ភ្នំពេញ៖ ក្រុមល្បុក្កតោកម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធ ៤ ទៀត ឲ្យកម្ពុជាសម្រាប់ការប្រកួតថ្ងៃចុងក្រោយរបស់ពួកគេ កាលពីថ្ងៃអង្គារ ចំណែកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ នឹងត្រូវប្រកួតកាត់សេចក្តីជាមួយក្រុមម៉ាឡេស៊ី នៅរសៀលម៉ោង ៣ ថ្ងៃនេះ ដើម្បីស្វែងរកច្រកឡើងទៅប្រកួតវគ្គ ១/២ ផ្តាច់ព្រ័ត្រ ជាលើកដំបូង ហើយម្ចាស់ផ្ទះហ្វីលីពីន ក៏ត្រូវប៉ះក្រុមទីម័រ ក្នុងម៉ោងជាមួយគ្នានេះដែរ។
បើទោះបីជាក្រុមកម្ពុជាបានយកស្មើក្រុមម្ចាស់ផ្ទះហ្វីលីពីន ១-១ និងឈ្នះក្រុមទីម័រខាងកើត រហូតដល់ ៥-០ ប៉ុន្តែការមកចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ២-១ សម្រាប់ការប្រកួតជម្រុះប្រចាំពូល A កាលពីយប់ថ្ងៃចន្ទ បានធ្វើឲ្យកម្ពុជា ស្ថិតក្នុងសម្ពាធកាន់តែខ្លាំង ក្នុងការប្រជែងរកឱកាសឡើងទៅវគ្គបន្ត ខណៈម៉ាឡេស៊ី និងហ្វីលីពីន សុទ្ធតែមាន ៤ ពិន្ទុដូចគ្នា និងស្រេកឃ្លានការឈ្នះ ប្រជែងយកកៅអីទី ២ ប្រចាំពូលនេះ ដើម្បីបានឡើងទៅវគ្គបន្តជាមួយក្រុម មីយ៉ាន់ម៉ា ដែរនោះ។
នៅក្នុងការប្រកួតជាមួយក្រុមម៉ាឡេស៊ីលើកនេះ ត្រូវបានគេមើលឃើញថា នឹងមានភាពតានតឹងខ្លាំង ព្រោះក្រុមទាំង ២ ត្រូវការឈ្នះដាច់ខាតដូចគ្នា ប៉ុន្តែក្រុមដែលឈ្នះក្នុងការប្រកួតនេះ ក៏មិនទាន់ប្រាកដថា នឹងទទួលបានឱកាសឡើងទៅវគ្គបន្តនោះទេ គឺត្រូវអ៊ុតមើលលទ្ធផលប្រកួតរបស់ក្រុមម្ចាស់ផ្ទះហ្វីលីពីន និងក្រុមទីម័រខាងកើតជាមុនសិន។
យ៉ាងណាក៏ដោយ ដោយសារក្រុមកម្ពុជា នៅសល់គ្រាប់បាល់ ចំណេញច្រើនជាងគេ (៤ គ្រាប់) គឺលើសម៉ាឡេស៊ី ១ គ្រាប់ និង លើសហ្វីលីពីន ៤ គ្រាប់ ហេតុនេះកម្ពុជា គឺមានភាគរយខ្ពស់ជាងគេ ក្នុងការបានឡើងទៅវគ្គបន្ត បើសិនជាពួកគេអាចយកឈ្នះក្រុមម៉ាឡេស៊ីបាននោះ។
លោក Felix Dalmas គ្រូបង្វឹកក្រុមកម្ពុជា បានបង្ហាញការសោកស្តាយខ្លាំង ចំពោះការចាញ់ក្រុម មីយ៉ាន់ម៉ា ដែលបានកើតមានឡើងនៅចុងម៉ោងនោះ ព្រោះការប្រកួតកាលពីយប់ថ្ងៃចន្ទនោះ ស៊ិន សុផាណាត់ បានគ្រាប់បាល់ឲ្យកម្ពុជានាំមុខបានមុននៅនាទីទី ២១ ប៉ុន្តែត្រូវបានកីឡាករ Lwin Moe Aung ស៊ុតបញ្ចូលទី តាមស្មើ ១-១ នៅនាទីទី ២៧ មុនពេលកីឡាករ Aung Kaung Mann ជាអ្នករកឃើញគ្រាប់បាល់ជ័យជម្នះដ៏រំភើបបំផុតឲ្យមីយ៉ាន់ម៉ានៅនាទីទី ៨៦។
លោក Felix Dalmas បាននិយាយក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖ «ខ្ញុំដឹងថា លទ្ធផលនេះ មិនមែនជាអ្វីដែលក្រុមយើង និងអ្នកគាំទ្រចង់បាននោះទេ ប៉ុន្តែសូមបន្តលើកទឹកចិត្តដល់កីឡាករ ព្រោះពួកគេពិតជាបានខំប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់ការប្រកួតនេះ ក៏ដូចជាការប្រកួតផ្សេងៗដែរ»។
ទោះបីជាយ៉ាងណា គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ នៅតែមានការសង្ឃឹមថា កម្ពុជាអាចឆ្លងផុតទាំងការប្រកួតជម្រុះក្នុងពូលនេះ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឡើងទៅជួបក្រុមមីយ៉ាន់ម៉ាម្តងទៀត។ លោក Felix Dalmas បានបន្ថែមថា៖ «ក្រុមមីយ៉ាន់ម៉ា មានគ្រូបង្វឹកល្អ និងកីឡាករល្អ ប៉ុន្តែយើងនៅសល់មួយប្រកួតទៀត ដូច្នេះសង្ឃឹមថា យើងនឹងជួបគ្នាម្តងទៀតនៅវគ្គផ្តាច់ព្រ័ត្រ»។
យ៉ាងណាមិញ ក្រុមល្បុក្កតោកម្ពុជា ដែលបានចូលរួមប្រកួតកីឡា Arnis របស់ម្ចាស់ផ្ទះហ្វីលីពីន នោះ បានឈ្នះមេដាយសំរឹទ្ធឲ្យកម្ពុជាចំនួន ៤ ទៀត ហើយលទ្ធផលនេះ បានធ្វើឲ្យពួកគេ ឈ្នះបានមេដាយសរុបចំនួន ២០ គឺមាស ១ ប្រាក់ ២ និងសំរឹទ្ធ ១៧ ខណៈមេដាយប្រាក់ ១ ទៀត រកបានដោយក្រុមសីដក់ ប៉ុន្តែកីឡារាំ និងបាល់ទះឆ្នេរខ្សាច់បានចាញ់អស់ហើយ ហើយក្រុមវាយសី វាយកូនបាល់ និងបាល់ទះ ក៏ទទួលបានលទ្ធផលមិនល្អនោះដែរ ខណៈក្រុមប៉េតង់ កំពុងស្ថិតក្នុងជំហរឆ្ពោះទៅរកដណ្តើមមេដាយមាសឲ្យកម្ពុជា៕