ភ្នំពេញ៖ អ្នកលេងកណ្តាប់ដៃវ័យក្មេង លាភ រដ្ឋា បានផ្តួលជើងចាស់ ណាម ម៉ូរ៉ាក់ ឲ្យសន្លប់នៅក្នុងទឹកទី ២ ដើម្បីឡើងទៅជួបកីឡាករ ព្រឿង សុជាតិ នៅវគ្គបន្តនៃពានរង្វាន់ Boxing Knock Out Serie ទម្ងន់ ៦០ គីឡូក្រាម នៅលើសង្វៀនប៉ុស្តិ៍លេខ ៥ ព្រោះ សុជាតិ ក៏បានផ្តួលកីឡាករជើងថ្មី ភួង ពិសិដ្ឋ ឲ្យសន្លប់ក្នុងទឹកទី ២ ផងដែរ។
សម្រាប់ការប្រកួត កាលពីយប់ថ្ងៃសៅរ៍នោះ លាភ រដ្ឋា ពិតជាធ្វើបានល្អឥតខ្ចោះ ដោយរូបគេ បានចូលវាយសម្រុកគ្មានប្រណី តាំងពីទឹកទី ១ រីឯ ណាម ម៉ូរ៉ាក់ គឺមានចិត្តធំវាយប្តូរយ៉ាងរន្ថើនដូចគ្នា ប៉ុន្តែការប្តូរស្នៀតទាត់ និងកណ្តាប់ភ្លាមៗ ក្នុងទឹកទី ១ លាភ រដ្ឋា មានប្រៀបជាងដាច់តែម្តង ដោយវ៉ៃចូលគោលដៅល្អ ធ្វើឲ្យ ម៉ូរ៉ាក់ ស្រុតចុះ និងត្រូវអាជ្ញាកណ្តាល លោក ហ៊ិន សៃហេង រាប់ ១ លើក ទើបបន្តការប្រកួតបាន ទាំងត្រដាបត្រដួស។
បន្ទាប់មក ណាម ម៉ូរ៉ាក់ បានប្រមូលកម្លាំងកាយ និងកម្លាំងចិត្ត បន្តការប្រកួតក្នុងទឹកទី ២ ដោយប្រើស្នៀតទាត់សងវិញបានល្អ ប៉ុន្តែកណ្តាប់ដៃវាយសម្រុកគ្មានមេត្តារបស់ លាភ រដ្ឋា បានបង្ខំឲ្យជើងចាស់ ណាម ម៉ូរ៉ាក់ ទទួលរងមួយដៃចុងក្រោយ ចូលសៀតផ្កា បណ្តាលឲ្យសន្លប់ធំតែម្តង ហើយជ័យជម្នះបានទៅលើ លាភ រដ្ឋា ឈ្នះដោយសមត្ថភាពកណ្តាប់ដៃយ៉ាងអស្ចារ្យ។
លាភ រដ្ឋា បាននិយាយថា៖ «សម្រាប់ការប្រកួតពានរង្វាន់ទម្ងន់ ៦០ គីឡូក្រាមនេះ ខ្ញុំសង្ឃឹមឈានទៅដល់វគ្គផ្តាច់ព្រ័ត្រ ព្រោះការហ្វឹកហាត់របស់ខ្ញុំ ពង្រឹងសមត្ថភាពបានល្អ ហើយគូប្រជែងជាមួយខ្ញុំ ក៏មានសមត្ថភាពមិនខ្លាំងលើសខ្ញុំនោះដែរ»។
គួររំឭកថា លាភ រដ្ឋា ធ្លាប់ឈ្នះឯកពានរង្វាន់ Boxing Knock Out Serie នេះម្តងរួចមកហើយ ប៉ុន្តែ ២ រដូវកាលក្រោយបន្ទាប់ លាភ រដ្ឋា បានធ្លាក់ក្នុងវគ្គជម្រុះគួរឲ្យសោកស្តាយ។ ចំណែកអ្នកដែលបានកក់កៅអីរួចហើយ ក្នុងរដូវកាលនេះ គឺមានសមត្ថភាព មិនទាន់លើ លាភ រដ្ឋា នោះទេ គឺមាន សូត្រ ខេវិន និង រ៉ែម រាជ ប៉ុន្តែតាមរូបមន្តវិលជុំនោះ លាភ រដ្ឋា ត្រូវប្រជែងជាមួយកីឡាករខ្លាំងគួរសមម្នាក់ គឺ ព្រឿង សុជាតិ ដែលបានប្រើក្បាច់ជង្គង់ផ្តួលឲ្យ ភួង ពិសិដ្ឋ សន្លប់ ក្នុងទឹកទី ២ ក្នុងវគ្គជម្រុះ ១៦ នាក់នេះដែរ។
ជុំវិញការឡើងទៅជួប ព្រឿង សុជាតិ នៅវគ្គ ៨ នាក់ចុងក្រោយនេះ លាភ រដ្ឋា បញ្ជាក់ថា៖ «ដៃគូខ្ញុំ នៅវគ្គក្រោយគឺ ព្រឿង សុជាតិ ដែលខ្ញុំគិតថា គ្មានឧបសគ្គធំនោះទេ គឺខ្ញុំសង្ឃឹមថា អាចនឹងឆ្លងផុតមួយវគ្គទៀតជាមិនខាន»។
ចំណែក ព្រឿង សុជាតិ ដែលបានផ្តួល ភួង ពិសិដ្ឋ ក្នុងទឹកទី ២ នោះ បាននិយាយថា៖ «ខ្ញុំមិនបារម្ភខ្លាំងទេ ព្រោះ លាភ រដ្ឋា ល្អបានតែដៃ ប៉ុន្តែក្បាច់ជង្គង់ មិនអាចទប់ជាមួយខ្ញុំបានទេ»។ ព្រឿង សុជាតិ បន្ថែមថា៖ «ជំនួបប្រកួតវគ្គក្រោយជាមួយ លាភ រដ្ឋា គឺមួយចានទឹក មួយចានគោក ព្រោះបើខ្ញុំគេចផុតពីកណ្តាប់ដៃ ហើយខ្ញុំចាប់វាយជង្គង់បានវិញ ខ្ញុំសង្ឃឹមឈ្នះ ១០០ ភាគរយ»៕