ភ្នំពេញ៖​ ក្រុម​សម្បូរ​ធនធាន​ វិសាខា និង​បឹងកេត ត្រូវ​ប្រឈម​មុខ​គ្នា​នៅ​លើ​វាល​ស្មៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ប្រជែង​គ្នា​យក ​៣ ពិន្ទុ ចំណែក​​ក្រុម​ណាហ្គាវើល ហាក់​មាន​កង្វល់​ចំពោះ​​ការ​ស្វាគមន៍​ក្រុម​នគរបាលជាតិ (ប៉ូលិស) ក្នុង​​ការ​ប្រកួត​បើក​ឆាក​របស់​ខ្លួន​នៃ​ក្របខ័ណ្ឌ​លីក​កំពូល​កម្ពុជា ឆ្នាំ ​២០២០ ខណៈ​ក្រុម​ម្ចាស់​ជើង​ឯក ព្រះខ័នរាជ​ស្វាយរៀង ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​គិរីវង់​សុខសែនជ័យ នៅ​ខេត្ត​តាកែវ។ ​

ការ​វិល​មក​ជួប​គ្នា​របស់​ក្រុម​វិសាខា និង​បឹង​កេត​លើក​នេះ វា​បាន​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ធំ និង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​ក្រុម​ទាំង ​២ សម្បូរ​ធនធាន​កីឡាករ និង​មាន​គុណភាព​លេង​ល្អ​ដូច​គ្នា ហើយ​អ្វី​ដែល​សំខាន់​នោះ ទាំង​ថ្នាក់​ដឹកនាំ ​វិសាខា និង​បឹងកេត សុទ្ធ​តែ​បាន​ដាក់​គោលដៅ​ខ្ពស់​ដូច​គ្នា គឺ​ការ​ប្រជែង​យក​ពាន​នៅ​រដូវកាល​នេះ។

យ៉ាង​ណា​ក៏​ដោយ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​កាល​ពី​សប្តាហ៍​មុន វិសាខា ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ​ជាង​ក្រុម​បឹងកេត ដោយ​ពួក​គេ​បាន​ឈ្នះ​ក្រុម​ប៉ូលិស ២-១ ចំណែក​បឹងកេត​បាន​ស្មើ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ អង្គរថាយហ្គឺរ ១-១ ប៉ុន្តែ​ជំនួប​លើក​នេះ បឹងកេត អាច​មាន​តែម​ជាង​ វិសាខា បន្តិច ដោយសារ​ជា​ទឹក​ដី​របស់​ពួក​គេ ខណៈ​​ជំនួប ២ ​លើក​ចុង​ក្រោយ កាល​ពី​ឆ្នាំ ​២០១៩ វិសាខា បាន​ឈ្នះ​​បឹងកេត ៣-២ ក្នុង​ទឹក​ដី និង​ស្មើ ១-១ នៅ​ក្រៅ​ទឹកដី។

យ៉ាង​ណា​មិញ ក្រុម​ណាហ្គាវើល ដែល​បាន​យក​កីឡដ្ឋាន AEU Sport Park ធ្វើ​ជា​ទឹក​ដី​នោះ ហាក់​នៅ​មាន​​កង្វល់​សម្រាប់​ការ​ស្វាគមន៍​ក្រុម​ប៉ូលិស។ បើ​ទោះ​បីជា ប៉ូលិស ទើប​បាន​ចាញ់​ក្រុម​វិសាខា ប៉ុន្តែ​លោក មាស ចាន់ណា ថា ប៉ូលិស​មាន​ទម្រង់​លេង​ល្អ​ជាង​មុន។

គ្រូ​បង្គោល​ក្រុម​ណាហ្គាវើល លោក មាស ចាន់ណា បាន​ប្រាប់​កាល​ពី​ម្សិលមិញ​ថា៖ ​«​ការ​រៀបចំ​របស់​យើង​នៅ​រដូវកាល​នេះ វា​មិន​ជា​ល្អ​ជាង​គេ​ប៉ុន្មាន​ទេ ហើយ​​ក៏​មិន​អន់​ជាង​គេ​​ដែរ ដោយសារ​យើង​ត្រៀម​តែ​នៅ​ក្នុង​ស្រុក គឺ​មិន​បាន​ទៅ​ក្រៅ​ស្រុក ដូច​​ក្រុម​គេ​មួយ​ចំនួន។ ចំណែក​ការ​ជួប​ក្រុម​នគរ​បាលជាតិ​នៅ​ថ្ងៃ​សៅរ៍​នេះ ខ្ញុំ​មាន​ការ​បារម្ភ​ដែរ ដោយសារ​​លេង​នៅ​ម៉ោង ​៣ កន្លះ ដែល​ពិបាក​លេង​មែន​ទែន ព្រោះ​ក្តៅ ហើយ​ម្យ៉ាង​ទៀត​នៅ​​ពេល​នេះ ក្រុម​នគរបាលជាតិ​កំពុង​តែ​លេង​បាន​ល្អ»។

ចំណែក​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង ដែល​ទើប​បាន​លត់​​ក្រុមសូលទីឡូ​អង្គរ ៥-១ ក្នុង​ទឹក​ដី​ខ្លួន​ឯង ដើម្បី​ឈរ​នៅ​លើ​កំពូល​តារាង​នោះ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម​គិរីវង់​សុខសែន ដែល​ទើប​ចាញ់​ក្រុម​អាស៊ី​អឺរ៉ុប ១-០ ហើយ​ការ​ប្រកួត​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ស្វាយរៀង​មាន​ភាគរយ​ច្រើន​ជាង ក្នុង​ការ​ឈ្នះ​បាន ​៣ ពិន្ទុ ព្រោះ​ក្រុម​ម្ចាស់​ជើង​ឯក​មួយ​នេះ មាន​ទម្រង់​លេង​កាន់​តែ​ល្អ។

ចំណែក​ក្រុម​ភ្នំពេញ​ក្រោន ក៏​មាន​ភាគរយ​ច្រើន​ក្នុង​ការ​រក​បាន ​៣ ពិន្ទុ​បន្ថែម​ផង​ដែរ ខណៈ​​ពួក​គេ​ត្រូវ​វិល​ទៅ​ជួប​ក្រុម​សាលា​បាល់​ទាត់ជាតិ​បាទី​អាយុ​ក្រោម ​១៨ ​ឆ្នាំ ពី​ព្រោះ​ក្រុម​នេះ ក៏​ប្រើ​កីឡាករ​ខ្មែរ​សុទ្ធ ដូច​ក្រុម​អគ្គិសនី​កម្ពុជា ដែល​ពួក​គេ​ទើប​យក​ឈ្នះ ៣-០ ផង​ដែរ។ រីឯ​​ក្រុម​ក្រសួង​ការពារជាតិ (ទ័ព) ត្រូវ​ស្វាគមន៍​ក្រុម​មាន ​៣ ពិន្ទុ អាស៊ី​អឺរ៉ុប នៅ​លើ​ទឹក​ដី​ខ្លួន​ឯង ហើយ​ជំនួប​នេះ វា​ពិត​ជា​សំខាន់​ចំពោះ​ទ័ព ក្នុង​ការ​ស្រោច​ស្រង់​ភាព​ហ្មងសៅ​របស់​ខ្លួន​ចំពោះ​ការ​ស្មើ ០-០ ជាមួយ​ក្រុម​បាល់ទាត់​បាទី​ដ៏​គួរ​ឲ្យ​ឈឺ​ចាប់​កាល​ពី​សប្តាហ៍​មុន៕

កម្ម​វិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-ណាហ្គាវើល v នគរបាលជាតិ កីឡដ្ឋាន AEU ៣:៣០

-បឹងកេត v វិសាខា កីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉េ ៣:៣០

-គិរីវង់ v ស្វាយរៀង កីឡដ្ឋាន​គិរីវង់ ៣:៣០

៣ ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ

-ទ័ព v អាស៊ី​អឺរ៉ុប កីឡដ្ឋាន​ AEU ម៉ោង ៣:៣០

-បាល់ទាត់​ជាតិ​បាទី v ភ្នំពេញ​ក្រោន នៅ​បាទី ៣:៣០

-សូលទីឡូ​អង្គរ v អង្គរ​ថាយហ្គឺរ កីឡដ្ឋាន SRU ៣:៣០