ក្រុង​គូ​ឡា​ឡាំ​ពួ: អ្នក​ប្រយុទ្ធ​គុន​ចម្រុះ​របស់​កម្ពុជា ឯម សុ​វណ្ណារី និង​ចាន់ រតនា សុទ្ធ​សឹង​បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​មុខ​មាត់​លើទឹក​ដី​នៃ​ទីក្រុង​គូឡាឡាំពួ ក្រោយ​ពី​ពួកគេ​ដណ្តើម​បាន​ជ័យជម្នះ​តាមរយៈ​ការ​ផ្តួល​ឲ្យ ដៃគូ​សន្លប់​ដូច​គ្នា​ក្នុង​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ONE: Destiny of Champions ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​សុក្រ។ កីឡាការិនី​កូន​ខ្មែរ​ដើម​អាមេរិក​សុវណ្ណារី បាន​ចំណាយ​ពេល​ច្រើន​ជាង ១,២០ នាទី​ប៉ុណ្ណោះ ដើម្បី​ផ្តួល​កីឡាការិនី​អ៊ុយក្រែន IrynaKyselova ក្នុង​ទម្ងន់ ៦៣,៥ គីឡូក្រាម ឲ្យ​សន្លប់​ក្នុង​ការ​ប្រកួត​បើក​ឆាក​នៅ​រាត្រី​ដដែល​នោះ។

កីឡាការិនី​វ័យ ២៦ ឆ្នាំ​រូបនេះ អាច​សង្គ្រោះ​ពី​ការព្យាយាម​ក្លេ​របស់ Iryna យ៉ាង​ល្អ មុន​នឹង​ដណ្តើម​បាន​ឱកាស​ក្នុង​ការ​អង្គុយ​លើ​ដៃគូ​វិញ ហើយ​សុវណ្ណារី បាន​វាយ​យ៉ាង​សន្ធាប់​ទៅ​លើ​ផ្ទៃមុខ​របស់​ដៃគូ​ដើម្បី​បង្ខំ​ឲ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​នៅ​ដើម​ទឹក​ទី ១ តែ​ម្តង។

ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​ក្នុងការ​បង្ហាញខ្លួន​ជា​លើក​ទី ១ របស់​នាង​ក្នុង​កម្មវិធី​ប្រកួត​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គភាព ONE Championship (ONE) សុ​វណ្ណារី បាន​បញ្ជាក់​ថា នាង​ពិត​ជា​រំភើប​ណាស់​ក្នុង​ការ​ដណ្តើម​បាន​ជ័យជម្នះ​នេះ ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​មាន​មោទនភាព។

កីឡាការិនី​រូបនេះ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ នៅឯ​សង្វៀន Axiata Arena ថា៖ «ខ្ញុំ​ពិតជា​រីករាយ​ណាស់។ ខ្ញុំ​បាន​ត្រៀម​ការ​ប្រកួត​យ៉ាង​ល្អ ដោយ​យើង​បាន​ផ្តោត​លើ​ការ​រារាំង​ការ​ប្រើ​ប្រាស់​ស្នៀត​ក្លេ​របស់​គូ​ប្រកួត។ គម្រោង​របស់​ខ្ញុំ​គឺ​ប្រើប្រាស់​កណ្តាប់ដៃ ប៉ុន្តែ ពេល​ដែល​នាង​ចង់​ប្រើប្រាស់​ក្បាច់​ក្លេ ខ្ញុំ​ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រារាំង»។

សុ​វណ្ណា​រី បាន​បន្ថែមទៀតថា៖ «ខ្ញុំ​ពិតជា​មាន​មោទនភាព​ក្នុងការ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា។ ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​កម្ពុជា​មាន​មោទនភាព​តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ»។

អ្នក​ប្រយុទ្ធ​របស់​កម្ពុជា​ម្នាក់ទៀត​នៅ​រាត្រី​ដដែល​នោះ ចាន់ រតនា បានគេច​ផុតពី​ការ​សន្លប់​ក្នុង​ទឹក​ទី ១ និង​ការ​ចាញ់​ដោយ​ស្នៀត​ក្លេ​នៅ​ដើម​ទឹក​ទី ២ នៅ​ពេល​ដែល​ប្រកួត​ជាមួយ​កីឡាករ​ឥណ្ឌូនេស៊ី Abro Fernandes មុន​នឹង​វាយ​ឲ្យ​ដៃគូ​របស់​ខ្លួន​សន្លប់​នៅ​រយៈពេល ១ នាទី​ចុង​ក្រោយ។

ចាន់ រតនា ហាក់​ចាញ់​ប្រៀប​ទាំង​ស្នៀត​ក្លេ និង​ការ​វាយ​ដោយ​ជំហរ​របស់​កីឡាករ Fernandes ក្នុង​ទឹក​ទី ១ តែ​ត្រូវ​បាន​ព្យាយាម​គេច​ផុត​ពី​ស្នៀត​ក្លេ​របស់​ដៃគូ​ខ្លួន​នៅ​ដើម​ទឹក​ទី ២ ខណៈ​ដែល​ពួកគេ​បាន​សម្តែង​នូវ​ការ​ធ្លាក់​ចុះ​ថាមពល​ដូច​គ្នា​ក្នុង​ទឹក​នេះ។

ប៉ុន្តែ ការ​មាន​ស្មារតី​តស៊ូ​យ៉ាងខ្លាំង និង​ការស្រេកឃ្លាន​ជ័យជម្នះ បាន​ជំរុញ​ឲ្យ​រតនា យក​ឈ្នះ​លើ​ដៃគូ​ទាំង​ត្រដាប​ត្រដួស តាមរយៈ​ការ​ប្រើ​ប្រាស់​ស្នៀត​ទាត់ ជង្គង់ និង​កណ្តាប់ដៃ​ដើម្បី​បង្ខំ​ឲ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​ក្នុង​ទម្ងន់ ៦១,២ គីឡូក្រាម​នេះ នៅ​នាទី ទី ៤:០៦ ក្នុង​ការ​ប្រកួត​នៃ​ទឹក​ទី ២ តែ​ម្តង។

ក្រោយពី​ការប្រកួត កីឡាករ​វ័យ ៣២ ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា៖ «ពេល​ខ្ញុំ​ត្រូវ១ដៃ​របស់​គាត់​ក្នុង​ទឹក​ទី ១ ខ្ញុំ​ស្ទើរ​តែ​សន្លប់​ទៅ​ហើយ ព្រោះ​កណ្តាប់ដៃ​របស់​គាត់​ធ្ងន់ ប៉ុន្តែ ខ្ញុំ​បាន​ខាំ​ធ្មេញ​ព្យាយាម​ចូល​វាយ ដើម្បី​ពង្រឹង​កម្លាំង​ស្មារតី​ដើម្បី​រក​ឱកាស​ទាត់​វិញ»។

រតនា បាន​បន្តថា៖ «ក្រោយមក ខ្ញុំ​បាន​ព្យាយាម​វាយ​សម្រុក​លើ​ដៃគូ ដើម្បី​ប្រមូល​ស្មារតី និង​ស្ទង់​កម្លាំង​របស់​គាត់។ ប៉ុន្តែ ក្រោយ​ពី​ខ្ញុំ​បាន​គេច​ផុត​ពី​ការ​ក្លេ​របស់​គាត់ ឃើញ​ថា ទាំង​ខ្ញុំ និង​គាត់​ពិត​ជា​ធ្លាក់​ចុះ​កម្លាំង​ដូចគ្នា ប៉ុន្តែ គាត់​ហាក់​ដូចជា​អស់​កម្លាំង​ស៊ុហ្វ​ជាង​ខ្ញុំ ហេតុ​នេះ ខ្ញុំ​បាន​ព្យាយាម​វាយ​កម្លាំង​ចុង​ក្រោយ​របស់​ខ្ញុំ ដើម្បី​ដណ្តើម​ជ័យជម្នះ​នេះ​តែ​ម្តង»។

ក្នុងការ​ប្រកួត​គូ​ឯកនៃ​ព្រឹត្តិការណ៍ ONE: Destiny of Champions នៅ​រាត្រី ដដែល​នោះ កីឡាករ​ជើង​ខ្លាំង​ថៃ Yodsanklai IWE Fairtex បាន​យក​ឈ្នះ​លើ​កីឡាករ​អូស្ត្រាលី Luis Regis យ៉ាង​ងាយ តាមរយៈ​ការ​វាយ​ឲ្យ​រូបគេ​ដួល​សន្លប់ ក្រោយ​ពី​ចាប់​ផ្តើម​ប្រកួត​បាន​ត្រឹម​តែ ២,០៨ នាទី​ប៉ុណ្ណោះ​នៃ​ទឹក​ទី ១៕