ភ្នំពេញៈ កីឡាករ​ជម្រើសជាតិ​ល្បុក្កតោ​ ២ ​នាក់​បាន​ចេញ​ទៅ​បង្ហាញ និង​ផ្សព្វផ្សាយ​ក្បាច់គុន​ល្បុក្កតោ​ជា​អត្តសញ្ញាណ​ជាតិ​ក្នុង​ព្រឹត្តិការណ៍​កីឡា​យុទ្ធសិល្ប៍​អន្តរជាតិ​នៅ​កូរ៉េ​ខាង​ត្បូង​រយៈពេល​ ៣ ​ខែ​តាម​ការអញ្ជើញ​របស់​អង្គការ UNESCO ហើយ​នេះ​ជា​ព្រឹត្តិការណ៍​ពិសេស​ដែល​កម្ពុជា​ធ្លាប់​បាន​ចូលរួម​តាំងពី​ឆ្នាំ​ ២០០៩ ព្រោះ​ល្បុក្កតោ​ជា​ប្រភេទ​កីឡា​បែប​បុរាណ និង​ប្រពៃណី ដែល​គេ​ស្គាល់​ច្រើន​បំផុត​នៅលើ​ពិភពលោក​។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​បាន​ថ្លែង​ប្រាប់​ថា​៖ «​អង្គការ​កីឡា​យុទ្ធ​សីល្ប៍​ពិភពលោក​មួយ​ដែល​មាន​ជនជាតិ​កូរ៉េ​ជា​អ្នកបង្កើត​ត្រូវ​បាន​ទទួលស្គាល់​ពី​អង្គការ UNESCO ដោយ​បាន​ចងក្រង​ប្រមូល​នូវ​ប្រភេទ​កីឡា​ចំណាស់ៗ​មាន​លក្ខណៈ​ប្រពៃណី​នៅលើ​ពិភពលោក ដើម្បី​អប់រំ​ផ្សព្វផ្សាយ និង​អភិរក្ស​»​។

លោក​បន្ថែម​ថា​៖ «​កីឡា​ល្បុក្កតោ​កម្ពុជា​បាន​ចូលរួម​ជា​លើកដំបូង​កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០០៩ ហើយ​ក៏​ធ្លាប់​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ជូន​ជាតិ​ផងដែរ ព្រោះថា​ល្បុក្កតោ​កម្ពុជា​ធ្លាប់​បញ្ជូន​អត្តពលិក​ទៅ​ចូលរួម​ច្រើន​លើក​មក​ហើយ ដែល​ក្នុង​នោះ​កម្មវិធី​តម្រូវ​ឲ្យ​សម្តែង​ដាក់ពិន្ទុ និង​វាយតម្លៃ​ពី​គណៈកម្មការ​រៀបចំ​»​។

ចំណែក​លោក អ៊ូ តារា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​កម្មវិធី​នេះ​រៀបចំ​ដោយ The MBC Arts Co.LTD ដោយមាន​ការឧបត្ថម្ភ​គាំទ្រ​ការហូបចុក ស្នាក់នៅ និង​សំបុត្រ​យន្តហោះ​របស់​អង្គការ UNESCO ក្នុង​គោលបំណង​លើកតម្កើង​ក្បាច់គុន​បុរាណ​ដែល​មាន​វប្បធម៌ ច្បាស់លាស់ និង​ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៃ​វប្បធម៌ និង​សិល្បៈ​ក្បាច់គុន​របស់​ប្រទេស​ដែល​ចូលរួម​ពិសេស​គឺ​ការធ្វើឲ្យ​ប្រសើរ​ឡើង​នៃ​សន្តិភាព​អន្តរជាតិ​តាមរយៈ​សិល្បៈ​ក្បាច់គុន​ជាមួយ​នឹង​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​»​។

គួរ​បញ្ជាក់​ថា​កីឡាករ មឿន ប៊ុនលី និង ឌឹប ង៉ែត នៃ​ក្រុម​ជម្រើសជាតិ​ល្បុក្កតោ​ជា​បេក្ខភាព​ដែល​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ប្រទេស​កូរ៉េ​ខាង​ពី​ចុង​សប្តាហ៍​នេះ ដើម្បី​បង្ហាញ និង​ផ្សព្វផ្សាយ​ក្បាច់គុន​ល្បុក្កតោ​រយៈពេល​ ៣ ​ខែ​លើក​នេះ ហើយ​ពួកគេ​ក៏​ត្រូវ​ធ្វើការ​ប្រកួតប្រជែង​រក​មេដាយ​ជាមួយ​ក្រុម​អត្តពលិក​នៃ​ប្រភេទ​កីឡា​អត្តសញ្ញាណ​ជាតិ​របស់​ប្រទេស​មួយ​ចំនួន​ទៀត​ផងដែរ​មុន​ពេល​ពួកគេ​វិល​មក​ចូលរួម​ហ្វឹកហាត់​ក្នុង​ការប្រមូលផ្តុំ​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​វិញ​។

សម្រាប់​ប្រភេទ​កីឡា​បុរាណ និង​ប្រពៃណី​ដែល​ដាក់​មក​សម្តែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​យុទ្ធសិល្ប៍​អន្តរជាតិ​ត្រូវ​បាន​លោក អ៊ូ តារា ប្រាប់​ឲ្យ​ដឹងថា មាន​កីឡា​តេក្វាន់ដូ Taekkyeon និង Muyeo24 Ban របស់​ម្ចាស់​ផ្ទះ​កូរ៉េ កីឡា Capoeira របស់​ប្រេស៊ីល​ កីឡា​វូស៊ូ របស់​ប្រទេស​ចិន កីឡា Silat របស់​ម៉ាឡេស៊ី កីឡា​ Arnis របស់​ប្រទេស​ហ្វីលីពីន និង​គុន​ល្បុក្កតោ​របស់​កម្ពុជា​៕