ភ្នំពេញៈ អនុប្រធាន​ទី​​១ ​នៃ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) លោក សៅ សុខា បាន​ស្នើសុំ​​​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ​(CAMSOC) ដែល​មាន​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ជា​ប្រធាន​នោះ​មាន​ការផ្លាស់ប្តូរ​សហព័ន្ធ​កីឡាជាតិ​មួយ​ចំនួន​ដែល​នៅ​តែ​អសកម្ម ឬ​ទៅ​មុខ​មិន​រួច ដោយ​ដាក់​សហព័ន្ធ​ផ្សេង​មក​ជំនួស​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការប្រកួត​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង។

លោក សៅ សុខា បាន​លើក​ឡើង​ជា​គំនិត​ត្រង់ៗ​នៅ​ក្នុង​កិច្ចប្រជុំ​ត្រីមាស​ទី​៣ នៃ​ CAMSOC នៅ​វិមាន​មិត្តភាព​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា៖ ​«​ខ្ញុំ​គិត​ថា​សហព័ន្ធ​ដែល​មើល​ទៅ​ឃើញ​ថា ទៅ​មុខ​មិន​រួច​គឺ​យើង​គួរ​មាន​ការ​ផ្លាស់ប្តូរ​ចេញ​ទៅ ព្រោះ​យើង​មិនមែន​ធ្វើ​លេងៗ​នោះ​ទេ គឺ​ធ្វើ​មែន​ទែន។ ហេតុ​នេះ​បើ​សហព័ន្ធ​ណា​ធ្វើ​លេងៗ​គ្រាន់​តែ​ចង់​ពាក់​អាវធំ ​និង​ក្រវាត់ក ដើម្បី​ថតរូប​បង្ហោះ​បង្អួត​គេ គឺ​មិន​បាច់​ធ្វើ​ទេ»​។

ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​លោក សៅ សុខា បាន​សង្កត់​ធ្ងន់​ថា៖ ​«មាន​បងៗ​មួយ​ចំនួន​គាត់​ធ្វើ​ប្រធាន​សហព័ន្ធ គ្រាន់តែ​ដើម្បី​បង្កើត​មុខរបរ​រកស៊ី និង​ឲ្យ​ស្គាល់​គេ​នោះ​ទេ ហើយ​ខ្ញុំ​ដឹង​រឿង​នេះ​ដោយសារ​មាន​គេ​មក​ប្តឹង​ខ្ញុំ អ៊ីចឹង​ហើយ​​សហព័ន្ធ​នីមួយៗ​គួរ​រក​មេដឹកនាំ​ដែល​ខ្លាំង និង​រឹងមាំ​ហើយ​រក​អគ្គលេខាធិការ​ដែល​ពូកែ និង​មាន​ជំនាញ​ច្បាស់លាស់​យក​មក​ធ្វើការ​ទើប​សហព័ន្ធ​នោះ​មាន​ការអភិវឌ្ឍ​ទៅ​មុខ​បាន​ល្អ ហើយ​យើង​ក៏​នឹង​ទទួល​បាន​ជោគជ័យ​នៅ​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ផង​ដែរ»។

បន្ថែម​លើ​នេះ​លោក សៅ សុខា ក៏​សុំ​ឲ្យ​មាន​ការឯកភាព​គ្នា និង​រៀបចំ​យុទ្ធសាស្រ្ត​ឲ្យ​បាន​ច្បាស់លាស់ ហើយ​លោក​បាន​ផ្តល់​ជា​យោបល់​ឲ្យ​ CAMSOC យក​បញ្ហា​គន្លឹះ​ជា​ការចាប់ផ្តើម​ការរៀបចំ​យុទ្ធសាស្រ្ត។ ជាង​នេះ​ទៅ​ទៀត យើង​ត្រូវ​រៀបចំ​ឲ្យ​មាន​ការបណ្តុះបណ្តាល និង​ប្រកួត​ឲ្យ​បាន​គ្រប់​ខេត្ត ដើម្បី​ជ្រើសរើស​អត្តពលិក​ត្រៀម​ទៅ​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ឲ្យ​បាន​ត្រឹម​ត្រូវ​ហើយ​ក្នុង​នោះ​យើង​ក៏​ត្រូវ​មាន​ហេដ្ឋារចនា​សម្ព័ន្ធ និង​ការបណ្តុះបណ្តាល​គ្រូ​បង្វឹក និង​មន្រ្តី​បច្ចេកទេស​ផង​ដែរ។

ជាមួយ​គ្នា​នោះ​បញ្ហា​ទាក់ទង​ទៅ​នឹង​គម្រោង​ចំណាយ​ទៅ​លើ​ផ្នែក​នីមួយៗ បញ្ហា​សុខាភិបាល​រួម​ទាំង​គម្រោង​រៀបចំ​ពិធី​បិទ-បើក ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣ ក៏​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​ត្រីមាស​ទី​ ៣ នៃ​CAMSOC កាលពី​ព្រឹក​ចន្ទ​​នោះ​ដែរ ហើយ​នូវ​រាល់​បញ្ហា និង​សំណើ​ដែល​បាន​លើក​ឡើង​ត្រូវ​បាន​លោក​ឧបនាយក​រដ្ឋមន្រ្តី ទៀ បាញ់ ជា​ប្រធាន​តម្រូវ​ឲ្យ​អគ្គលេខាធិការ​ធ្វើ​របាយការណ៍​ឲ្យ​បាន​ច្បាស់លាស់​នៅក្នុង​ត្រីមាស​នីមួយៗ ជាពិសេស​ត្រូវ​រៀបចំ​គម្រោង​ចំណាយ​ឲ្យ​បាន​ច្បាស់លាស់​ដោយ​លោក​បាន​ចាត់​ទុក​ថា រឿង​ហិរញ្ញវត្ថុ​នេះ​ជា​បញ្ហា​ធំ។

ទាក់ទង​ទៅ​នឹង​បញ្ហា​ហិរញ្ញវត្ថុ​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​អគ្គលេខាធិការ​អចិន្ត្រៃយ៍​របស់ CAMSOC បាន​ថ្លែង​ក្រោយ​កិច្ចប្រជុំ​ថា៖ «អ្វី​ដែល​សម្តេច​សេនាពិជ័យ ទៀ បាញ់ យក​ចិត្ត​ទុកដាក់​ជាងគេ​គឺ​ការធ្វើឲ្យ​មាន​ប្រសិទ្ធភាព​ខាង​ផ្នែក​ហរិញ្ញវត្ថុ​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តម្លាភាព គណនេយ្យភាព និង​សុច្ចរិតភាព​នៅក្នុង​ការប្រើប្រាស់​ហិរញ្ញវត្ថុ​របស់​រដ្ឋ និង​ជាតិ​របស់​យើង​ក្នុង​សកម្មភាព​ជំរុញ​ការអភិវឌ្ឍ​ផ្សេងៗ​នៅក្នុង​វិស័យ​កីឡា​របស់​យើង»។

លោក វ៉ាត់ ចំរើន ​បាន​បន្ត​ថា៖ ​«សម្រាប់​កិច្ចប្រជុំ​នៅ​ថ្ងៃ​នេះ យើង​ឃើញ​មាន​ការ​ដាក់​ចេញ​នូវ​វិធានការ​ជាច្រើន បន្ទាប់ពី​ទទួល​បាន​របាយការណ៍​វឌ្ឍនភាព​របស់​ CAMSOC ដែល ឯកឧត្តម ថោង ខុន ជាអនុ​ប្រធាន​អចិន្រ្តៃយ៍​បាន​ផ្តល់​ជូន​អង្គ​ប្រជុំ ហើយ​នេះ​ជា​មោទនភាព​មួយ​ក្នុង​ការពន្លឿន​នៃ​កិច្ចការ​របស់​គណៈកម្មការ CAMSOC។ បន្ថែម​លើ​នេះ​សម្តេច​សេនាពិជ័យ​បាន​ផ្តល់​អនុសាសន៍​ណែនាំ​ជាច្រើន​ដែល​ធ្វើឲ្យ​លេខាធិការដ្ឋាន​ត្រូវ​មាន​​ដំណើរការ​ចាប់ពី​ពេល​នេះ​ទៅ​ឲ្យ​បាន​ឆាប់​រហ័ស»។

លោក​បន្ថែម​ថា៖ ​«បន្ថែម​លើ​នេះ​យើង​រៀបចំ​ដំណើរការ​នៃ​ការអភិវឌ្ឍ​ជំនាញ​ឲ្យ​បាន​លឿន​ផង​ដែរ​ដោយ​យើង​ត្រូវ​​ធ្វើការ​ជាមួយ​សហព័ន្ធ​ជាតិ​ក្នុង​ការបញ្ជូន​អត្តពលិក​ទៅ​​ហាត់​ក្រៅ​ប្រទេស និង​ត្រូវ​ធ្វើ​ការងារ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​ការពិនិត្យ​មើល​ការជ្រើសរើស​អត្តពលិក​ឲ្យ​មាន​ទេពកោសល្យ និង​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ទៅ​ហ្វឹកហាត់​កម្រិត​ខ្ពស់​រយៈពេល​វែង​នៅ​ក្រៅ​ប្រទេស​ដែល​យើង​ត្រៀម​ទៅ​ចិន ជប៉ុន កូរ៉េ ឬ​ក៏​នៅ​ប្រទេស​ភាគអឺរ៉ុប​មួយ​ចំនួន​ទៀត»៕