ក្រុង​ឡុងដ៍៖ ខ្សែ​ប្រយុទ្ធ​ Roberto Firmino បាន​ជួយ​ឲ្យ​ក្រុម Liverpool ចាប់​ផ្ដើម​បំបែក​កំណត់ត្រា​សម្រាប់​លីក​​មួយ​ក្នុង​ចំណោម​លីក​កំពូល​ទាំង ​៥ ​នៅ​តំបន់​អឺរ៉ុប ​ក្រោយ​ពី​បាន​ឈ្នះ​ក្រុម Tottenham ១-០ ពី​ថ្ងៃ​សៅរ៍ ​ប៉ុន្តែ​ការ​​បញ្ចប់​ការ​រង់ចាំ​រយៈពេល ​៣០ ​ឆ្នាំ ​ដើម្បី​ឈ្នះ​ពាន​រង្វាន់​នេះ ​គ្រាន់​តែ​ជា​ប្រវត្តិសាស្ត្រ​ដែល​លោក Jurgen Klopp ចង់​បាន​តែ​ប៉ុណ្ណោះ​។​​

ក្រុម​របស់​លោក Klopp ទទួល​បាន​ពិន្ទុ ​៦១ ​​ក្នុង ​២១ ​ប្រកួត ​ដោយ​នាំ​មុខ​គេ​ដាច់ ​១៦ ពិន្ទុ ​ឈរ​នៅ​លើ​កំពូល​តារាង​ក្របខ័ណ្ឌ​ Premier League ដោយ​នៅ​សល់ ​១ ​ប្រកួត​ទៀត ​បើ​ធៀប​នឹង​ក្រុម​ Leicester ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី ​២​ ​​​មាន ​៤៥ ​ពិន្ទុ​។​

ឥឡូវ​នេះ​មាន​គម្លាត ​៣១ ​ពិន្ទុ​រវាង​ក្រុម​ទាំង ​២ ​​ដែល​បាន​ប្រកួត​គ្នា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League កាល​ពី​រដូវកាល​មុន ​ខណៈ​ដែល​ក្រុម​ Spurs នៅ​តែ​ស្ថិត​នៅ​លេខ ​៨ ​ដោយ​តាម​ពី​ក្រោយ ​៩ ​ពិន្ទុ ​នៃ​ក្រុម​ចុង​ក្រោយ​ដែល​ស្ថិត​នៅ​​កំពូល​តារាង​​ទាំង ​៤​។​

លោក Klopp បាន​និយាយ​ថា៖ «​បញ្ហា​គឺ​ថា ​អ្នក​មិន​ទទួល​បាន​អ្វី​សម្រាប់​ការ​ចាប់​ផ្ដើម​ល្អ​បំផុត​​នៅ​ឡើយ​ទេ​។ ប្រសិន​បើ​គេ​និយាយ​ក្នុង​រយៈពេល ​៥០ ​ឆ្នាំ​ទៀត​ វា​គឺ​ជា​ការ​ចាប់​ផ្ដើម​ល្អ​បំផុត​ ប៉ុន្តែ​អ្វី​ដែល​យើង​ចាប់​អារម្មណ៍​បំផុត​នោះ ​គឺ​យើង​អាច​ទទួល​បាន​នៅ​រដូវ​ក្ដៅ​ខាង​មុខ​​នេះ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​នោះ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ ​ព្រោះ​លីក​នេះ​គឺ​ខ្លាំង​មែន​ទែន​​ដោយសារ​យើង​នឹង​ត្រូវ​ប្រកួត​ជាមួយ​​ក្រុម​ខ្លាំងៗ​ទៀត​»។​

លោក Jose Mourinho គ្រូ​បង្វឹក​ក្លិប Tottenham បាន​និយាយ​ថា៖ «​ក្រុម Liverpool បាន​ធ្វើ​ការ​ជាមួយ​គ្រូ​បង្វឹក​នេះ​រយៈពេល ​៥ ​ឆ្នាំ​មក​ហើយ ​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​​អាច​លេង​ស៊ី​ចង្វាក់​គ្នា​ទាំង​ស្រុង​ និង​តាម​ទម្រង់​លេង​ដែល​ពួក​គេ​ចង់​បាន​»។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​ប្រសិន​បើ​យើង​ព្យាយាម​លេង​តាម​ទម្រង់​ដែល​យើង​បាន​ធ្វើ​នៅ ​២០ ​នាទី​ចុង​ក្រោយ ​នៅ​តង់​ទី ​១​ ខ្ញុំ​គិត​ថា យើង​នឹង​ដួល​ព្រោះ​កីឡាករ​មិន​ស៊ាំ​នឹង​ទម្រង់​លេង​នេះ​ទេ​»។​

ទន្ទឹម​នេះ​ដែរ​ ក្រុម Man Utd របស់​លោក Ole Gunnar Solskjaer បាន​លត់​ក្រុម​ Norwich ៤-០ កាល​ពី​ថ្ងៃ​សៅរ៍​ផង​ដែរ ​ដើម្បី​ឈរ​នៅ​លេខ ​៥ ​មាន ​៣៤ ​ពិន្ទុ ​​ក្នុង ​២២​ ប្រកួត​។​

គ្រូ​បង្វឹក​សញ្ជាតិ​ន័រវែស​រូប​នេះ​បាន​និយាយ​ថា៖ «​យើង​ស្ថិត​នៅ​ក្នុង​ការ​ប្រកួត​ទាំង​អស់​។ យើង​ស្ថិត​នៅ​លេខ ​៥ ​នៅ​ក្នុង​លីក​នេះ​ ប៉ុន្តែ​នៅ​មាន​បញ្ហា​នៅ​ឡើយ​។ យើង​បាន​កែប្រែ​ទីតាំង​ពី​រដូវកាល​មុន ​គឺ​មាន​ឱកាស​លេង​នៅ​ក្របខ័ណ្ឌ​ Europa League»។​​

គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ថា៖ «​ពួក​គេ​ទើប​តែ​ត្រូវ​ជឿ​លើ​ខ្ញុំ​នៅ​ពេល​ខ្ញុំ​​បាន​និយាយ​ថា​ ខ្ញុំ​មាន​អារម្មណ៍​ថា​ យើង​​កំពុង​ធ្វើ​រឿង​ជា​ច្រើន​នៅ​ពី​ក្រោយ​ឆាក​ ​ ហើយ​យើង​​កំពុង​​ដើរ​​ក្នុង​ទិសដៅ​ត្រឹមត្រូវ​​នៅ​ឡើយ​។ សូម​មើល​​ក្រុម​នៅ​​ថ្ងៃ​នេះ​ ឥរិយាបថ និង​​អត្រា​ការងារ ​ដែល​ជាស្នូល​នៃ​ក្រុម​របស់​យើង​ក្នុង​ការ​បន្ត​ទៅ​មុខ​ទៀត​​»​។

គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ទៀត​ថា៖ «​ខ្ញុំ​គិត​ថា វា​សំខាន់​ណាស់​ដែល​ក្លិប​​នៅ​តែ​ស្ថិត​ក្នុង​ដៃ​​ដ៏​ត្រឹមត្រូវ​។ ខ្ញុំ​ពិត​ជា​អ្នក​គាំទ្រ​របស់​​ក្រុម​នេះ​ ហើយ​ខ្ញុំ​គិត​ថា ក្លិប​នេះ​គឺ​​ស្ថិត​នៅ​ក្នុង​ដៃ​ដ៏​ល្អ​បំផុត​​​ដូច​ថ្ងៃ​នេះ​អ៊ីចឹង​​ ហើយ​ខ្ញុំ​ជា​អ្នក​គាំទ្រ​ក្លិប Man Utd ម្នាក់​ និង​ចង់​បាន​អ្វី​ល្អ​បំផុត​នៅ​ពេល​អនាគត​»​។

ទន្ទឹម​នេះ​ដែរ​ ក្រុម​​ Southampton បាន​ទទួល​ជ័យជម្នះ​ជា​លើក​ទី ​៥ ​ក្នុង ​៥ ​ប្រកួត​​កន្លង​មក​​នេះ​ នៅ​ក្នុង​ការ​ប្រកួត​ទាំង​អស់​ ​ខណៈ​ដែល​ពួក​គេ​ទើប​តែ​បាន​ឈ្នះ​ក្រុម Leicester ២-១ នៅ​កីឡដ្ឋាន​ King Power។​

កីឡាករ Dennis Praet បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ Leicester នាំ​មុខ ​១ ​គ្រាប់​មុន​​​ ប៉ុន្តែ​កីឡាករ​ Stuart Armstrong បាន​ជួយ​ឲ្យ​​ក្រុម​ភ្ញៀវ​តាម​ស្មើ​វិញ​នៅ​នាទី​ទី ​១៩ ​​មុន​ពេល​កីឡាករ​ Danny Ings បាន​បន្ថែម ​១ ​គ្រាប់​ទៀត ​ដើម្បី​បាន ​៣ ​ពិន្ទុ​៕ AFP/SN