ភ្នំពេញ៖ កីឡាករល្បុក្កតោកម្ពុជា បានបង្ហាញនូវក្តីរំពឹង ក្នុងការប្រមាញ់បានមេដាយមាសទី ២ ពីព្រឹត្តិការណ៍ស៊ីហ្គេមនៅហ្វីលីពីនឲ្យប្រទេស កម្ពុជា គឺបន្ថែមទៅលើការឈ្នះបានមេដាយមាស ១ ប្រាក់ ២ និងសំរឹទ្ធ ១៣ ដែលពួកគេដណ្តើមបានលើការប្រកួតកីឡា Arnis កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទម្សិលមិញ។
លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងជាប្រធានដឹកនាំការប្រកួត បានប្រាប់ពីប្រទេស ហ្វីលីពីន មកថា ការដណ្តើមបានមេដាយមាសរបស់កីឡាករ យ៉ុង ម៉េងលី វាបានក្លាយជាកំណត់ត្រាដ៏ល្អបំផុត ចំពោះការបង្ហាញវត្តមានលើកដំបូងរបស់ល្បុក្កតោកម្ពុជា ប៉ុន្តែជ័យជម្នះនេះ នៅមិនទាន់ស្របតាមគោលដៅ ដែលថ្នាក់ដឹកនាំដាក់ឲ្យនៅឡើយទេ។
អគ្គលេខាធិការវ័យក្មេងរូបនេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ តាមហ្វេសប៊ុកថា៖ «បើតាមគោលដៅ ដែលថ្នាក់ដឹកនាំបានជូននៅក្នុងផែនការ គឺយើងត្រូវរកមេដាយមាសឲ្យបាន ២ សម្រាប់កីឡាល្បុក្កតោ នៅក្នុងការប្រកួតស៊ីហ្គេមនេះ ហើយនៅពេលនេះយើងរកបាន ១ ហើយ អ៊ីចឹងរំពឹងថា យើងនឹងរកបាន ១ ទៀត សម្រាប់ការប្រកួតនៅថ្ងៃ ស្អែក(ថ្ងៃអង្គារនេះ) ព្រោះយើងនៅសល់ ៤ វិញ្ញាសាទៀត ដែលត្រូវប្រកួត»។
សម្រាប់ការប្រកួតកាលពីថ្ងៃចន្ទម្សិលមិញនោះ កីឡាករ យ៉ុង ម៉េងលី បានក្លាយជាអត្តពលិកដំបូងគេ ដែលដណ្តើមបានមេដាយមាសឲ្យកម្ពុជា នៅក្នុងការប្រកួតស៊ីហ្គេមលើកទី ៣០ នេះ បន្ទាប់ពីរូបគេបានយកឈ្នះកីឡាករម្ចាស់ផ្ទះហ្វីលីពីន Valenzuela Billy Joel ដោយលទ្ធផល ៦-៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងប្រភេទទម្ងន់លើ ៦០ គីឡូក្រាម ដល់ក្រោម ៦៥ គ.ក្រ ខណៈការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ម៉េងលី បានយកឈ្នះកីឡាកររបស់មីយ៉ាន់ម៉ា។
បន្ថែមលើនេះ ការប្រកួតកាលពីថ្ងៃចន្ទនោះដែរ កីឡាករល្បុក្កតោកម្ពុជា ក៏ដណ្តើមមានមេដាយសំរឹទ្ធចំនួន ៧ ទៀតផងដែរ បន្ថែមទៅលើការឈ្នះបានមេដាយប្រាក់ ២ និងសំរឹទ្ធ ៦ កាលពីថ្ងៃអាទិត្យ ហើយអ្នកដែលទទួលបានមេដាយសំរឹទ្ធបន្ថែមនេះ រួមមានកីឡាករ ឌឹម ង៉ែត, សុក ឈុន,មឿន ប៊ុនលី កីឡាការិនី ខៀវ ចិន្តារ័ត្ន, យស់ សញ្ចនា, ស៊ី វ៉ាន់សូនីតា និង កីឡាការិនី បូ ចន្ធី បន្ទាប់ពីអ្នកទាំង ៧ បានធ្លាក់ក្នុងវគ្គ ១/២ ផ្តាច់ព្រ័ត្រដូចគ្នាក្នុងការប្រកួតលើប្រភេទទម្ងន់ផ្សេងៗគ្នានោះ។
តាមរយៈជយលាភីដែលដណ្តើមបានកាលពីម្សិលមិញនោះ បានធ្វើឲ្យកម្ពុជាដណ្តើមបានមេដាយសរុបចំនួន ១៧ ក្នុងនោះមានមេដាយមាស ១ ប្រាក់ ៣ និងសំរឹទ្ធ ១៣ ហើយលទ្ធផលនេះបានជួយឲ្យកម្ពុជា ឡើងទៅឈរនៅលេខរៀងទី ៧ ក្នុងចំណោមប្រទេសចូលរួមទាំង ១១ ប្រទេស ជាបណ្តោះអាសន្ន គិតត្រឹមយប់ម៉ោង ៨ ថ្ងៃចន្ទម្សិលមិញនេះ។
លោក វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេមបានថ្លែងក្រោយពេលកីឡាករ យ៉ុង ម៉េងលី ដណ្តើមបានមេដាយមាសនៅហ្វីលីពីនថា៖ «ក្នុងនាមជានាយបេសកកម្មស៊ីហ្គេម ខ្ញុំមានក្តីសប្បាយរីករាយយ៉ាងខ្លាំង ដែលកីឡាករល្បុក្កតោបានឈ្នះមេដាយមាស លើការប្រកួតកីឡា Arnis លើកដំបូងក្នុងការប្រកួតស៊ីហ្គេមលើកទី ៣០ ក្រោមការដឹកនាំរបស់ឯកឧត្តម ថោង ខុន ហើយមេដាយនេះ បានធ្វើឲ្យយើងមានក្តីសង្ឃឹម និងក្តីរំពឹងសម្រាប់ប្រតិភូកីឡាជាតិយើងទាំងមូល ដែលបានចូលរួមប្រកួតស៊ីហ្គេមនេះ»។
លោកបន្ថែមថា៖ «បន្ថែមលើនេះ ក្រុមល្បុក្កតោ ក៏ដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធ ជាច្រើនទៀតផងដែរ ហើយការឈ្នះមេដាយមាសនេះ ជាគំរូ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីគ្រប់ប្រភេទកីឡាទាំងអស់ ឲ្យខិតខំប្រឹងប្រែងស្វែងរកមេដាយមាសបន្តទៀត ហេតុនេះសូមប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស កម្ពុជា ជួយលើកទឹកចិត្តដល់អត្តពលិករបស់យើង ព្រោះយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែងណាស់ ដើម្បីប្រកួតដណ្តើមមេដាយជូនជាតិ»៕