ភ្នំពេញៈ សហព័ន្ធ​កីឡា​វាយកូនគោល​កម្ពុជា​បាន​ប្រកាស​ពី​ភាពជោគជ័យ​នៃ​លទ្ធផល​ដែល​ទទួល​បាន​ពី​ការប្រកួត​កីឡា​វាយកូនគោល «​ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង​» ហើយ​បាន​ចាត់ទុក​ការប្រកួត​ដែល​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​រៀបចំ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង មួយ​នេះ​ថា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ធំ​មួយ​ក្នុង​វិស័យ​កីឡា​វាយកូនគោល​នៅ​កម្ពុជា​។

លោក ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយកូនគោល​កម្ពុជា​បាន​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត​ដែល​យក​មក​ធ្វើ​នៅ​សណ្ឋាគារ​សុខា​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា​៖ «​ការរៀបចំ​ការប្រកួត​កីឡា​វាយ​កូនគោល​ពាន​រង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង នាឱកាស​នេះ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​មាន​តម្លាភាព និង​សុក្រឹតភាព ក្រោម​បរិយាកាស​ប្រកប​ដោយ​ភាពកក់ក្តៅ ស្និទ្ធស្នាល និង​ពោរពេញ​ដោយ​ក្ដី​សោមនស្ស រីករាយ​បំផុត​»​។

លោក​បន្ត​ថា​៖ «​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​វិស័យ​កីឡា​វាយកូនគោល​កម្ពុជា​ដែល​បាន​រៀបចំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​មាន​អត្ថន័យ ខ្លឹមសារ​ដ៏ប្រពៃ​ក្នុង​គោលបំណង​បង្កើន​ស្មារតី​មិត្តភាព សាមគ្គីភាព និង​ភាតរភាព​រវាង​ថ្នាក់ដឹកនាំ​កំពូលៗ​ជាមួយ ឯកឧត្តម លោក​ឧកញ៉ា លោក លោកស្រី ព្រមទាំង​ចូលរួម​ចលនា​ផ្សព្វផ្សាយ​អំពី​កីឡា​ទេសចរណ៍​ដល់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ដែល​មក​ទស្សនា​កម្សាន្ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជាពិសេស​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ខួប​រំឭក​អនុស្សាវរីយ៍​លើក​ទី​ ៧៤ ថ្ងៃ​កំណើត​កងកម្លាំង​នគរបាល​ជាតិ​កម្ពុជា​»​។

តាមរយៈ​ការប្រកួត​ត្រឹម​ ១ ​ថ្ងៃ​នៅ​ទីលាន​វាយកូនគោល ហ្គ្រែនភ្នំពេញ​កាលពី​ថ្ងៃ​អាទិត្យ​នោះ​គឺ​មាន​កីឡាករ កីឡា ការិនី​ជាតិ និង​អន្តរជាតិ​ចូលរួម​ជិត​ ២០០ ​នាក់ ហើយ​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​កម្ពុជា​មួយ​ចំនួន​ក៏​បាន​ចូលរួម​ប្រកួតប្រជែង​ផង​ដែរ ខណៈ​ការប្រកួត​ត្រូវ​បាន​បែងចែក​ជា​ ៣ ​ផ្នែក​គឺ​ការប្រកួត​ជា​ក្រុម​ដែល​មាន​អ្នកចូលរួម​ ៧២ ​នាក់ ប្រកួត​ជា​ឯកត្តជន​មាន​អ្នក​ចូលរួម​ ៨៦ ​នាក់ និង​ការប្រកួត​នារី​មាន​អ្នក​ចូលរួម​ ២១ ​នាក់​។

ជាមួយ​គ្នា​នោះ​គណៈកម្មការ​រៀបចំ​ការប្រកួត​របស់​សហព័ន្ធ​កីឡា​វាយកូនគោល​កម្ពុជា​បាន​ធ្វើការ​បូក​សរុប​ពិន្ទុ​ទៅ​តាម​ផ្នែក​នីមួយៗ​យ៉ាង​ច្បាស់​លាស់ និង​មាន​ការផ្តល់​ពាន និង​ប្រាក់រង្វាន់​ទៅ​ដល់​ម្ចាស់​ជយលាភី​នីមួយៗ​ផងដែរ ហើយ​អ្វី​ដែល​ធ្វើឲ្យ​អ្នកចូលរួម​មាន​ការចាប់​អារម្មណ៍​ខ្លាំង​នោះ​គឺ​ថ្នាក់ដឹកនាំ​ទាំង​ ៣ ​រូប​ដែល​មាន​ងារ​ជា «​សម្តេច​» ក៏​បាន​ឈ្នះ​ពាន​នៅក្នុង​ការប្រកួត​នោះ​ផង​ដែរ​។

តាម​លទ្ធផល​របស់​គណៈកម្មការ​គឺ​សម្តេច​ក្រឡាហោម ស ខេង ព្រម​ទាំង​លោក​ឧកញ៉ា សុខ ហុង និង​លោក​ឧកញ៉ា ឈុន អូន បាន​ឈ្នះ​ពាន​លេខ​ ១ លើ​វិញ្ញាសា​លេង​ជា​ក្រុម ឯ​សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រួម​ជាមួយ​លោក ឥត សារ៉ាត់ លោក អ៊ុក កោសា បាន​លេខ​ ២ ហើយ​សម្តេច​វិបុល​សេនាភក្ដី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ជា សុផារ៉ា និង​លោក អ៊ុក សាវុធ បាន​លេខ​ ៣​។

ជាមួយ​គ្នា​នេះ​សហព័ន្ធ​កីឡា​វាយកូនគោល​កម្ពុជា​ដែល​មាន​លោក ទៀ បាញ់ ជា​ប្រធាន​ក៏​បាន​ចាត់ទុក​ព្រឹត្តិការណ៍​នេះ​ជា​ការរួម​ចំណែក​លើក​កម្ពស់ និង​ធ្វើ​ឲ្យ​វិស័យ​កីឡា​វាយកូនគោល​កម្ពុជា​មាន​ការរីកចម្រើន ដើម្បី​ត្រៀម​ឆ្ពោះ​ទៅ​កាន់​ការប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ នៅ​កម្ពុជា​ផង​ដែរ​។

លោក ជា បូរ៉ា បញ្ជាក់​ថា​៖ «​បច្ចុប្បន្ន​សហព័ន្ធ​កំពុង​រៀបចំ​ខ្លួន​កសាង​សមត្ថភាព និង​គុណផល​កីឡា​ឲ្យ​បាន​ល្អ​រឹងមាំ​ស្រប​តាម​ផែនការ កែទម្រង់ និង​ផែនការ​យុទ្ធសាស្ត្រ ៤ ​ឆ្នាំ រំកិល របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​គឺ​កម្ពុជា​ឆ្ពោះ​ទៅ​រក​គុណផល​កីឡា​កម្រិត​ខ្ពស់​។ ក្នុង​ន័យ​នេះ​ខ្ញុំបាទ​សង្ឃឹម​ជឿជាក់​ថា​នា​ថ្ងៃ​អនាគត​កីឡា​វាយកូនគោល​កម្ពុជា​នឹង​មាន​ការរីកចម្រើន​ឆ្ពោះ​ទៅ​កាន់​ភាពជោគជ័យ​ក្នុង​ការប្រកួត​កីឡា​ស៊ីហ្គេម​ក្នុង​ឆ្នាំ​ ២០២៣ ខាង​មុខ​»៕