ភ្នំពេញៈ អ្នក​លេង​កណ្តាប់ដៃ​ធ្ងន់ រឿង សោភ័ណ្ឌ បាន​បរាជ័យ ហើយ​ខណៈ​រូបគេ​មិន​អាច​ផ្តួល​ជើង​ខ្លាំង ជា​ម្ចាស់​ខ្សែក្រវាត់​ ៤ ​ស្ថាប័ន Ao Vatan ទៅ​តាម​ការប្តេជ្ញាចិត្ត​នោះ​ផ្ទុយ​ពីនេះ រឿង សោភ័ណ្ឌ បាន​ត្រឹម​សម្តែង​ការសោកស្តាយ និង​មិន​អស់ចិត្ត​នៅពេល​ចៅក្រម​បាន​សម្រេច​ឲ្យ​រូបគេ​ចាញ់ Ao Vatan ដោយ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​នោះ ចំណែក​ជ័យជម្នះ​របស់ អ៊ូច ធារិទ្ធ លើ​ថៃ Keo Theap ក៏​បង្ក​ឲ្យ​មាន​ការរិះគន់​ផង​ដែរ​។

សម្រាប់​ការប្រកួត​នៅ​សង្វៀន SEATV កាលពី​ថ្ងៃ​អាទិត្យ​នោះ រឿង សោភ័ណ្ឌ បាន​ព្យាយាម​ចូល​ម៉ាត់​ភ្លាមៗ​ក្នុង​បំណង​ផ្តួល​ជើង​ខ្លាំង Ao Vatan ឲ្យ​សន្លប់​នៅមុន​ទឹក​ទី​ ៥ ទៅ​តាម​ការប្តេជ្ញាចិត្ត​របស់​ខ្លួន ប៉ុន្តែ​បាន​ព្យាយាម​វាយ​ប្តូរ​ទាំង​កណ្តាប់ដៃ ទាត់ វាយ​កែង ពិសេស​បាន​បុក​ជង្គង់​យ៉ាង​ស្វិតស្វាញ​បំផុត ដើម្បី​យក​ប្រៀប​លើ សោភ័ណ្ឌ វិញ សម្រាប់​ការប្រកួត​ ២ ​ទឹក​ចុងក្រោយ បើ​ទោះបី​ជា​ផ្ទៃមុខ​របស់​គេ​បាន​ទទួល​រង​ការ​ម៉ាត់​របស់ សោភ័ណ្ឌ ឡើង​ចង់​រង្វេងវង្វាន់​ម្តងៗ​ក៏ដោយ​។

ម្ចាស់​ខ្សែក្រវាត់​ ៤ ​ស្ថាប័ន Ao Vatan បាន​បង្ហាញ​ភាពសប្បាយ​រីករាយ​យ៉ាងខ្លាំង នៅពេល​គណៈកម្មការ​បាន​ប្រកាស​ឲ្យ​រូបគេ​ឈ្នះ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ ៣ ​ទល់​ ២ នោះ ប៉ុន្តែ រឿង សោភ័ណ្ឌ បាន​សម្តែង​ការមិន​អស់​ចិត្ត​ទាល់​តែ​សោះ​ដោយ​បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​អស់ចិត្ត​សោះ ហើយ​ចង់​ឲ្យ​គណៈកម្មការ​ដាក់​ឲ្យ​ប្រកួត​សងសឹក​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដែល​អាច​ធ្វើ​ទៅ​បាន ទោះ​ជា​សង្វៀន​ណា​ក៏ដោយ​»​។

ជាមួយ​គ្នា​នេះ​ម្ចាស់​ខ្សែក្រវាត់​ ៨ ​ស្ថាប័ន រឿង សោភ័ណ្ឌ ក៏​បាន​បង្ហាញ​ពី​ការមិន​ពេញចិត្ត​ទៅលើ​លោក​អាជ្ញាកណ្តាល យឹម សុខុម ផង​ដែរ​។ សោភ័ណ្ឌ បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​គួរតែ​បាន​លទ្ធផល​ស្មើ ព្រោះ​ថៃ​នោះ​ក៏​ស្រុត​កម្លាំង ដោយ​កណ្តាប់ដៃ​ខ្ញុំ​ដែរ​។ ចំណុច​ដែល​ខ្ញុំ​មាន​ប្រៀប​គឺ​នៅ​ទឹក​ទី​ ២ កីឡាករ​ថៃ Ao Vatan ត្រូវ​កណ្តាប់ដៃ​របស់​ខ្ញុំ ទ្រេត​ជំហ ប៉ុន្តែ​អាជ្ញាកណ្តាល យឹមសុខុម មិន​រាប់​ទេ​។ បើ​គាត់​រាប់​ទៅ​លើ Ao Vatan នោះ ខ្ញុំ​មិន​ទទួល​លទ្ធផល​ចាញ់​នោះ​ឡើយ​»​។

ប៉ុន្តែ​លោក រាជ សុផែន ស្នង​ការប្រកួត​បាន​និយាយ​ថា​៖ «​តាមរយៈ​ការផ្តល់​ពិន្ទុ​របស់​ចៅក្រម​ព្រម​ទាំង​ការតាមដាន​ពិន្ទុ​របស់​ប្រធាន​វិនិច្ឆ័យ​ឃើញថា សុក្រឹត​ត្រឹមត្រូវ​ល្អ គួរ​ទទួល​យក​បាន​គឺ​មាន​ន័យ​ថា រឿង សោភ័ណ្ឌ ចាញ់​ពិន្ទុ ក្នុង​លក្ខណៈ​ប្រផិតប្រផើយ ហើយ​កីឡាករ​គួរតែ​ទទួល​យក​ការសម្រេច​របស់​ចៅក្រម និង​ប្រធាន​វិនិច្ឆ័យ ព្រោះ​យើង​ជា​អ្នក​វ៉ៃ​មិន​អាច​ដាក់​ពិន្ទុ​ខ្លួនឯង​បាន​ទេ លើកលែង​តែ​យើង​មាន​សមត្ថភាព​វ៉ៃ​ដៃគូ​ឲ្យ​សន្លប់​»​។

ដូចគ្នា​នេះ​ដែរ​លោក ញាន សុធី នាយក​គ្រប់គ្រង​ការប្រកួត​ប្រចាំ​សង្វៀន SEATV និយាយ​ថា​៖ «​ការផ្តល់​ពិន្ទុ​នេះ​មើល​ឃើញ​ថា ចាញ់​ពិន្ទុ​កីឡាករ​ថៃ​មែន គឺ​ចាញ់​ក្បាច់​ឱប​ឡើង​ជង្គង់​នេះ​តែ​ម្តង ហើយ​ជាធម្មតា​ទេ​ការប្រកួត​មាន​ចាញ់ និង​ឈ្នះ អ៊ីចឹង​យើង​ជា​កីឡាករ មិន​គប្បី​ចង់​បាន​តែ​ឈ្នះ​រហូត​នោះ​ទេ គឺ​វា​អាស្រ័យ​ទៅ​តាម​ភាពជាក់ស្តែង និង​ហ៊ាន​ទទួលស្គាល់​នូវ​លទ្ធផល​របស់​គណៈកម្មការ​ដែល​បាន​ប្រកាស​ជា​ផ្លូវការ​»​។

ដោយឡែក អ៊ូច ធារិទ្ធ ត្រូវ​បាន​ថៃ Keo Theap វាយ​ឲ្យ​អាជ្ញាកណ្តាល​រាប់​ ២ ​លើក​ តែ​ក្រោយ​មក ធារិទ្ធ វាយ​ចេញ​បាន​ច្រើន​ជាង​ហើយ​លទ្ធផល​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ឲ្យ​រូបគេ​ឈ្នះ​ថៃ​ក្នុង​ពិន្ទុ​ ៣ ​ទល់​ ២​។ ប៉ុន្តែ​លោក ថាញ់ វ៉ាឡេក គ្រូបង្វឹក​កីឡាករ​ថៃ​បាន​ចាត់ទុក​ការកាត់ក្តី​នេះ​ថា អយុត្តិធម៌ ចំណែក​លោក ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត​បាន​ហៅ​ការ​ឲ្យ​កីឡាករ​ថៃ​ Keo Theap ចាញ់​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ​នាំ​ឲ្យ​គេ​រិះគន់​៕