ភ្នំពេញៈ ការប្រកួត​លីក​កំពូល​កម្ពុជា ឆ្នាំ​ ២០១៩ នឹង​ត្រូវ​ប្រកួត​បញ្ចប់​ជើង​ទី​ ១ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​នេះ ហើយ​វា​ក៏​ជា​ពេល​ដែល​ក្រុម​កំពុង​ឈរ​នៅ​លេខ​ ១ ព្រះខ័នរាជ​ស្វាយរៀង និង​ក្រុម​ឈរ​នៅ​លេខ​ ២ ណាហ្គាវើល ត្រូវ​វិល​មក​ជួប​គ្នា​ផង​ដែរ ចំណែក​ក្រុម​ឈរ​នៅ​លេខ​ ៣ ​អង្គរថាយហ្គឺរ និង​ក្រុម​ឈរ​នៅ​លេខ​ ៤ បឹងកេត សុទ្ធ​តែ​មាន​ភាគរយ​ខ្ពស់​ក្នុង​ការស្វែងរក​ ៣ ​ពិន្ទុ​បន្ថែម​។

ក្រុម​ណាហ្គាវើល ធ្លាប់​បាន​ផ្តល់​ភាព​សោកសៅ​ឲ្យ​ក្រុម​ព្រះខ័នរាជ ស្វាយរៀង សម្រាប់​ការជួប​គ្នា​កាលពី​រដូវកាល​ឆ្នាំ​ ២០១៨ តាមរយៈ​ការយក​ឈ្នះ ៤-០ នៅលើ​ទឹកដី​ខេត្ត​ស្វាយរៀង​ក្នុង​ជើង​ទី​ ២ ក្រោយពេល​ក្រុម​ទាំង​ ២ ​នេះ​ស្មើ​គ្នា ០-០ ក្នុង​ការប្រកួត​ជើង​ទី​ ១ លើ​ទឹកដី​ណាហ្គាវើល​។

ប៉ុន្តែ​សម្រាប់​ការប្រកួត​រដូវកាល​ឆ្នាំ​ ២០១៩ ​នេះ ព្រះខ័នរាជ​ស្វាយរៀង​បាន​ក្លាយ​ជា​ក្រុម​តែ​មួយ​គត់​ដែល​មិនទាន់​ស្គាល់​ការចាញ់​សោះ ហើយ​ការឈ្នះ​ ១០ និង​ស្មើ​ ២ ​ដង​បាន​ធ្វើឲ្យ​ពួកគេ​កំពុង​ឈរ​នៅ​លេខ​ ១ ដោយ​មាន​ ៣២ ​ពិន្ទុ ដាច់​ឆ្ងាយ​ពី​ក្រុម​ណាហ្គាវើល​ដែល​មាន​ ២៧ ​ពិន្ទុ​។

ជាមួយ​គម្លាត​ពិន្ទុ​នាំ​មុខ​នេះ ណាហ្គាវើល គឺជា​ក្រុម​ចុងក្រោយ​ដែល​គេ​រំពឹងថា នឹង​អាច​កាត់បន្ថយ​ភាពខ្លាំង​របស់​ស្វាយរៀង ដើម្បី​ធ្វើឲ្យ​ការប្រកួតប្រជែង​គ្នា នៅ​ជើង​ទី​ ២ មាន​ការ​ប្រកៀក​ប្រកឹត​គ្នា​វិញ ព្រោះ​ពេល​នេះ​ក្រុម​ឈរ​នៅ​លេខ​ ៣ អង្គរថាយហ្គឺរ ទើប​មាន​ ២៤ ​ពិន្ទុ​ទេ ឯ​ក្រុម​ឈរ​នៅ​លេខ​ ៤ បឹងកេត មាន​ត្រឹម​ ២៣ ​ពិន្ទុ ខណៈ​វិសាខា ឈរ​នៅ​​លេខ​ ៥ មាន​ត្រឹម​ ២២ ​ពិន្ទុ​គឺ​តិច​​ជាង​ក្រុម​ស្វាយរៀង​រហូត​ដល់​ ១០ ​ពិន្ទុ​ឯណោះ​។

ក្រុម​ណាហ្គាវើល ក៏​ត្រូវការ​ឈ្នះ​ក្រុម​ស្វាយរៀង ដើម្បី​លុបលាង​ភាព​ហ្មងសៅ ចំពោះ​ការ​ចាញ់​ក្រុម​វិសាខា ៣-២ ទាំង​មិន​អស់​ចិត្ត​កាលពី​សប្តាហ៍​មុន​ផង​ដែរ ប៉ុន្តែ​ការចង់​ឈ្នះ​ ៣ ​ពិន្ទុ​នេះ វា​ស្ថិត​នៅក្នុង​ភាព​មិន​ច្បាស់​នោះ​ទេ ព្រោះ​ពេលនេះ​គ្រូបង្វឹក​លោក Conor Nestor កំពុង​ជំរុញ​ឲ្យ​ក្រុម​ស្វាយរៀង កែប្រែ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ឲ្យ​បាន​ឆាប់​សម្រាប់​ការជួប​ណាហ្គាវើល​លើក​នេះ បន្ទាប់ពី​ពួកគេ​បាន​បង្ហាញ​ការលេង​មិន​សូវ​បាន​ល្អ​ក្នុង​ការយក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប ២-០ កាលពី​ថ្ងៃ​សៅរ៍​នោះ​។

លោក Conor បាន​និយាយ​ក្រោយ​ការប្រកួត​នោះ​ថា​៖ «​ខ្ញុំ​គិត​ថា យើង​លេង​នៅ​តង់​ទី​ ១ គឺ​នៅ​មាន​កម្រិត ហើយ​បើសិន​ជា​ពួកយើង​បន្ត​ធ្វើ​វា​បែប​នេះ នៅក្នុង​ការប្រកួត​ក្រោយ​ទៀត​ពួកយើង​ប្រាកដ​ជា​មិន​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ​។ ហេតុនេះ​ពួកយើង​ត្រូវ​រៀន​ពី​វា​ឲ្យ​បាន​ឆាប់​រហ័ស ព្រោះ​ពួកយើង​នៅ​មាន​ការប្រកួត​ផ្សេង​ទៀត ហើយ​ប្រសិន​បើ​ពួកយើង​មិន​រៀន​សូត្រ​ពី​ចំណុច​ខ្វះខាត​ទាំងអស់​នេះ​របស់​ខ្លួន​ឯង​ទេ​នោះ ពួកយើង​ប្រាកដ​ជា​ចាញ់ ការប្រកួត​នៅក្នុង​លីក​»​។

ដោយឡែក​ក្រុម​អង្គរថាយហ្គឺរ និង​បឹងកេត​ដែល​សុទ្ធតែ​ចាញ់​ទាំង​មិន​អស់​ចិត្ត​កាលពី​សប្តាហ៍​មុន​នោះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​អាច​នឹង​រកឃើញ​ការឈ្នះ​ឡើងវិញ ខណៈ​ពួកគេ​ត្រូវ​វិល​ទៅ​ជួប​ក្រុម​អគ្គិសនី​កម្ពុជា និង​គិរីវង់សុខសែនជ័យ​ដែល​មាន​កម្រិត​លេង​នៅ​ស្ទើរ​ជាង​ពួកគេ​នោះ ចំណែក វិសាខា ក៏​បាន​ដាក់​ការប្រឹងប្រែង ដើម្បី​យក​ឈ្នះ​ក្រុម​ប៉ូលិស​ផង​ដែរ ដើម្បី​ប្រជែង​ឡើង​ទៅ​តំបន់​កំពូល​តារាង​ទាំង​ ៤ ​វិញ​៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-​ក្រសួង​ការពារជាតិ v អាស៊ី​អឺរ៉ុប កីឡដ្ឋានស្តាត​ចាស់ ១៨:០០

-​អង្គរថាយហ្គឺរ v អគ្គិសនី​កម្ពុជា កីឡ.ខេត្ត​សៀមរាប ១៥:៣០

-​យុវជន​បាទី​.១៨ ​ឆ្នាំ v សូលទីឡូអង្គរ នៅ​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី ១៥:៣០

៤ ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

-​ខេត្ត​កំពង់ចាម v ភ្នំពេញ​ក្រោន វិ.ប៊ុនរ៉ានី​ ហ.ស​មេមត់ ១៥:៣០

-​ស្វាយរៀង v ណាហ្គាវើល កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ១៨:០០

-​គិរីវង់ v បឹងកេត កីឡដ្ឋាន-គិរីវង់​សុខសែនជ័យ ១៥:៣០

-​វិសាខា v ប៉ូលិស កីឡដ្ឋាន​វិសាខា ១៨:០០