ក្រុងឡុងដ៍: លោក Ernesto Valverde គ្រូបង្វឹករបស់ក្រុម Barcelona បានបញ្ជាក់ថា ក្រុមរបស់លោក ពិតជាចង់គេចឲ្យផុតពីការជួបជាមួយនឹងក្រុម Chelsea ក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ ក្រោយពីលោកបានសម្តែងនូវការបារម្ភចំពោះទម្រង់លេង «ដ៏អស្ចារ្យ» ដែលត្រូវបានបង្ហាញដោយក្រុមតំណាងឲ្យអង់គ្លេស ក្នុងយុទ្ធនាការនេះនៅរដូវកាលនេះ។ នេះបើយោងទៅតាមការចេញផ្សាយរបស់កាសែត The Guardian។
Chelsea បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល C បន្ទាប់ពីក្រុម Roma របស់អ៊ីតាលី ដោយសារតែរូបមន្តនៃការផ្តល់ការមានប្រៀបលើគ្រាប់បាល់ក្រៅដី។
ដោយឡែក ក្រុម Barcelona របស់លោក Valverde បាននាំមុខដល់ទៅ៣ពិន្ទុដាច់លើក្រុម Juventus ដើម្បីបញ្ចប់ដោយការឈរលេខ ១ ក្នុងពូល D ហើយគ្រូបង្វឹកបង្វឹករូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា លោកពិតជាចង់ឲ្យមានចំណាត់ថ្នាក់នេះមានភាពផ្ទុយគ្នាពីនេះ។
លោក Valverde បានឲ្យដឹងថា៖ «យើងបានបន់ឲ្យក្រុម Chelsea បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ក្នុងពូលរបស់ពួកគេ ហេតុនេះ យើងមិនចាំបាច់លេងជាមួយនឹងពួកគេឡើយ។ ពួកគេជាម្ចាស់ជើងឯក Premier League និងជាក្រុមដ៏ខ្លាំងមួយ។ ក្រុមរបស់អង់គ្លេសនៅឆ្នាំនេះ កំពុងតែស្ថិតក្នុងទម្រង់លេងដ៏ល្អ ពោលគឺល្អជាងឆ្នាំមុនៗ។ Chelsea ក៏ដូចគ្នាដែរ»។
ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង ២:៤៥ ទៀបភ្លឺ៕ IS