ភ្នំពេញ៖ ​អតីត​និស្សិត​សាកល​វិទ្យាល័យ​បៀលប្រាយ ​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ពាណិជ្ជសាស្ត្រ​ និង​អ្នក​សរសេរ​គម្រោង​ធនាគារ ​ក្នុង​ឆ្នាំ ​២០០៥ ​​លោក ​លី ​ម៉ាវី ​ គ្រោង​នឹង​ខិតខំ​រក​លុយ​ឲ្យ​​បាន​ច្រើន ​តាមរយៈ​បើក​ភោជនីយដ្ឋាន​ និង​ពាណិជ្ជកម្ម​ផ្សេងៗ ​ដើម្បី​​​យក​ប្រាក់​មក​​វិនិយោគ​លើ​ផ្នែក​កីឡា​វិញ ខណៈ​​បច្ចុប្បន្ន​លោក​កំពុង​ទទួល​បាន​លទ្ធផល​គួរ​ជា​ទី​ពេញ​ចិត្ត សម្រាប់​​ការ​បើក​​ក្លិប​ប្រដាល់​​ឈ្មោះ មីស្ទ័រ​លី​គុន​ខ្មែរ​ នៅ​ក្រុង​សៀមរាប ​ខេត្ត​សៀមរាប អស់​រយៈពេល ​៣ ​ឆ្នាំ​កន្លង​មក​នេះ។

ក្នុង​វ័យ ​៤១ ​ឆ្នាំ ​លោក​ លី​ ម៉ាវី​ ដែល​មាន​ស្រុក​កំណើត​នៅ​ទី​រួម​ខេត្ត​ស្ទឹងត្រែង​ និង​មាន​ឪពុក​ឈ្មោះ​ លី​ យ៉ាវធាន​ អតីត​នាយក​ខុទ្ទកាល័យ​សាលា​ខេត្ត​ស្ទឹងត្រែង ​និង​មាន​ម្តាយ​ជា​គ្រូ​បង្រៀន​ ​​មាន​​វ័យ​ចាស់​ និង​ចូល​និវត្តន៍​បាន​ផ្លាស់​មក​រស់នៅ​ខេត្ត​សៀមរាប​។ ជាមួយ​ និង​ភរិយា​ជនជាតិ​ឡាវ ​និង​មាន​កូន​ចំនួន ​២ ​នាក់ ​លោក ​លី ​ម៉ាវី ​កំពុង​តែ​ផ្តោត​ការងារ​អាជីវកម្ម​យ៉ាង​មមាញឹក​ ​ប៉ុន្តែ​លោក​នៅ​តែ​ឆ្លៀត​​លះបង់​ពេល​វេលា​មិន​តិច​ទេ ​ក្នុង​ការ​​​វិនិយោគ​ទៅ​លើ​កីឡា​គុន​ខ្មែរ​​។​

នៅ​ក្នុង​បទសម្ភាស​ផ្ទាល់​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ចុង​សប្តាហ៍​ លោក ​លី ​ម៉ាវី​ និយាយ​​ថា​៖ «​ខ្ញុំ​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន ​គឺ​មាន​ភោជនីយដ្ឋាន​ជា​ហាង​គុយ​ទាវ​ខ្មែរ​ឡាវ ​នៅ​ក្រុង​សៀមរាប ​ខេត្ត​សៀមរាប​។ ​បន្ទាប់​ពី​ខ្ញុំ​បញ្ចប់​ការ​សិក្សា​អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​ និង​ជា​អ្នក​សរសេរ​គម្រោង​ឥណទាន​ធនាគារ ​ខ្ញុំ​តែងតែ​គិត​ដល់​រឿង​កីឡា​ជានិច្ច​ ហើយ​ស្រប​ពេល​​មុខ​របរ​ទទួល​ទាន​របស់​ខ្ញុំ​មាន​ភាព​រីក​ចម្រើន​ជា​បន្តបន្ទាប់​ជា​លក្ខណៈ​សាមញ្ញ​ ដោយ​​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​ជា​បន្ត​បន្ទាប់​នោះ ខ្ញុំ​ក៏​បាន​​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​កីឡា»​។

លោក ​លី ​ម៉ាវី​ បាន​បន្ត​ថា៖ ​«ទស្សនៈ ​ឬ​ចក្ខុ​វិស័យ​របស់​ខ្ញុំ ​គួប​ផ្សំ​ពី​និស្ស័យ​ផ្ទាល់​របស់​ខ្ញុំ​ដែល​ស្រឡាញ់​ផ្នែក​កីឡា​ ខ្ញុំ​សម្រេច​បើក​កន្លែង​ហ្វឹកហាត់​មួយ ​និង​ដំឡើង​សង្វៀន​សម្រាប់​​បង្វឹក​កីឡាករ​ប្រដាល់​ជា​បណ្តើរៗ ​ដោយ​មិន​ទាន់​គិត​ ឬ​រំពឹង​បាន​ផល​ចំណេញ​មក​វិញ​នោះ​ឡើយ ​គឺ​មាន​តែ​ចំណាយ ​ដើម្បី​ឲ្យ​មាន​សកម្មភាព ​និង​ដំណើរការ​ឆ្ពោះ​ទៅ​រក​ការ​ទទួល​បាន​​ភាព​ជោគជ័យ​»។

ក្រោយ​ពី​ធ្វើ​សកម្មភាព​អស់​រយៈពេល ​៣ ​ឆ្នាំ​ ក្លិប​ប្រដាល់​មីស្ទ័រ​លី​គុនខ្មែរ​របស់​លោក លី ម៉ាវី មាន​ជន​បរទេស​មក​ហ្វឹកហាត់​ច្រើន ​បន្ទាប់​ពី​ក្លិប​មួយ​នេះ ​ទទួល​បាន​ច្បាប់​អនុញ្ញាត​ពេញ​លេញ​ពី​សហព័ន្ធកីឡា​ប្រដាល់​គុន​ខ្មែរ ​កាល​ពី​ខែ ​វិច្ឆិកា​ ឆ្នាំ ​២០១៨។ ជាមួយ​គ្នា​នេះ ក្លិប​ប្រដាល់​មីស្ទ័រ​លី​គុន​ខ្មែរ​ក៏​​បណ្តុះ​បាន​អ្នក​ប្រដាល់​មាន​សមត្ថភាព ​អាច​ទៅ​ប្រកួត​តាម​សង្វៀន​នៅ​ស្ថានីយ​ទូរទស្សន៍​រាជធានី​បាន​ជា​បន្ត​បន្ទាប់​ផង​ដែរ ​ដោយ​កីឡាករ​នៅ​ក្នុង​ក្លិប​នេះ​​មាន​សមត្ថភាព​កម្រិត​ក្រោម​មធ្យម​ចំនួន​ ​៦ ​នាក់​។​

លោក ​លី ​ម៉ាវី​ បាន​បន្ថែម​ថា៖ «​នៅ​ចុង​ឆ្នាំ ​២០១៩ ​នេះ​ ខ្ញុំ​ហាក់​បី​ដូច​ទទួល​បាន​ជោគជ័យ​ខ្លាំង ​និង​បរាជ័យ​ក៏​មិន​តិច​ដែរ ​ដោយ​បើក​សង្វៀន​ប្រកួត​កីឡា​ជាមួយ​ក្រុមហ៊ុន​ចិន ​ដែល​បាន​ចំណាយ​ខាត​ថវិកា ​និង​ពេល​វេលា​មួយ​ចំនួន​។ ​ទោះបី​ជា​យ៉ាង​ណា ដោយ​មាន​គ្រូ​បង្វឹក​ល្អ ​ធន ​រិទ្ធី​ (អតីត​កីឡាករ​ ថៃ ​រីទ្ធី)​ និង​ការ​យក​ឈ្នះ​លើ​ជើង​ខ្លាំង​ថៃ ណាម​កាបួន ពី​សំណាក់​កីឡាករ​ទម្ងន់ ​៧៩ ​គីឡូក្រាម លី​ រិទ្ធី​ ក្នុង​ការ​​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ​​នៅ​ប៉ុស្តិ៍​បាយ័ន​ កាល​​ពី​​ចុង​ខែ​តុលា​ នាំ​ឲ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល​នោះ ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ជួយ​កីឡា​កាន់​តែ​ខ្លាំង​ជាង​មុន​។​ ​ចំណែក​នៅ​ក្លិប​របស់​ខ្ញុំ​ផ្ទាល់ ​ដែល​បំពាក់​ដោយ​ឧបករណ៍​កីឡា​យ៉ាង​ទំនើប​នោះ ​គឺ​នៅ​តែ​ទទួល​បាន​ជន​បរទេស​មក ​ហ្វឹកហាត់​ច្រើន​គួរ​សម»​។​

«កាល​ពី​ថ្ងៃទី ​១​ ខែ​ វិច្ឆិកា​ ឆ្នាំ ២០១៩​ កន្លង​មក​ថ្មីៗ​នេះ ​ខ្ញុំ​អាច​និយាយ​បាន​ថា​ ជា​ភាព​ជោគជ័យ​របស់​ខ្ញុំ​មួយ​ផ្នែក​ ដែល​បាន​ខិតខំ​ប្រឡូក​ក្នុង​សកម្មភាព​កីឡា​ត្រឹម​តែ ​៣ ​ឆ្នាំ​ ទទួល​បាន​លទ្ធផល​ពេញ​ចិត្ត​យ៉ាង​ខ្លាំង ​ដោយ​ខ្ញុំ​បាន​សហការ​​ជាមួយ​ព្រឹត្តិការណ៍​កីឡា​លំដាប់​អន្តរជាតិ​មួយ ​ដែល​គេ​បើក​សង្វៀន​នៅ​ផ្សារ​រាត្រី​ ខេត្ត​សៀមរាប​យើង​នេះ​ ក្នុង​នោះ​មាន​ប្រកួត​កីឡាកាស​ល្បុក្កតោ​ កីឡា​វ៉ូស៊ូ​ និង​ប្រដាល់​គុន​ខ្មែរ​លក្ខណៈ​​ខ្នាត​តូច​ ក្នុង ​១ ​យប់ ​​ចំនួន ​២ គូ​ផង​ដែរ ​ហើយ​ខ្ញុំ​ត្រូវ​បាន​អ្នក​រៀបចំ​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា​ OWE ​ប្រគល់​តួនាទី​ជា​ប្រធាន​គ្រប់គ្រង​ផ្គូរផ្គង ​និង​ចាត់​ការ​ទូទៅ​ប្រចាំ​ថ្ងៃ​ផ្នែក​ប្រដាល់​គុន​ខ្មែរ​​ ប៉ុន្តែ​នៅ​ខែ​ធ្នូ​​កន្លង​មក​​ ការ​ចំណាយ​ធំ​រត់​មិន​រួច​ខ្ញុំ​មិន​បន្ត​សហការ​ជាមួយ​ចិន​​ទៀត​ទេ»​។​​

លោក លី ម៉ាវី ​បាន​និយាយ​ទៀត​ថា៖ ​«សមិទ្ធិផល​ទាំង​នេះ​ នាំ​ឲ្យ​ខ្ញុំ​ពេញ​ចិត្ត ​និង​សម្រេច​ចិត្ត​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​នេះ ​កាន់​តែ​ជ្រៅ​ និង​បន្ត​ការងារ​នេះ​ឲ្យ​កាន់​តែ​ធំ​ឡើងៗ​ ខណៈ​ដែល​ការ​គាំទ្រ​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ និង​គុន​ខ្មែរ​អន្តរជាតិ​ថ្មីៗ​នេះ​ បាន​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ជា​បេក្ខជន ចូល​រៀន​សូត្រ​វគ្គ​បណ្តុះបណ្តាល​ចៅក្រម​ និង​អាជ្ញា​កណ្តាល​កម្រិត​អន្តរជាតិ​ ដោយ​ទទួល​បាន​លិខិត​បញ្ជាក់​ផង​ដែរ ​ក្នុង​សិក្ខាកាម​ចំនួន ​៣៨ ​នាក់​ មក​ពី ​១៨ ​ប្រទេស​»។​

លោក​បាន​បញ្ជាក់​ថា៖ ​«​ខ្ញុំ​មាន​ទំនាក់ទំនង​ទីផ្សារ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ ហើយ​ខ្ញុំ​ក៏​ជា​សមាជិក​ នៃ​គណៈកម្មការ​មួយ​ក្នុង​កិច្ច​សហប្រតិបត្តិការ ​ជាមួយ​សង្វៀន​នៅ​ក្រៅ​ប្រទេស​ផង​ដែរ»។​ ក្រៅ​ពី​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​អាជីវកម្ម ​និង​និយម​ចូល​ចិត្ត​ការងារ​ផ្នែក​កីឡា ​លោក ​​ម៉ាវី​ មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​បរទេស ​ដោយ​លោក​ប្រើប្រាស់​ភាសា​អង់គ្លេស​ បារាំង​ ថៃ​ និង​ឡាវ​។

ជុំវិញ​​គម្រោង និង​ទិស​ដៅ​សម្រាប់​អនាគត ​លោក ​លី ​ម៉ាវី ​គ្រោង​នឹង​​បើក​ការ​ប្រកួត​នៅ​សៀមរាប​ ឲ្យ​កាន់​តែ​ធំ​ និង​ផ្តល់​គូ​ប្រកួត​ល្អៗ​បន្ថែម​ទៀត ​ក្នុង​ពេល​ខាង​មុខ ​ដោយ​សហការ​ជាមួយ​មន្ទីរ​អប់រំ​ យុវជន​និង កីឡា ​ខេត្ត​សៀមរាប ខណៈ​ពេល​នេះ​លោក​កំពុង​ស្វែងរក​ដៃ​គូ​គាំទ្រ​ផ្នែក​ពាណិជ្ជកម្ម ​ក្នុង​ការ​ជួយ​កីឡាករ​ឲ្យ​មាន​ទីផ្សារ​ប្រកួត​មាន​ប្រាក់​កម្រៃ​ល្អ​៕​