ក្រុង​លី​វើ​ភូល: ក្រុម Manchester City នឹង​រក្សា​បច្ចេក​ទេស​លេង​បែប​វាយ​សម្រុក​របស់​ខ្លួន នៅ​ពេល​ជួប​ជាមួយ​នឹងក្រុម Liverpool ក្នុង​ការប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ ៨ ​ក្រុម​ចុង​ក្រោយ ជើង​ទី​ ១ ​របស់​ពួក​គេ នៅ​រាត្រី​នេះ​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​គ្រូ​បង្វឹក​​របស់ក្រុម​កំពុង​នាំមុខ​លើ​តារាង​ក្រប​ខ័ណ្ឌ Premier League មួយ​នេះ កាល​​ពី​ថ្ងៃ​អង្គារ​។

Liverpool គឺ​ជាក្រុម​តែមួយ​ដែល​បានផ្តួលក្រុម​ Man City ក្នុង​ក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាលនេះ ក្រោយពី​បាន​យកឈ្នះ​ក្នុងលទ្ធផល ៤-៣ នា​កីឡដ្ឋាន Anfield កាលពី​ខែមករា​។

ខ្សែ​​​ប្រយុទ្ធ​ដ៏មុត​ស្រួច​ទាំង ​៣ ​របស់​​ក្រុមម្ចាស់ផ្ទះ​​ដែលរួមមាន Mohamed Salah, Roberto Firminoនិង Sadio Mane សុទ្ធសឹង​បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ ខណៈ​ដែល​កីឡាករ​ទាំង​ ៣ ​រក​បាន​​គ្រាប់​បាល់​សរុប​ដល់​ទៅ​ ៧៥​ ​គ្រាប់​នៅ​រដូវកាល​នេះ​។

អ្នក​ចាំ​ទី​អន្តរ​ជាតិ​ប្រេស៊ីល Ederson របស់​ក្រុម Man City ព្យា​បាល​ដាល់​បាល់​ចេញ​ពី​មុខ​ទី​របស់​ខ្លួន​ក្នុង​ពេល​ប្រកួត​ជាមួយ Liverpool ក​ន្លង​មក​។ AFP

ប៉ុន្តែ លោក Guardiola សញ្ជាតិ​អេ​ស្ប៉ាញ ជឿជាក់​ថា បច្ចេក​ទេស​លេង​បែប​វាយ​សម្រុក គឺ​ជា​មធ្យោ​បាយ​ដ៏ល្អ​បំផុត​សម្រាប់ Man City ក្នុង​ការ​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​​ផ្តាច់ព្រ័ត្រ​នៃក្រប​ខ័ណ្ឌ Champions League ជាលើក​ទី​ ២ ​របស់​ពួក​គេ ប៉ុន្តែ ជា​លើក​ទី​៨​ក្នុង​ចំណោម ​ ៩ ​រដូវ​កាល​របស់​លោក​ក្នុងនាម​ជាគ្រូបង្វឹក​។

លោក Guardiola​ បា​ន​និយាយ​​កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «ខ្ញុំ​ដឹង​ថា របៀប​ដែលយើង​លេង​គឺ​ល្អ​​សម្រាប់ Liverpool ពី​ព្រោះ​ពួក​គេ​ជាក្រុមមួយ​ដែល​វាយ​សម្រុក​បែប​​នេះ មិន​ដូច​ក្រុម​ផ្សេង​ក្នុង​ពិភព​លោក​ឡើយ​។ ប៉ុន្តែ មធ្យោ​បាយ​ដ៏ល្អ​បំផុត​ក្នុង​ការ​ឈ្នះ គឺ​ត្រូវ​ធ្វើ​តាម​​របៀប​ដែល​យើង​​បាន​ធ្វើ​ចាប់​តាំងពី​យើង​ស្ថិតនៅ​ទីនេះ​»​។

ការ​ប្រកួត​នេះ​​នឹង​ចាប់​ផ្តើមនៅម៉ោង​ ១:៤៥​ ទៀប​ភ្លឺ​៕ IS