ភ្នំពេញៈ ការប្រកួត​បាល់ទាត់​លីក​ពាក់​កណ្តាល​អាជីព Keller Williams Cambodia League 2019 (KW Cambodia League) បាន​រកឃើញ​ក្រុម​ទាំង​ ៤ ដែល​ឈរ​នៅ Top5 សម្រាប់​ឡើង​ទៅ​ប្រកួត​ដណ្តើម​យក​ពាន​តូច ជា​ផ្លូវការ​ហើយ ខណៈ​ពាន​ធំ​ត្រូវ​បាន​គេ​មើលឃើញ​ថា​នឹង​ធ្លាក់​ទៅ​លើ​កណ្តាប់ដៃ​ក្រុម​ចំណូល​ថ្មី ISI Group United ដោយ​គ្មាន​អ្វី​ត្រូវ​ប្រែប្រួល​នោះ​ទេ​។

សម្រាប់​ការប្រកួត​ប្រចាំ​សប្តាហ៍​ទី​ ១៤ នៅ​កីឡដ្ឋាន​វេស្ទើន និង ទីលាន KMH កាលពី​ថ្ងៃ​អាទិត្យ​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ Avatar FC ក្រុម​ជើងឯករង​ ២ ​សម័យកាល Khmer United A ក្រុម Riel Phnom Penh និង​អតីត​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ ២០១៦ Bayon Wanderes សុទ្ធតែ​រក​បាន​ ៣ ​ពិន្ទុ​បន្ថែម ដើម្បី​បិទ​ច្រក​ក្រុម​ផ្សេង​ទៀត​ក្នុង​ការប្រជែង​ឡើង​មក​ឈរ​នៅ Top5​។

ជាមួយ​គ្នា​នោះ​ក្រុម ISI Group United ត្រូវ​បាន​គណៈកម្មការ​សម្រេច​ឲ្យ​ឈ្នះ​ក្រុម បោះបង់ចោល​ការប្រកួត Anvaya ៣-០ ដោយ​ស្វ័យប្រវត្តិ ហើយ​ការឈ្នះ​បាន​ ៣ ​ពិន្ទុ​បន្ថែម​ដោយ​មិន​ចំណាយ​កម្លាំង​នេះ​បាន​ធ្វើ​ជួយ​ឲ្យ​ក្រុម ISI មាន​ភាគរយ​ស្ទើរ​ ១០០ ​ភាគរយ​ទៅ​ហើយ​ក្នុង​ការលើក​ពាន​នៅ​ឆ្នាំ​នេះ​។

ពេល​នេះ​ក្រុម ISI Group United កំពុង​ឈរ​នៅ​លេខ​រៀង​ទី​ ១ ដោយ​មាន​ ៤០ ​ពិន្ទុ និង​តាម​យ៉ាង​ប្រកៀក​ដោយ​ក្រុម Avatar ដែល​មាន​ ៣៩ ​ពិន្ទុ បន្ទាប់ពី Avatar បាន​លត់​ក្រុម​ទន្សោង ៦-០ ដើម្បី​បង្ហាញ​ពី​ការខកចិត្ត​ក្នុង​ការ​ការពារ​ពាន​របស់​ខ្លួន​នោះ ព្រោះ​ពួកគេ​បាន​ដឹង​ច្បាស់​ណាស់​ថា ក្រុម​គ្រួសារ​កីឡាករ​តាំងគោក​ដែល​ត្រូវ​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម ISI នោះ​គឺ​គ្មាន​លទ្ធភាព​ក្នុង​ការទប់​ដំណើរ​ទៅ​លើក​ពាន​របស់​ក្រុម ISI បាន​នោះ​ទេ​។

ជាមួយ​គ្នា​នេះ​លោក សុវណ្ណ អ្នក​ចាត់ការ​ទូទៅ​ក្រុម ISI Group United ក៏​មិន​បាន​ចាប់​អារម្មណ៍​ទៅ​លើ​ក្រុមគ្រួសារ​កីឡា​តាំងគោក​ដែល​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​ ១៤ ​នោះ​ទេ​។ លោក​ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​យើង​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ទៅ​លើ​ការជួប​ក្រុមគ្រួសារ​កីឡា​តាំងគោក​នោះ​ទេ ព្រោះ​សមាសភាព​កីឡាករ​ក្នុង​ក្រុម​នេះ​មិន​អាច​បង្ក​ការលំបាក​ដល់​ពួកយើង​ឡើយ​»​។

ចំណែក​ក្រុម Khmer United A ដែល​មាន​ការខកចិត្ត​ដូចគ្នា​ទៅ​នឹង​ក្រុម Avatar ព្រោះ​មិន​អាច​សម្រេច​គោលបំណង​ឈ្នះ​ពាន​ធំ​ជា​លើកដំបូង​នោះ​បាន​ព្យាយាម​លេង​ដោយ​គ្មាន​ការយោគយល់​ជាមួយ​ក្រុមសិស្ស​ប្អូន Khmer United B ដើម្បី​ទទួល​បាន​ជ័យជម្នះ ៥-២ និង​បន្ត​ឈរ​នៅ​លេខ​ ៣ មាន​ ៣៥ ​ពិន្ទុ​។

យ៉ាងណា​មិញ​ក្រុម Riel PP បាន​យក​ឈ្នះ​ក្រុម Khmer United U22 ក្នុង​លទ្ធផល ៤-០ ដើម្បី​ឈរ​នៅ​លេខ​ ៤ មាន​ ៣៤ ​ពិន្ទុ ខណៈ Bayon Wanderers ត្រូវ​បាន​សម្រេច​ឲ្យ​ឈ្នះ​ក្រុម​បោះបង់​ចោល​ការប្រកួត Home Sport ៣-០ ដើម្បី​ឈរ​នៅ​លេខ​ ៥ មាន​ ២៨ ​ពិន្ទុ​។

ចំណែក​ក្រុម Mambo Phnom Penh បាន​លត់​ក្រុម Sen Sok Empire FT ១០-២ ហើយ​ក្រុម​បាសាក់​ក៏​បាន​យក​ឈ្នះ​ក្រុម ATK ៣-០ ដើម្បី​មាន​ ២៤ ​ពិន្ទុ ស្មើ​ក្រុម Mambo ប៉ុន្តែ​ក្រុម​ទាំង​ ២ ​នេះ អស់​ឱកាស​ទៅ​ប្រកួត​ពាន​តូច KW Cambodia Cup 2019 ហើយ ព្រោះ​តាម​លទ្ធផល និង​ពិន្ទុ​សម្រាប់​ការប្រកួត​ប្រចាំ​សប្តាហ៍​ទី​ ១៤ ​នេះ​គឺ​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា មាន​តែ​ក្រុម Avatar FC, Khmer United A ក្រុម Riel Phnom Penh និង​ក្រុម Bayon Wanderes ប៉ុណ្ណោះ​ដែល​អាច​ដណ្តើម​យក​ពាន​តូច ក្រោយ​ក្រុម​ទាំង​ ៤ ​នេះ​អស់​ឱកាស​ដណ្តើម​យក​ពាន​ធំ​ពី​ក្រុម ISI Group United​។

ទាក់​ទៅ​នឹង​ការប្រកួត​ដណ្តើម​យក​ពាន​តូច KW Cambodia Cup 2019 នេះ គណៈកម្មការ​រៀបចំ​ការប្រកួត​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា ការប្រកួត​ដណ្តើម​យក​ពាន​តូច​នេះ យើង​កំណត់​ឲ្យ​ក្រុម​ទាំង​ ៤ ដែល​ឈរ​នៅ​លេខ​ ២ ដល់​លេខ​ ៥ ធ្វើការ​ចាប់ឆ្នោត​នៅ​ក្រោយ​ការប្រកួត​សប្តាហ៍​ទី​ ១៥ ​ចុងក្រោយ​នា​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ខណៈ​ការប្រកួត​កាលពី​ឆ្នាំ​ ២០១៧ Khmer United A បាន​លើក​ពាន​តូច​នេះ​ហើយ Avatar ជា​អ្នក​លើក​ពាន​ធំ​ប្រចាំ​ឆ្នាំ​៕