ភ្នំពេញ៖ កីឡាករ​​កម្ពុជា ​រឿង ​សារ័ត្ន ​បាន​យក​ឈ្នះ​​ជើង​ខ្លាំង​របស់​ថៃ Kev ​Kongvan យ៉ាង​តឹង​តែង ​ហើយការ​​ឈ្នះ​បាន ​៣ ពិន្ទុ​បន្ថែម​នេះ បាន​ជួយ​ឲ្យ​រូប​គេ ​អាច​​ឡើង​ទៅឈរ​នៅ​កំពូល​តារាង​ក្នុង​ពូល​​កម្ពុជា ជា​បណ្តោះ​អាសន្ន ​ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រ​វាត់​ Workz ​ទម្ងន់ ​៦៧ ​គីឡូក្រាម​ ដោយ​បាន​រុញ ​មាជ ​សុខ​រ៉ា ឲ្យមក​ឈរ​នៅ​​​លេខ​រៀង​ទី ​២ ​វិញ ​ហើយ​​តាម​ពី​ក្រោយ​ដោយ​ ពុទ្ធ ​ឆាយ​រិទ្ធី ​ខណៈ​ជើង​ខ្លាំង ឡុង ​សុភី ​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត ដោយ​បញ្ហា​របួស​នោះ​។​

តាម​រយៈការ​ប្រកួតជម្រុះ​សប្តាហ៍​ទី ​៧ នៅ​លើសង្វៀន​អាស៊ី​អាគ្នេយ៍ កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ រឿង​ សារ័ត្ន ទទួល​បាន​ជ័យ​ជម្នះ​​​យ៉ាង​តឹង​តែង​បំផុត ​ហើយ​​អ្នក​ទស្សនា​ភាគ​ច្រើន​លើស​លុប ​សុទ្ធ​តែ​គ្មាន​ជំនឿ​លើ​ ​រឿង ​សារ័ត្ន​ ថា​ អាច​​យក​​ឈ្នះ​ថៃ​ Kev​ Kongvan ព្រោះ​​សូម្បី​តែ​ជើង​ខ្លាំង​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម ​ឃីម ​ឌីម៉ា ​ក៏​លំបាក​ឈ្នះ​ថៃ​ម្នាក់​នេះដែរ​។

ក្រោយ​ការ​ប្រ​កួត​ជាក់​ស្តែង​ចំនួន​ ៥ ទឹក​ពេញ​ ​រឿង ​សារ័ត្ន​ ត្រូវបាន​ចៅ​ក្រម​ ៣​ នាក់ ក្នុងចំណោម​ ៥​ នាក់ ផ្តល់​ពិន្ទុ​ឲ្យ​ឈ្នះ​ថៃ Kev Kongvan ដោយ​មិន​ឯកច្ឆន្ទ ៣ ទល់​នឹង ​២។​ស្ថាន​ភាព​ប្រ​កួត​ជាក់​ស្តែង ​៣ ​ទឹក​ដំបូង​ អ្នក​ទាំង ​២ ​នេះ មាន​លក្ខណៈ​ប្រ​ហាក់​ប្រហែល​គ្នា​លំបាក​នឹង​កាត់​សេច​ក្តី​ថា ​កីឡាករ​ណា​មាន​ប្រៀប​ណាស់​ ប៉ុន្តែ​ចូល​ដល់​ទឹក​ទី​ ៤ និង​ទី ​៥ ​រឿង​សារ័ត្ន ​មាន​ប្រៀប​ជាង​បន្តិច​បន្តួច​ប៉ុណ្ណោះ​ ដោយ​ ​សារ័ត្ន ​ចេញ​ក្បាច់​ជង្គង់ ​និង​ស្នៀត​ទាត់​បាន​ច្រើន​ជាង​។​

ជុំ​វិញ​ការ​ប្រ​កួត​ចាញ់​របស់​ជើង​ខ្លាំង​ថៃ​ Kev ​Kongvan ​នាំ​ឲ្យ​អ្នក​ទស្សនា​ច្រើន​លើស​លុប មានការ​​មន្ទិល ​ចង់​ដឹង​មូល​ហេតុ​ពិត​យ៉ាង​ខ្លាំង ​ហើយ​ការ​វាយ​សម្រុក​របស់​ Kev​ Kongvan ​លើក​នេះ​មិន​សូវ​ពុះ​កញ្ជ្រោល​ដូច​លើក​មុនៗ​ដែរ​។

​ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ ថៃ​ អ៊ូ​ ប្រ​តិភូ​នាំ​កីឡាករ​ថៃ​មក​ប្រ​កួត ​បាន​ទម្លាយ​អាថ៌​កំបាំង​របស់​ Kev ​Kongvan ​ថា​៖ «​វាពិត​ជា​មាន​មូល​ហេតុ​ ​ព្រោះ​មុន​ការ​ប្រ​កួត​នោះ​ Kev​Kongvan ​មាន​បញ្ហា​រាក​ និង​ក្អួត ​ដោយ​សារ​អាហារ ​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​ផ្នែក​កម្លាំង​មែន​។​ទោះ​ជា​យ៉ាង​ណា​ ការ​ប្រ​កួត​បាន​ឈាន​ចូល​មក​ដល់​ មិន​អាច​ខក​ខាន ​ឬ​ពន្យារ​ពេល​បាន​​ដែល​ធ្វើ​ឲ្យ​ការ​ប្រ​កួត​របស់​គេ​ វាយ​មិន​សូវ​ខ្លាំង​ដូច​មុន​ៗ​មែន»​។​

យោង​តាម​លទ្ធផល​នៃ​ការ​ប្រកួតនេះ ធ្វើ​ឲ្យការ​ប្រកួត​ជម្រុះ ​៣ ​លើក​របស់ រឿង​ សារ័ត្ន គឺ​​​ឈ្នះ ​២ ​​ចាញ់​ ១ ដង ​មាន​ ៧ ​ពិន្ទុ ​កំពុង​ឈរ​ក្នុង​លំដាប់​លេខ ​១ ពូល​កម្ពុជា ​ជា​បណ្តោះ​អាសន្ន​ ដោយ​រង់​ចាំ​ការ​ប្រ​កួត​វគ្គ​ជម្រុះ​ចុង​ក្រោយ​មួយ​លើក​ទៀត​ជា​មួយ​ថៃ Keng Kat ​ដើម្បី​ស្វែក​រក ​៣ ​ពិន្ទុ​បន្ថែម​។

​ទោះ​បីជា​យ៉ាង​ណា រឿង សារ័ត្ន ​អាច​នឹង​ប្រឈម​ជា​មួយ​ការ​ប្រជែង​របស់​ មាជ ​សុខ​រ៉ា​ដែល​សប្តាហ៍​ក្រោយ ត្រូវ​ប៉ះ​​កីឡាករ​ថៃ ​Pheach Aroun ហើយ​បើ​ មាជ ​សុខ​រ៉ា ​មាន​ឱកាស​ឈ្នះ​នោះ​ នឹង​ទទួល​បាន​ពិន្ទុ​សរុប ​៧ ពិន្ទុ​ស្មើ​ ប៉ុន្តែមាន​ប្រៀប​ជាង​ដោយសារ ​សុខ​រ៉ា ​ផ្តួល​​ថៃ​ផ្តួល​ Kao Ah ​ក្នុង​ទឹក​ទី ​១​។​

ចំណែក​កីឡាករ​ មាស ​សុជាតិ ដែល​​ឡើង​មក​ប្រកួត​​បង្រ្កប់​កិច្ច​ជំនួស​កៅ​អី ​ឡុង​ សុភី​ និង​ ជឹម ​ចិត្ត្រា​ ដែល​បាន​រង​របួសដូច​គ្នា​នោះ​ ត្រូវ​បាន​កីឡាករ​ថៃ​​ Keng Kat​ ​បុក​​ជង្គង់​ចូល​ពោះ​ ​បណ្តាល​ឲ្យ​សន្លប់​ធំ ​ដេក​ស្អាត​ត្រឹម​ទី​ ២ ​ប៉ុណ្ណោះ​។​

លោក​ ញាន ​សុធី ​នាយក​គ្រប់​គ្រង​ការ​ប្រ​កួត​ប្រចាំ​សង្វៀន​អាស៊ី​អាគ្នេយ៍​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ការ​ប្រ​កួត​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ខ្សែ​ក្រ​វាត់​នេះ មាន​បញ្ហា​លំបាក​ខ្លាំង​ណាស់​នៅ​ពេល​កីឡាករ​ណា​មួយ​រង​របួស​ ហើយ​​មិន​អាច​ឡើង​មក​ប្រ​កួត​ជុំ​ក្រោយ​បាន​នោះ​ ​ព្រោះ​យើង​ត្រូវ​ស្វែង​រក​កីឡាករ​ផ្សេង មក​​ដាក់​ជំនួស​ភ្លាមៗ ​ប៉ុន្តែ​អ្នក​ដែល​យើង​បាន​ដាក់​ជំនួស ​មិន​សូវ​ល្អ​ដូច​គម្រោងនោះ​ទេ ​អ៊ីចឹង​​វាធ្វើ​ឲ្យ​​មាន​ផល​ប៉ះ​ពាល់​​ដល់​ការ​​ប្រជែង​របស់​កីឡាករ​ក្នុង​ពូល​និមួយៗ»​​៕