ភ្នំពេញ៖ គ្រូបង្វឹកក្លិបពុទ្ធសេរីវង្ស លោក ណន រិទ្ធ បានផ្តល់ការជឿជាក់ខ្លាំងចំពោះជើងខ្លាំង មឿន សុខហ៊ុច ដោយលោករំពឹងថា សិស្សរបស់លោកម្នាក់នេះ នឹងក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួតម៉ារ៉ាតុង ដណ្តើមប្រាក់លាន ក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម នៅលើសង្វៀន CNC នាយប់ថ្ងៃសៅរ៍ខាងមុខនេះ។
លោក ណន រិទ្ធ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ មុននេះបន្តិចថា៖ «ជាងកន្លះខែមកនេះ មឿន សុខហ៊ុច ហ្វឹកហាត់បានពេញល្អណាស់ ហើយ សុខហ៊ុច នឹងប្រឹងប្រែងវ៉ៃឲ្យអស់ពីសមត្ថភាព ទាមទារយកជ័យជម្នះឲ្យបាន គឺខ្ញុំមានសង្ឃឹមលើ សុខហ៊ុច រហូតដល់ ៩០ ភាគរយឯណោះ»។
នៅក្នុងការប្រកួតជម្រុះមានត្រឹម ៣ ទឹក ម៉ឺន សុខហ៊ុច ត្រូវជួបអ្នកប្រដាល់របស់ថៃវ័យ ២៧ ឆ្នាំ Nam Khanbuon ដែលធ្លាប់ប្រកួត ១០១ ដងឈ្នះ ៧៤ ចាញ់ ២៤ និងស្មើ ៣ ដង ហើយធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់បាន ១៥ ដង គឺតិចជាងកីឡាករវ័យ ២៤ ឆ្នាំ មានកម្ពស់ ១,៧០ ម៉ែត្រ ម៉ឺន សុខហ៊ុច ដែលធ្លាប់ប្រកួតបាន ១០៦ ដង ឈ្នះ ៧៧ ចាញ់ ២៤ និងស្មើ ៥ ដង ក្នុងនោះគេធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់ ១៧ ដង។
ចំណែក រឿង សារ័ត្ន ត្រូវប្រកួតជម្រុះជាមួយថៃ Leam Phith ដែលថៃម្នាក់នេះមានអាយុ ២៧ ឆ្នាំ កម្ពស់ ១,៧០ ម៉ែត្រ ធ្លាប់ប្រកួត ៨០ ដង ឈ្នះ ៦០ ចាញ់ ១៧ និងស្មើ ៣ ដង ឯកីឡាករវ័យ ២២ ឆ្នាំ កម្ពស់ ១,៧៥ ម៉ែត្រ រឿង សារ័ត្ន ធ្លាប់ប្រកួត ៨៩ ដង ឈ្នះ ៦៣ ចាញ់ ២១ និងស្មើ ៥ ដង ហើយអ្នកឈ្នះក្នុងការប្រកួតវគ្គជម្រុះនេះនឹងត្រូវឡើងទៅប្រកួតគ្នានៅវគ្គផ្តាច់ព្រ័ត្រមាន ៥ ទឹក (១ ទឹកមាន ២ នាទី) ដើម្បីរកអ្នកឈ្នះដែលទទួលបានប្រាក់ ៤ លានរៀល និងអ្នកចាញ់បាន ២ លានរៀល។
ទាក់ទងនឹងការប្រកួតជម្រុះនេះលោក ណន រិទ្ធ បាននិយាយថា៖ «កីឡាករថៃម្នាក់នេះ គឺ មឿន សុខហ៊ុច ធ្លាប់ឈ្នះទាំងប្រផិតប្រផើយ សម្រាប់ការជួបគ្នាកន្លងមកដោយសារការប្រកួតកាលនោះ សុខហ៊ុច ហ្វឹកហាត់បានស្ទើ ប៉ុន្តែលើកនេះ ខ្ញុំបានបង្វឹកវាពេញតែម្តង ហើយនៅពេលកម្លាំងស៊ុហ្វរបស់យើងពេញ អ៊ីចឹងបច្ចេកទេសវ៉ៃរបស់ សុខហ៊ុច ក៏មានការរីកចម្រើន និងល្អទៅតាមហ្នឹងដែរ»៕