេត្ត​កំពង់ចាម មណ្ឌល​ខេត្ត​បាត់ដំបង មណ្ឌល​ខេត្ត​សៀមរាប មណ្ឌល​ខេត្ត​ក្រចេះ និង​មណ្ឌល​ភ្នំពេញ។

នៅតាម​មណ្ឌល​ទាំង ៧ នេះ គណៈកម្មការ​កំណត់​យក ១ មណ្ឌល​តែ ៣ នាក់​ទេ លើក​លែង​តែ​មណ្ឌល​ភ្នំពេញ ដែល​អាច​យក​ច្រើន​ជាង ៣ នាក់ សម្រាប់​ឡើង​ទៅ​ប្រកួត​កីឡា​អុកចត្រង្គ​ជើង​ឯក​ថ្នាក់​ជាតិ រួច​បន្ត​យក​ជើង​ខ្លាំង ៨ នាក់ ដែល​ឈ្នះ​ការ​ប្រកួត​ថ្នាក់​ជាតិ ឡើង​ទៅ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ ដណ្តើម​យក​តំណែង​ស្តេច​អុកចត្រង្គ ឆ្នាំ ២០១៨ ដែល​នឹង​ធ្វើ​នៅ​មហាសង្ក្រាន្ត មុខ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ ប្រពៃណី​ជាតិ​ខ្មែរ ខាងមុខ​នេះ៕