ភ្នំពេញៈ អ្នក​ប្រដាល់​ជំនាញ​ប្រើ​កែង វង្ស ណ​យ បាន​បង្ហាញ​ការ​តាំង​ចិត្ត​ខ្ពស់ ក្នុង​ការ​យក​ឈ្នះ​អ្នក​ប្រដាល់​មាន​ទម្ងន់ ៧១ គីឡូក្រាម​របស់​ថៃ Phat Many ដើម្បី​រូបគេ​អាច​សាង​បាន​ភាព​ល្បី​ឡើង​វិញ សម្រាប់​ការ​វិល​មក​ប្រកួត នៅ​សង្វៀន SEATV នា​រសៀល​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​រូបគេ​បាន​អាក់​ខាន​ឡើង​ប្រកួត​នៅ​សង្វៀន​នេះ​ប្រហែល ៣ ឆ្នាំ។

វង្ស ណ​យ ជា​អ្នក​ប្រដាល់​ជើងចាស់​ជំនាញ​កែង និង​ជង្គង់​ល្អ ព្រម​ទាំង​មាន​ចិត្ត​ធំ​ក្លាហាន​ប៉ុន្តែ​ភាព​ល្បី​ល្បាញ​របស់​គេ មិន​សូវ​បាន​យូរ ខណៈ​ដែល​ពេល​ខ្លះ​ការ​ប្រកួត​ចាញ់​របស់​គាត់​យ៉ាង​ផុយ​ស្រួយ និង​ពេល​ខ្លះ​ផ្តួល​គូ​ប្រកួត​បាន​លឿន គឺ​លិច និង​អណ្តែត មិន​ទៀង​ទាត់ ព្រម​ទាំង​ផ្លាស់ប្តូរ​ក្លិប​ជាច្រើន​មក​ហើយ។

សម្រាប់​ការវិល​មក​ប្រកួត​ថ្មី​នៅ​សង្វៀន SEATV នេះ បានធ្វើ​ឲ្យ​អ្នកតាម​ដាន​ការ​ប្រដាល់​មួយ​ចំនួន​ធំ ចាប់​អារម្មណ៍ ហើយ​កីឡាករ​មាន​កម្ពស់ ១,៧០ ម៉ែត្រ ធ្លាប់​ប្រកួត ១៨៨ ដង ឈ្នះ ១៣០ ចាញ់ ៥៥ និង​ស្មើ ៣ ដង​រូប​នេះ ហាក់​មិន​ចង់​ផ្តល់​បទ​សម្ភាស​ទេ ព្រោះ​ខ្លាច​រអា​ទៅ​នឹង​សារ​ព័ត៌មាន​ខ្លះ​ធ្លាប់​រិះគន់ ពិសេស​ពេល​ប្រកួត​ចាញ់​ម្តងៗ គឺ​ចោទ​ថា ប្រកួត​មិន​អស់​សមត្ថភាព។

វង្ស ណ​យ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា៖ «សព្វថ្ងៃ​ខ្ញុំ​ចេញ​វ៉ៃ​សង្វៀន​ណា​ក៏បាន​ដែរ ដោយ​ខ្ញុំ​បាន​ផ្លាស់​មក​នៅ​ក្លិប​កុល​បុត្រ​គុន​ខ្មែរ ខណៈ​ពី​មុន​ធ្លាប់​នៅ​ក្លិប​កងពល​លេខ ៣១ សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ និង​ក្លិប​អាណាចក្រ​គុន​ខ្មែរ ហើយ​ការ​ជួប​ថៃ Phat Many នៅ​ថ្ងៃ​សៅរ៍ គឺ​ខ្ញុំ​ហ្វឹកហាត់​ត្រៀម និង​តាំង​ចិត្ត​យក​ឈ្នះ​ក្នុង​ទំនុក​ចិត្ត​រហូត​ដល់ ៨០ ភាគរយ»។

កីឡាករ​រូបនេះ​បាន​បន្ថែមថា៖ «ខ្ញុំ​ចង់​ឈ្នះ​ការប្រកួត​នេះ​ខ្លាំង ព្រោះ​ខ្ញុំ​ចង់​ល្បី​ល្បាញ​លើ​សង្វៀន SEATV ជាថ្មី ក្រោយ​ពេល​ខ្ញុំ​ខកខាន​នៅ​ទីនេះ​រយៈពេល​ប្រហែល ៣ ឆ្នាំ​មក​ហើយ ប៉ុន្តែ​ចំណុច​ខ្សោយ​របស់​ខ្ញុំ គឺ​ព្រួយ​ផ្នែក​បញ្ហា​កម្លាំង​ប្រកួត​ចំនួន ៥ ទឹក ដែល​អាច​ខ្សោយ​នៅ​ចុង​ទឹក​ណាមួយ ដោយសារ​សព្វថ្ងៃ​ខ្ញុំ​ចាស់​ហើយ​ដែរ»។

លោក ញាន សុធី អ្នក​គ្រប់គ្រង​កម្មវិធី​ប្រកួត​នៅ SEATV បាន​ប្រាប់​ថា ៖«វង្ស ណយ ទោះបី​ជា​ចាស់​វស្សា តែ​ប្រកួត​ល្អ មិន​ទៀង​ទាត់ ប៉ុន្តែ​សម្រាប់​ប្រិយភាព​នៅ​តែ​មាន​អ្នក​គាំទ្រ​ច្រើន ក្នុង​លំដាប់​ជួរមុខ ហើយ​ខាង​ផ្នែក​ពាណិជ្ជកម្ម​តែង​តែ​សួរ​រក វង្ស ណយ ឲ្យ​ឡើង​សង្វៀន​ជារឿយ ៗ»។

តាម​គណៈកម្មការ​ផ្គូផ្គង​បាន​ឲ្យ​ដឹងថា កីឡាករ​ថៃ Phat Many មាន​កម្ពស់ ១,៧០ ម៉ែត្រ​ហើយ​មាន​បទពិសោធ​ឡើង​ប្រកួត​តិច​ជាង វង្ស ណយ ចំនួន ១០៣ ដង គឺ​គេ​ធ្លាប់​ប្រកួត​បាន​ត្រឹម ៨៥ ដង ឈ្នះ ៧៣ និង​ចាញ់ ១២ ដង។ ប៉ុន្តែ​លោក ថៃ អ៊ូ ប្រតិភូ​នាំ​កីឡាករ​ថៃ​មក​ប្រកួត ប្រាប់​ថា Phat Many ល្អ​គួរសម អាច​ប្រហែល វង្ស ណយ ព្រោះ​គេ​មាន​កម្លាំង និង​ក្បាច់​ជង្គង់​ល្អ។

ចំណែក លោក ថា​ញ់ វ៉ា​ឡែក គ្រូបង្វឹក​កីឡាករ​ថៃ និយាយថា៖ «សមត្ថភាព​រវាង PhatMany និង វង្ស ណយ គឺមាន​បច្ចេកទេស​វ៉ៃ​ល្អ​ម្យ៉ាង​ម្នាក់ ហើយ​តាមរយៈ​មើល​វីដេអូ ប្រកួត​កន្លង​មក ខ្ញុំ​គិត​ថា វង្ស ណយ អាច​ឈ្នះ​បាន​ក្នុង​ក្បាច់​កែង​ដោយ​ចៃដន្យ​ប៉ុណ្ណោះ ប៉ុន្តែ​បើ Phat Many បិទ​បាន​ល្អ និង​លេង​ក្បាច់​ជង្គង់​នោះ គឺមាន​ប្រៀប​ឈ្នះ វង្ស ណយ ៨០ ភាគរយ។ រីឯ​ការ​មក​ប្រកួត​នៅ​កម្ពុជា ២ ទៅ ៣ លើក​កន្លង​មក Phat Many ឈ្នះ​ទាំង​អស់ មិន​ធ្លាប់​ចាញ់​ទេ»៕