ភ្នំពេញៈ ក្រុម​វិសាខា មិន​ហ៊ាន​មើលរំលង ពី​សមត្ថភាព​លេង​របស់​ក្រុម​ភ្នំពេញ​ក្រោន​នោះ​ទេ បើ​ទោះបី​ជា​ក្រុម​ទើប​រៀបចំ​ទម្រង់​លេង​ថ្មី​មួយ​នេះ ទើប​ចាញ់​ក្រុម​ក្រសួង​ការពារ​ជាតិ (ទ័ព) រហូត​ដល់ ៥-១ កាល​ពី​សប្តាហ៍​មុន​ក៏ដោយ។ រីឯ​ក្រុម​បឹងកេត និង​ណាហ្គាវើល ក៏ត្រូវ​បន្ត​ប្រជែង​រក ៣ ពិន្ទុ ដើម្បី​ដណ្តើម​គ្នា​យក​តំបន់​កំពូល​តារាង ក្នុង​ការ​ប្រកួត​ជើង​ទី ២ លីក​កំពូល​កម្ពុជា ឆ្នាំ ២០១៨ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ចុង​សប្តាហ៍​នេះ​ផង​ដែរ។

ក្រុម​វិសាខា និង​ភ្នំពេញ​ក្រោ​ន ធ្លាប់បាន​ស្មើគ្នា ០-០ ក្នុងការ​ប្រកួត​ជើង​ទី ១ ប៉ុន្តែ​សម្រាប់​ការប្រកួត​ជើង​ទី ២ ចំនួន ២ លើក​កន្លង​មក​នេះ វិសាខា ទទួល​បាន​លទ្ធផល​ជាង​ក្រុម​ភ្នំពេញ​ក្រោន ព្រោះ​វិសាខា បាន​លត់​ក្រុម​អគ្គិសនី​កម្ពុជា ៤-០ និង​បន្ត​ឈ្នះ​ក្រុម​អង្គរ​ថាយហ្គឺរ ៤-១ កាល​ពី​សប្តាហ៍​មុន ឯ​ភ្នំពេញ​ក្រោន បាន​ឈ្នះ​ក្រុម​សូលទីឡូ​អង្គរ ២-១ ទាំង​លំបាក តែ​បាន​មក​ចាញ់​ក្រុម​ទ័ព រហូត​ដល់ ៥-១។

យ៉ាងណាក៏ដោយ លោក ហុក សុ​ជីវ័ន គ្រូបង្វឹក​ក្រុម​វិសាខា បាន​មើលឃើញថា ការវិល​មកជួប​ក្រុម​ភ្នំពេញ​ក្រោន លើក​នេះ កូន​ក្រុម​របស់​លោក បាន​ជួប​បញ្ហា​រឿង​កម្លាំង ព្រោះ​ពួកគេ​ទើប​វិល​មក​ពី​ប្រកួត​ពាន​ហ៊ុន សែន ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ម្សិលមិញ ហើយ​លោក​មិន​អាច​យក​ការ​ចាញ់​របស់​ភ្នំពេញ​ក្រោន ពី​សប្តាហ៍​មុន​មក​ប្រៀប​ធៀប​នឹង​ការ​ប្រកួត​នេះទេ។

លោក សុ​ជីវ័ន បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា៖ «ការធ្វើដំណើរ​មក​ប្រកួត​នៅ​ខេត្ត ក្នុង​ពាន​សម្តេច​ហ៊ុន សែន ធ្វើ​ឲ្យ​យើង​ជួប​ការ​លំបាក​លើ​ការ​រៀបចំ​ការ​ហ្វឹកហាត់ គឺ​ខុស​ពី​ភ្នំពេញ​ក្រោន ដែល​គេ​មាន​ភាព​ងាយ​ស្រួល​ជាង​យើង ដោយសារ​គេ​ប្រកួត​នៅ​ភ្នំពេញ អ៊ីចឹង​កូន​ក្រុម​របស់​យើង អាច​ប៉ះពាល់​ដល់​កម្លាំង​បន្តិច​បន្តួច​ផង​ដែរ»។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមថា៖ «ទោះបីជា​យ៉ាងណា ក៏​ធ្វើ​អ្វីមួយ យើង​ត្រូវតែ​មាន​សង្ឃឹម ហើយ​យើង​នឹង​ប្រឹង​ប្រែង​ធ្វើ​អ្វីមួយ​ដែល​ល្អ​សម្រាប់​ក្រុម ប៉ុន្តែ​យើង​មិន​អាច​វាយ​តម្លៃ​ថា ក្រុម​ភ្នំពេញ​ក្រោន លេង​អន់​ជាង​មុន ដោយសារ​ចាញ់​ក្រុម​ទ័ព ៥-១ នោះ​ដែរ ព្រោះ​ពី ១ ប្រកួត​ទៅ ១ ប្រកួត វា​តែង​មាន ការ​ផ្លាស់ប្តូរ អ៊ីចឹង​យើង​ត្រូវ​តែ​មាន ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់»។

ចំណែក​ក្រុម​បឹងកេត ត្រូវ​វិល​ទៅ​ជួប​ក្រុមប៉ូលិស ដែល​ពួកគេ​ធ្លាប់​ឈ្នះ ៥-១ ឯ​ណាហ្គាវើល ប៉ះ​ក្រុម​អង្គរថាយហ្គឺរ ដែល​ពួកគេ​បាន​ឈ្នះ ៣-០ កាល​ពី​ជើង​ទី ១។ បើ​មើល​ទៅ​លើ​សម្ទុះ​នៃ​ការ​លេង​របស់​បឹងកេត និង​ណាហ្គា​ក្នុង​ជើង​ទី ២ នេះ គឺ​ក្រុម​ទាំង ២ នេះ​មាន​ភាគរយ​ខ្ពស់ ក្នុង​ការ​ទទួល​បាន ៣ ពិន្ទុ​បន្ថែម ព្រោះ​កម្រិត​លេង​របស់​ក្រុម​ប៉ូលិស និង​អង្គរ​ថាយហ្គឺរ ក្នុង​ជើង​ទី ២ នេះ ហាក់​មាន​ការ​ធ្លាក់​ចុះ​ជាង​ជើង​ទី ១ ព្រោះ​កាល​ពី​សប្តាហ៍​មុន ប៉ូលិស បាន​ចាញ់​ក្រុម​ស្វាយរៀង ៤-០ ខណៈ​អង្គរ​ថាយហ្គឺរ ចាញ់​វិសាខា ៤-១។

ជាមួយគ្នានេះ​ក្រុម​ទ័ព និង​អាស៊ី​អឺរ៉ុប ដែល​ទើប​ជួបគ្នា​ក្នុង​ពានរង្វាន់​សម្តេច​ហ៊ុន សែន ក្នុង​វគ្គ ១៦ ក្រុម ដោយ​ទ័ព បាន​យក​ឈ្នះ ៣-១ នោះ ត្រូវ​វិល​មក​ជួប​គ្នា ក្នុង​លីក​កំពូល ចុង​សប្តាហ៍​នេះ​ដែរ ខណៈ​ជំនួប​ជើង​ទី ១ ទ័ព​បាន​យក​ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ២-១។ រីឯ​ក្រុម​ស្វាយរៀង ត្រូវ​ប៉ះ​ក្រុម​អគ្គិសនី​កម្ពុជា ដែល​ពួកគេ​ធ្លាប់​ឈ្នះ ៥-១ ហើយ​វេស្ទើន ត្រូវ​ប្រឈម​នឹង​ក្រុម​សូលទីឡូ​អង្គរ ដែល​ពួកគេ​បាន​ចាញ់ ៤-១ កាល​ពី​ជើង​ទី ១៕

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-ទ័ព v អាស៊ី​អឺរ៉ុប កីឡដ្ឋាន​ស្តា​ត​ចាស់ ម៉ោង ៦:០០ ល្ងាច

-ប៉ូលិស v បឹងកេត ពហុ​កីឡដ្ឋាន​ជាតិ ម៉ោង ៦:០០ ល្ងាច

-សូល​ទី​ឡូ​អង្គរ v វេ​ស្ទើ​ន កីឡដ្ឋាន​ខេត្តសៀមរាប ម៉ោង ៣:៣០រសៀល

៣ ប្រកួត​នៅ​ថ្ងៃអាទិត្យ

-អង្គ​រថា​យ​ហ្គឺ​រ v ណាហ្គា​វើ​ល កីឡដ្ឋាន ខេត្តសៀមរាប ម៉ោង ៣:៣០ រសៀល

-អគ្គិសនី​កម្ពុជា v ស្វាយរៀង កីឡដ្ឋាន EDC ម៉ោង ៣:០០ រសៀល

-ភ្នំពេញ​ក្រោ​ន v វិសាខា កីឡដ្ឋាន RSN ម៉ោង ៦:០០ ល្ងាច