ភ្នំពេញៈ ការ​ប្រកួត​ជម្រុះ​ក្នុង​ចំណោម​បេក្ខជន​ប្រកួត​ប្រជែង​ចំនួន ២៤ នាក់ មក​ពី ៧ មណ្ឌល នៅ​ទូទាំង​ប្រទេស​កម្ពុជា គឺ​បាន​រក​ឃើញ​អ្នក​ឈ្នះ​ចំនួន ៨ នាក់​ចុង​ក្រោយ​ហើយ សម្រាប់​ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ យក​តំណែង​ស្តេច​អុក ឆ្នាំ ២០១៨ នៅ​មុខ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប នា​មហាសង្ក្រាន្ត​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ខាង​មុខ​នេះ។

តាមរយៈ​ការប្រកួត​ជម្រុះ​ពេញ​មួយថ្ងៃ នៅ​ទីស្នាក់ការ NOCC កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ ស្តេច​អុក ២ សម័យកាល ឈាវ បូរ៉ា របស់​ខេត្ត​កំពង់ចាម ស៊ីវ ស៊ីន មក​ពី​ខេត្ត​កំពង់ស្ពឺ សុខ លឹមហេង នៅ​ភ្នំពេញ កែវ វឌ្ឍនា នៅ​ភ្នំពេញ ធីម ឌីណា មក​ពី​ខេត្ត​កំពង់ចាម អេង សេង​ហៀក មក​ពី​ខេត្ត​សៀមរាប ប៊ិន គា​សេង មក​ពី​ខេត្ត​ក្រចេះ និង ប៊ូ ប៉ុណ្ណ​ម៉ាលីកា នៅ​ភ្នំពេញ បាន​ក្លាយជា​បេក្ខភាព ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​យក​តំណែង​ស្តេច​អុក នា​ពេល​ខាងមុខ​នេះ។

ផ្ទុយ​ពីនេះ អតីត​ស្តេច​អុក​វ័យក្មេង​ជំនាញ​ផ្នែក IT ហេង សៅឌី ព្រមទាំង​អតីត​ស្តេច​អុក​ឆ្នាំ ២០១៦ ហូយ សូណា និង​អតីត​ស្តេច​អុក​ឆ្នាំ ២០០០ ឆ្នាំ ២០០៨ ឆយ វីរ៉ា បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល​ទាំង ៦ ដូច​គ្នា ហើយ​ជើង​ខ្លាំង​ធ្លាប់​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ កាល​ពី​​​ឆ្នាំ ២០១៧ មួយ​ចំនួន​ទៀត ក៏បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ កាល​ពី​​ថ្ងៃ​អាទិត្យ​នោះ​ដែរ។

កីឡាករ ឈាវ បូរ៉ា, ស៊ីវ ស៊ីន, សុខ លឹម​ហេង, កែវ វឌ្ឍនា, ធីម ឌីណា និង អេង សេង​ហៀក សុទ្ធ​តែ​បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​ខ្វែង​រវាង​ពូល​ទាំង ៦ ដោយ​ក្នុង​នោះ ឈាវ បូរ៉ា លេខ ១ មក​ពី​ពូក C បាន​យក​ឈ្នះ​លេខ ២ ពូល D មាស សុភក្តិ ពេល​លេខ ១ ពូល A អេង សេង​ហៀក បាន​ទម្លាក់​លេខ ២ ពូល F ឃុត ប្រិមប្រិយ ប៉ុន្តែ​លេខ ១ ពូល F ប៊ិន គា​សេង បាន​ចាញ់​លេខ ២ ពូល A ស៊ីវ ស៊ីន ហើយ លេខ​ពូល B សុខ លឹម​ហេង បាន​យក​ឈ្នះ​លេខ ២ ពូល E ឃឹម ឃឹម។

ចំណែក​លេខ ២ ពូល B កែវ វ​ឌ្ឍ​នា បាន​ទម្លាក់​លេខ ១ ពូល E ប៊ូ ប៉ុណ្ណ​ម៉ាលី​កា ស្រប​ពេល​លេខ ២ ពូល C ធីម ឌីណា ឈ្នះ​លេខ ១ ពូល D ប៉ោ សារិទ្ធ។ យ៉ាង​ណា​ក៏ដោយ​ជើង​ឯក​រង​ស្តេច​អុក​ឆ្នាំ ២០១៧ ប៊ិន គា​សេង និង ប៊ូ ប៉ុណ្ណ​ម៉ាលីកា បាន​ឈ្នះ​ក្នុងការ​ប្រកួត​វិលជុំ​រវាង​អ្នក​ចាញ់​ទាំង ៦ ទើប​បាន​ឱកាស​ឡើង​មក​ប្រកួត​ផ្តាច់​ព្រ័ត្រ នា​ពេល​ខាងមុខ​នេះ។

លោក គ្រូច ចន្ថា​រិ​ទ្ធ គណៈកម្មការ​រៀប​ចំការ​ប្រកួត បាន​អះអាង​ថា៖ «អ្នក​ឈ្នះ​ទាំង ៨ នាក់​ចុង​ក្រោយ​នេះ​គឺ​ឆ្លង​កាត់​ការ​ប្រកួត​ជម្រុះ ប្រកប​ដោយ​យុត្តិធម៌ តម្លាភាព គឺ​អ្នកមាន​សមត្ថភាព បាន​ឈ្នះ ហើយ​ក្នុង​ចំណោម​បេក្ខជន​ស្តេច​អុក ៨ នាក់​ឆ្នាំ ២០១៨ នេះ​គឺមាន​ជើង​ថ្មី​ជាប់​បាន ៤ នាក់។ ចំណែក ៤ នាក់​ទៀត​ជា​ជើង​ចាស់ ធ្លាប់​ជាប់ ៨ នាក់​ចុង​ក្រោយ​កន្លង​មក​មាន​ដូចជា អេង សេង​ហៀក, កែវ វឌ្ឍនា, ប៊ិន​គា​សេង និង ឈាវ បូរ៉ា»។

ចំណែក​អតីត​ស្តេច​អុក​ឆ្នាំ ២០១៤ និង ២០១៥ ឈាវ បូរ៉ា និយាយ​ថា៖ «ក្នុង​ចំណោម​អ្នក​ឈ្នះ ៨ នេះ យើង​មិន​ហ៊ាន​និយាយ​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ទេ ព្រោះ​វា​អាស្រ័យ​នៅ​លើ​ពេល​លេង​តែម្តង គឺ​ចាញ់​ឈ្នះ​នៅ​ពេល​គិត​ភ្លាម»។

ឈាវ បូរ៉ា ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា ផង​នោះ បាន​បន្ថែម​ថា៖ «សម្រាប់​ឆ្នាំ ២០១៨ នេះ ការ​ប្រកួត​ចុង​ក្រោយ នៅ​សៀមរាប មិន​ទាន់​ចាប់​គូ​ទេ គឺ​ទៅ​ចាប់​ឆ្នោត​នៅ​ឯ​សៀមរាប ពេល​ប្រកួត​តែម្តង ហើយ​ក៏​មិន​ដឹង​ថា ចែក​ជា ២ ពូល ដូច​ឆ្នាំមុន ឬ​យ៉ាង​ណា​ទេ ព្រោះ​ខាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​អ្នក​រៀបចំ​ទាំង​អស់»៕