ភ្នំពេញ៖ ​ការ​ប្រកួត​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ជ្រើសរើស​ជើងឯក​ ប្រចាំ​ឆ្នាំ ២០១៩ ដែល​លើក​យក​មក​ធ្វើ នៅ​ឆ្នាំ ​២០២០ ហើយ​បាន​បញ្ចប់​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​កន្លង​មក​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​នូវ​បរិមាណ​កីឡាករ កីឡាការិនី ដែល​បាន​ចូលរួម​​ប្រកួត ប៉ុន្តែ​​ម្ចាស់​​ជយលាភី ពី​ការ​ប្រកួត​លើក​នេះ ​បែរ​ជា​ទទួល​បាន​នៅ​ភាព​សប្បាយ​រីករាយ ជាមួយ​នឹង​​​ប្រាក់​រង្វាន់​ដែល​មាន​ការ​កើន​ឡើង​ជាង​ការ​ប្រកួត​មុន។

លោក ស៊ុន សុទ្ធារិទ្ធ ដែល​ទើប​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ធ្វើ​ជា​អគ្គលេខាធិការ​សហព័ន្ធ​​កីឡា​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា​ជា​ថ្មី ក្រោយ​ពី​លោក​បាន​លា​ឈប់​អស់​រយៈពេល​ជាង ​៤ ​ឆ្នាំ​នោះ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ពុធ​ថា៖ ​«​ការ​រៀបចំ​នូវ​រចនា​សម្ព័ន្ធ​ថ្មី​នេះ វា​ល្អ​ហើយ ប៉ុន្តែ​ចំនួន​អត្តពលិក​ចូលរួម​នៅ​មាន​ភាព​ខ្សត់​ខ្សោយ ជាង​ពេល​ដែល​ខ្ញុំ​នៅ​កាន់​ជា​អគ្គលេខាធិការ​កន្លង​មក ហេតុ​នេះ​យើង​នឹង​ខិតខំ​បំផុស ​ដើម្បី​ឲ្យ​បរិមាណ​ចូលរួម​លើ​ប្រភេទ​កីឡា​នេះ​មាន​ការ​កើន​ឡើង​វិញ»។

បើ​តាម​របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​កីឡា​វាយ​​កូន​ឃ្លី​លើ​តុ​ជ្រើសរើស​ជើងឯក​​ឆ្នាំ ​២០១៩ មាន​អត្តពលិក​ចូលរួម​ត្រឹម ​៧៩ ​នាក់ ដោយ​​ក្នុង​នោះ ការ​ប្រកួត​ក្របខ័ណ្ឌ​ក ១ មាន​កីឡាករ ​៥៦ ​នាក់ ហើយ​ក្របខ័ណ្ឌ​ក ២ មាន​អត្តពលិក​ ​២៣ ​នាក់ (​ស្រី​ ១៤ ​នាក់)។

ជាមួយ​គ្នា​នេះ តាមរយៈ​ការ​ប្រកួត​​ចំនួន ​៦ ​ថ្ងៃ នៅ​សាល​ដំបូល​ទូក នៃ​ពហុកីឡដ្ឋានជាតិ ដែល​បាន​បញ្ចប់​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​នោះ ក្រុម​អត្តពលិក​ទាំង ​៥ ​នាក់ ​មក​ពី​ក្លិប​ក្រសួង​មហាផ្ទៃ បាន​ឈ្នះ​មេដាយ​មាស​​ទាំង​ការ​ប្រកួត​ជា​ក្រុម វាយគូ និង​ឯកត្តជន នៃ​ក្របខ័ណ្ឌ​ក ១ ហើយ​ពួក​គេ ក៏​ដណ្តើម​បាន​មេដាយ​ប្រាក់ ​២ និង​សំរឹទ្ធ​ចំនួន ​២ ទៀត​ផង​ដែរ ដោយ​ក្នុង​នោះ​កីឡាករ សឺង តុលា ឈ្នះ​បាន​មេ​ដាយមាស ​៣ តែ​ម្នាក់​ឯង ឯ ឡាយ ភក្តី បាន​មាស ​២ ណៃ សារ៉ាវ័យ បាន​មាស ​១ មេដាយ​ប្រាក់​ ​២ កីឡាករ សារៈ ស៊ូព្រីង បាន​មាស ​១ ប្រាក់ ​១ សំរឹទ្ធ ​១ ហើយ ប៊ុន វិសាល បាន​មាស​ ​១ និង​សំរឹទ្ធ ​១។

ការ​ឈ្នះ​បាន​មេដាយ​មាស ​៣ ប្រាក់ ​២ និងសំរឹទ្ធ ​២​ នេះ បាន​ជួយ​ឲ្យ​ក្រុម​ក្រសួង​មហាផ្ទៃ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ​១ ក្នុង​នាម​ជា​អ្នក​ឈ្នះ​បាន​មេដាយ​មាស​ច្រើន​ជាង​គេ ក្នុង​ការ​ប្រកួត​កីឡា​វាយ​កូន​ឃ្លីលើ​តុ​ថ្នាក់​ជាតិ​លើក​នេះ ខណៈ​ក្រុម​អត្តពលិក All Star ​បាន​ឈរ​លេខ ​២ ដោយ​ដណ្តើម​បាន​មេដាយ​មាស ​២ ប្រាក់ ​២ និង​សំរឹទ្ធ ​៣ ពី​​ការ​ប្រកួត​ទាំង ​៣ ​វិញ្ញាសា លើ​​ក្របខ័ណ្ឌ​ក ​២ ​មាន​ឯកត្តជន​យុវជន ឯកត្តជន​យុវនារី និង​ប្រកួត​គូ​យុវជន។

ចំណែក​ក្រុម​អត្តពលិក​របស់​​ក្រុម​ខេត្ត​កំពត​បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ​៣ ដោយ​ដណ្តើម​បាន​មេដាយ​មាស ​១ ប្រាក់ ១ ហើយ​ក្លិប​សាន់នី​ព្រីងធីង​សឺវីស ដណ្តើម​បាន​មេដាយ​​​ប្រាក់ ​១ តាម​ពី​ក្រោយ​​ក្លិប​អន្តរជាតិ​អាមេរិកកាំង ដែល​បាន​មេដាយ​សំរឹទ្ធ ​២ ហើយ​ក្លិប​ក្រុមហ៊ុន​ទេសចរណ៍​កម្ពុជា, ​រដ្ឋសភាសែន​ជ័យ, ដើមមៀន, សន្ធរមុខថ្មី និង​ក្លិប​ក្រុមហ៊ុន​អេលីហ្សាមហាលាភ ដណ្តើម​បាន​មេដាយ​សំរឹទ្ធ ​១ ​ដូច​គ្នា ប៉ុន្តែ​ក្លិប​ខេត្ត​ព្រះសីហនុ ក្លិប​ City Sport ក្លិប​ក្រុមហ៊ុន​អិនធិស្ពែត និង​ក្លិប​មិត្ត​សំឡាញ់ មិន​ដណ្តើម​បាន​មេដាយ​ទេ។

ជុំវិញ​ស្ថានភាព​ទូទៅ​នៅ​ក្នុង​ពិធី​បំពាក់​មេដាយ និង​ផ្តល់​ប្រាក់​រង្វាន់ លោក​ ស៊ុន សុទ្ធារិទ្ធ ​បន្ថែម​ថា៖ ​«​កីឡាករ កីឡាការិនី​របស់​យើង មាន​ការ​សប្បាយ​ចិត្ត ដោយសារ​ទើប​ទទួល​បាន​ប្រធាន​សហព័ន្ធ​ថ្មី គឺ​​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដែល​​មាន​ការ​​ដឹកនាំ​គួរ​ឲ្យ​សរសើរ និង​​មាន​ការ​ឧបត្ថម្ភ​ច្រើន ហើយ​ឯកឧត្តម​​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន ​១ ពាន់​ដុល្លារ ដើម្បី​ផ្តល់​ជា​ប្រាក់​រង្វាន់ បន្ថែម​ទៅ​លើ​ថវិការ​របស់​ក្រសួង​អប់រំ អ៊ីចឹង​ហើយ​គ្រាន់​តែ សឺង តុលា ម្នាក់​ឯង​បាន​ទទួល​ប្រាក់​រង្វាន់​សរុប​ជាង ​៦ ​លាន​រៀល»៕