ភ្នំពេញ៖ ​អ្នក​ជំនាញ​ប្រើ​កណ្តាប់​ដៃ​ឆ្វេង រឿង សោភ័ណ្ឌ របស់​ក្លិប​មកុដ​រាជសីហ៍ បាន​សារភាព និង​​ទទួល​ស្គាល់​ថា ​ពិត​ជា​បាន​​​ចាញ់​ក្រោម​​ក្បាច់​ពិសេស​របស់ ឡុង សុភី (នី សុភី) គឺ​ការ​ធាក់ និង​ម៉ាត់ ចេញ​ស្រប​ពេល​ជាមួយ​គ្នា ហើយ​ថែម​ដោយ​ការ​បោះ​ជង្គង់​ទៀត ដែល​ធ្វើ​ឲ្យ​រូប​គេ ពិបាក​ក្នុង​ការ​បញ្ចេញ​កណ្តាប់​ដៃ។

រឿង សោភ័ណ្ឌ ដែល​បាន​ទទួល​ស្គាល់​ការ​ចាញ់​ពិន្ទុ ឡុង សុភី ដោយ​ពេញ​ចិត្ត​ពេញ​ថ្លើម​នោះ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​សួរ​របស់​ពិធីការ ​ក្រោយ​ការ​ប្រកួត ទាំង​ទឹក​មុខ​ញញឹម​ថា៖ ​«​​ការ​ប្រកួត​នេះ ហត់​ខ្លាំង​ណាស់ និង​ពិបាក​វ៉ៃ​ត្រង់​ថា គាត់​ធាក់​ផង ម៉ាត់​ផង ហើយ​ពេល​កំពុង​ម៉ាត់​គ្នា​នោះ គាត់​មាន​ការ​បោះ​ជង្គង់​មក​ទៀត អ៊ីចឹង​ធ្វើ​ឲ្យ​ខ្ញុំ​ដែល​មាន​កម្ពស់​ទាប​ជាង គឺ​ពិបាក​វ៉ៃ»។

សម្រាប់​ការ​ប្រកួត ផ្តាច់​ព្រ័ត្រ ដណ្តើម​ខ្សែ​ក្រវាត់ ទម្ងន់ ​៦៩ ​គ.ក្រ ​នៅ​លើ​សង្វៀន CNC កាល​ពី​ព្រលប់​ថ្ងៃ​សៅរ៍​នោះ ឡុង សុភី ពិត​ជា​ធ្វើ​បាន​ល្អ ក្នុង​ការ​បិទ​កណ្តាប់​ដៃ​ពិឃាត​របស់ រឿង សោភ័ណ្ឌ។ បើ​ទោះបី​ជា រឿង សោភ័ណ្ឌ នៅ​តែ​ជម្នះ​បញ្ចេញ​កណ្តាប់​ដៃ ប៉ុន្តែ​បច្ចេកទេស​ទប់​របស់​គេ គឺ​ការ​ធាក់ និង​ម៉ាត់​ស្រប​គ្នា ធ្វើ​ឲ្យ សោភ័ណ្ឌ មិន​សូវ​មាន​ជំហរ​ពេញ ក្នុង​ការ​ម៉ាត់​ចេញ​នោះ​ទេ ហើយ​ជាមួយ​គ្នា​នោះ សុភី បាន​បោះ​ជង្គង់ និង​ចូល​ចាប់​ឡាំ​ជង្គង់ ដើម្បី​យក​ប្រៀប​លើ រឿង សោភ័ណ្ឌ តែ​ម្តង។

យ៉ាង​ណា​ក៏​ដោយ ឡុង សុភី ក៏​បាន​ជួប​ការ​លំបាក​ផង​ដែរ នៅ​ពេល រឿង សោភ័ណ្ឌ បាន​ជម្នះ​ចូល​វាយ​កែង បន្ថែម​ទៅ​លើ​ការ​ប្រើ​កណ្តាប់​ដៃ​នោះ ប៉ុន្តែ សុភី នៅ​តែ​អាច​ទប់​ស្កាត់ និង​ស៊ូ​ជាមួយ​ការ​វាយ​ប្រហារ​នេះ​បាន​ល្អ និង​បាន​​ប្រឹងប្រែង​វាយ​បក​សង​ទៅ​វិញ​ទៅ​ដោយ​ជង្គង់ ម៉ាត់ ធាក់ និង​វាយ​កែង​ផង​ដែរ។

នៅ​ពេល​សួរ​​ពី​មូលហេតុ ដែល​មិន​អាច​បញ្ចេញ​កណ្តាប់​ដៃ​ពិឃាត វ៉ៃ​ឲ្យ​ចំ​គោលដៅ​ពេញ​ទៅ​លើ ឡុង សុភី នោះ រឿង សោភ័ណ្ឌ បាន​និយាយ​បែប​អស់​សំណើច​ថា៖ ​«ការ​ម៉ាត់ មិន​ចំគោល​ដៅ​ពេញ​នេះ គឺ​ពិបាក​ត្រឹម​ហ្នឹង (ក្បាច់​ធាក់ និង​ម៉ាត់ ស្រប​ពេល​ជាមួយ​គ្នា)។ ​បើ​កីឡាករ​ថៃ ធាក់​ចេញ​តែ​មួយៗ​ទេ អ៊ីចឹង​ស្រួលវ៉ៃ តែ​គាត់ (ឡុង សុភី) ចេញ​​ដៃ​ផង ធាក់​ផង គឺ​ពិបាក​វ៉ៃ​ណាស់»។

ចំណែក ឡុង សុភី ​បាន​ប្រាប់​ថា ក្បាច់​ធាក់ និង​ម៉ាត់ ចេញ​ស្រប​ពេល​ជាមួយ​គ្នា​នេះ រូប​គេ​បាន​ហាត់​តាំង​ពី ​២០០៧ ​មក​ម្ល៉េះ។ «ក្បាច់​ហ្នឹង បឺត សំខាន់ បង្ហាត់​ខ្ញុំ ពេល​វ៉ៃ​ជាមួយ វ៉ាន់ ចាន់វៃ លើក​ដំបូង​បង្អស់ កាល​ពី​​ឆ្នាំ ​២០០៧ ព្រោះ​កាល​នោះ ចាន់វៃ ជា​ប្រុស​ស្អាត គឺ​អ្នក​វ៉ៃ​ជាមួយ​គេ មិន​ផុត​ពី ​២ ​ទឹក​ទេ អ៊ីចឹង​​ខ្ញុំ​ហាត់​ជាមួយ បឺត សំខាន់ បែប​ហ្នឹង គឺ ម៉ាត់​ធាក់ៗ ធាក់​បោះ​ជង្គង់ៗ»។

សិស្ស​គណ​ក្លិប​សាល​វ័ន្ត​កីឡា ឡុង សុភី បាន​បន្ថែម​ថា៖ ​«​​បង បឺត សំខាន់ ប្រាប់​ខ្ញុំ​ថា ការ​ធាក់​បែប​នេះ មិន​សូវ​ជា​ធ្ងន់​ទេ ប៉ុន្តែ​វា​បាន​ប្រយោជន៍ ហើយ​ខ្ញុំ​ដឹង​ថា ​ដៃ​របស់​គាត់ ​(រឿង សោភ័ណ្ឌ) ធ្ងន់ អ៊ីចឹង​ខ្ញុំ​បិទ​ឲ្យ​ជាប់ ព្រោះ​មួយ​រយៈ​នេះ ខ្ញុំ​ហាត់​បច្ចេកទេស​ការ​បិទ​នឹង​ច្រើន ដោយ​ខ្ញុំ​បាន​មើល​វីដេអូ​ ការ​ប្រកួត​អន្តរជាតិ​ផ្នែក​ប្រដាល់​សកល ដូចជា Manny Pacquiao ហើយ​ខ្ញុំ​ហាត់​បច្ចកទេស​បិទ​​តាម​ហ្នឹង​តែ​ម្តង»។

តាមរយៈ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ ​៥ ​ទឹក​ពេញ កាល​ពី​ថ្ងៃ​សៅរ៍​នោះ ចៅ​ក្រម​ទាំង ​៥ ​រូប បាន​ផ្តល់​ពិន្ទុ​ឲ្យ ឡុង សុភី ឈ្នះ រឿង សោភ័ណ្ឌ ជា​ឯកច្ឆន្ទ ៥-០ តែ​ម្តង ហើយ​ជ័យជម្នះ​លើកទី ​៣ លើ​ សោភ័ណ្ឌ នេះ​បាន​ជួយ​ឲ្យ សុភី ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់ អម​ជាមួយ​ប្រាក់​រង្វាន់ ​៤ ពាន់​ដុល្លារ ចំណែក​ រឿង សោភ័ណ្ឌ ក៏​បាន ​១ ពាន់​ដុល្លារ ចំពោះ​ការ​បាន​លេខ ​២ នេះ​ផង​ដែរ៕