លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Liverpool ត្រូវបាន​ចោទ​ប្រកាន់​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​អង់គ្លេស (FA) កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​ពី​លោក​បាន​រត់​ចូល​ទីលាន​ប្រកួត ដើម្បី​អបអរ​គ្រាប់​បាល់​ឈ្នះ​នៅ​ជិត​បញ្ចប់​ប្រកួត​របស់​ក្រុម​លោក ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម Everton ក្នុង​ជំនួប​រវាង​ក្រុម​ស្ថិត​ក្នុង​តំបន់ Merseyside តែមួយ។

បុរស​សញ្ជាតិ​អា​ល្លឺម៉​ង់​រូបនេះ​បាន​សម្តែង​នូវ​ការរីករាយ​យ៉ាងខ្លាំង​ចំពោះ​គ្រាប់​បាល់​នៅ​នាទី ទី ៩៦ របស់ Divock Origi និង​បាន​រត់​ទៅ​ឱប​អ្នក​ចាំទី Alisson Becker របស់ Liverpool។

លោក​បាន​សុំ​អភ័យ​ទោស​សម្រាប់​សកម្មភាព​របស់​លោក ក្រោយ​ពី​ការ​យក​ឈ្នះ ១-០ ប៉ុន្តែ FA បាន​ប្រកាស​ថា លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​ប្រព្រឹត្ត​មិន​សមរម្យ និង​មាន​ពេល​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​ឆ្លើយ​តប៕