ភ្នំពេញ: ក្នុង​គំនិត​ផ្តួចផ្តើម​ដ៏​ចម្បង​ជា​លើក​ទី ១ របស់​ខ្លួន​ដើម្បី​ពង្រីក​ប្រជា​ប្រិយ​ភាព​នៃ​កីឡា​ជិះ​ទូក​ក្តោង​ក្នុង​ប្រទេស សហព័ន្ធ​កីឡា​ជិះទូក​ក្តោង​កម្ពុជា ដែល​ជា​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​អង្គភាព​គ្រប់គ្រង​កីឡា​ទូក​ក្តោង​ពិភពលោក នឹង​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​បច្ចេកទេស​កម្រិត ១ រយៈ​ពេល ៥ ថ្ងៃ សម្រាប់​គ្រូបង្វឹក ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ពុធ នៅ​ទីក្រុង​នៃ​ខេត្ត​កែប។

លោក Joe Chan ដែលជា​អ្នកជំនាញ​មកពី​សហព័ន្ធ​កីឡា​ទូកក្តោង​ពិភពលោក និង​លោក Joshua Choo គ្រូបង្វឹក​កីឡា​លើ​ផ្ទៃ​ទឹក​របស់​សិង្ហបុរី នឹង​ដឹកនាំ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នេះ ដែល​បើក​ចំហ​ឲ្យ​មាន​ការ​ចូលរួម​យ៉ាង​ទូទំ​ទូលាយ ដែល​មាន​គោ​ដៅ​ផ្តោត​ទៅ​លើ​ការ​អនុវត្ត​ផ្តាល់ និង​ទ្រីស្តី ក្នុង​គោល​បំណង​ដើម្បី​ផ្តល់​នូវ​ទេពកោសល្យ​នានា​ដែល​ជួយ​ឲ្យ​គ្រូបង្វឹក​អាច​បណ្តុះ​បណ្តាល​អត្តពលិក​ឲ្យ​ក្លាយជា​អ្នក​ជិះ​ទូក​ក្តោង​ឯករាជ្យ។

ក្នុងនាម​ជា​ប្រធាន​សហព័ន្ធ​កីឡា​ជិះទូក​ក្តោង​កម្ពុជា និង​ជា​អនុប្រធាន​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក Gordon Tang ដែល​ខ្លួន​លោក​ផ្ទាល់​ជា​កីឡាករ​ជិះ​ទូក​ក្តោង​ម្នាក់ បាន​បញ្ជាក់​ថា វគ្គ​បណ្តុះ​បណ្តាល​នេះ គឺជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់​មួយ​សម្រាប់​សហព័ន្ធ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​រយៈពេល​តិច​ជាង ៣ ឆ្នាំ​កន្លង​ទៅ ដើម្បី​បោះ​ជំហាន​ឆ្ពោះ​ទៅ​កាន់​កម្រិត​កាន់​តែ​ល្អ​ប្រសើរ និង​មាន​អត្តពលិក​ជិះទូក​ក្តោង​កាន់​តែ​ច្រើន ដែល​អាច​មាន​ជំនាញ​ក្នុង​កីឡា​នេះ។

សិក្ខាកាម​រហូតដល់​ទៅ ២៨ នាក់ នឹង​ចូលរួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​នេះ ដើម្បី​ទទួល​យក​ការ​សិក្សា​ជំនាញ​គ្រូបង្វឹក​កម្រិត​ពិភពលោក ផ្សារ​ភ្ជាប់​ពួកគេ​ទៅ​នឹង​គំនិត​ផ្តួចផ្តើម​នៃ​កីឡា​ជិះទូក​ក្តោង ក្រោម​ជំនួយ​ពី​ដៃគូ​ផ្សេង​ទៀត និង​ណែនាំ​ឲ្យ​ពួកគេ​ចាប់​ផ្តើម​ជិះ​ទូក​ក្តោង រួម​ជាមួយ​នឹង​ប្រភេទ​ទូក​ផ្សេង។

បើទោះបី​អ្នកចូលរួម​ភាគច្រើន​សម្រាប់​វគ្គ​សិក្សា​នេះ សុទ្ធសឹង​ជា​កង​ទាហាន​ជើងទឹក ក៏ដោយ ប៉ុន្តែ ក៏មាន​អត្តពលិក​វ័យក្មេង​ជាច្រើន​ដែល​ចូលចិត្ត​ជិះទូក​ក្តោង​ដោយ​ខ្លួនឯង​ផង​ដែរ។ សមាជិក​មួយ​ចំនួន​របស់​ក្លិប​ជិះ​ទូក​ក្តោង Knai Bang Chatt Sailing Club ក៏បាន​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​មួយ​នេះ​ផង​ដែរ។

លោក Meng Wang ដែលមាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​សហព័ន្ធ​កីឡា​ជិះទូក​ក្តោង​សិង្ហបុរី និង​ជាទី​ប្រឹក្សា​ម្នាក់​របស់​សហព័ន្ធ​កីឡា​ជិះទូក​ក្តោង​កម្ពុជា បាន​ឲ្យ​ដឹង​ថា៖ «ក្រោយ​ពី​វគ្គ​បណ្តុះ​បណ្តាល​នេះ យើង​សង្ឃឹម​ថា អាច​បង្រៀន​អ្នក​ចូល​ចិត្ត​ជិះ​ទូក​ក្តោង នូវ​វិធីសាស្ត្រ​សមរម្យ និង​ការ​យក​ចិត្ត​ទុក​ទៅ​លើ​សុវត្ថិភាព ក្រៅ​ពី​ការ​ថែរក្សា​សម្ភារ​ផ្សេង»៕IS