ក្រុង​មេនឆេស្ទ័រ: លោក Pep Guardiola បាន​ធ្វើ​ការ​រិះ​គន់​​​យ៉ាង​ខ្លាំង​ទៅ​លើ​កម្រិត​ស្តង់​ដារ​អាជ្ញា​កណ្តាល​​ជុំ​វិញ​ការ​រង​បរា​ជ័យ​ទាំង​២លើក​ជើង​របស់​ក្រុម Manchester City ក្នុង​ក្រប​ខ័ណ្ឌ Champions League ក្រោម​ស្នា​ដៃក្រុម Liverpool បន្ទាប់​ពី​​​ការប្រកួត​កាល​ពី​ថ្ងៃ​អង្គារ​។

ក្រុម​របស់​លោក Guardiola បាន​រង​បរា​ជ័យ​យ៉ាង​​ចាស់​ដៃក្នុ​ងលទ្ធ​ផល​ទាំង​២​ជើង ៥-១ ក្រោយ​ពី​ចាញ់​ក្រុម Liverpool ២-១ ក្នុង​ការប្រកួត​ជើង​ទី​២​នៃ​វគ្គ​៨​ក្រុម​ចុងក្រោយ នា​កីឡដ្ឋាន Eastlands​។

ប៉ុន្តែ អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Man City រូបនេះ មាន​អារម្មណ៍​ថា វា​គួរ​តែ​​មាន​លទ្ធផល​ផ្សេង​ពី​នេះ ប្រសិន​បើ​​ការ​សម្រេច​ចិត្ត​ផ្សេង​ៗ​ពី​មន្ត្រី​អាជ្ញា​កណ្តាល ធ្វើ​ឡើង​​ដោយ​ផ្តល់​ការ​​មាន​ប្រៀប​ដល់​ក្រុម​របស់​លោក​កនុង​ការ​ប្រកួត​ទាំង​ ២​ ជើង​។

ក្រុម Liverpool បាន​រក​គ្រាប់​បាល់​នាំ​មុខ​មុន​ក្នុង​ជើង​ទី​ ១ ​ជាមួយ​នឹង​គ្រាប់​បាល់​ដែល​បាន​កើត​ឡើង​ក្នុង​ពេល Mohamed Salah ស្ថិត​ក្នុង​ជំ​ហរ​ Offside ស្រប​បេល​ដែល​​ក្រុម Man City ក៏​បាន​បាត់​បង់​​គ្រាប់​បាល់​ ១​ គ្រាប់​ក្នុង​ជើង​ទី​ ២ ដោយ​ការ​កាត់​សេចក្តី​ខុស​ផងដែរ​។

ខ្សែ​ការ​ពារ​សញ្ជាតិ​បារាំង Aymeric Laporte (ស្តាំ) របស់ Man City ព្យា​យាម​រា​រាំង​​ខ្សែ​ប្រយុទ្ធ Mohamed Salah របស់​ក្រុម Liverpool​។ AFP

ក្រោយពី​ចាញ់​ក្នុង​ជើង​ទី​១ ៣-០ Man City បាន​រក​គ្រាប់​បាល់​នាំ​មុខ​​មុន​តាម​រយៈ​​គ្រាប់​បាល់​របស់ Gabriel Jesus ហើយ​លោក Guardiola​ បាន​គិត​ថា ពួក​គេ​បាន​រក​គ្រាប់​បាល់​ម្តង​ទៀត​ នៅ​​ពេល​ដែល​តារាឆ្នើម Leroy Sane បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​។

ប៉ុន្តែ គ្រាប់​បាល់​នោះ​ត្រូវ​បាន​កាត់​សេច​ក្តី​ទាំង​ខុស​ថា ជា​បាល់​ស្ថិតក្នុង​ជំ​ហរ Offiside ហើយ​ក្រុម Liverpool បាន​វាយ​បក​វិញ​តាម​រយៈ​គ្រាប់​បាល់​ពី Salah និង Roberto Firmino​។

លោក Guardiola បាន​ឲ្យ​ដឹង​ថា៖ «វា​ពិត​ជា​មាន​ភាព​ផ្សេង​គ្នា​ក្នុង​ការ​នាំមុខ ១-០ ក្នុង​តង់​ទី​១ និង ២-០​។ នៅ​ពេល​ដែល​​ក្រុម​ទាំង​ ២​​ មាន​កម្រិត​ស្មើ​គ្នា ឥទ្ធិពល​នៃ​ការ​សម្រេច​ចិត្ត​ទាំង​នេះ ពិត​ជា​ធំ​ណាស់​»​​៕ IS